24.6 C
Phnom Penh

សហជីព​ឯករាជ្យ​បង្កើន​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​២០៧​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សហជីព​ឯករាជ្យ​និយាយ​ថា ពួកគេ​នឹង​ជំរុញ​ឲ្យ​បាន​ប្រាក់​ខែ​អប្បបរមា​ថ្មី​២០៧​ដុល្លារ​សម្រាប់​កម្មករ​កាត់ដេរ នៅ​ពេល​ការ​ចរចា​បី​ភាគី​ជាមួយ​រដ្ឋាភិបាល​និង​រោងចក្រ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះ។

ចំនួន​នេះ​បាន​មក​ពី​ការ​សិក្សា​ឯករាជ្យ ដែល​ក្រុម​សិទ្ធិ​ការងារ​បាន​ស្នើ​កាលពី​ខែ​មុន​ដើម្បី​សិក្សា​អំពី​ចំនួន​ប្រាក់​ប៉ុន្មាន​ដែល​កម្មករ​កាត់ដេរ​៧០០.០០០​នាក់​របស់​ប្រទេស​នេះ​ចំណាយ ដើម្បី​ជួយ​សហជីព​សម្រេច​ថា​ត្រូវ​ស្នើ​សុំ​ថែម​ចំនួន​ប៉ុន្មាន​ទៅ​នឹង​ប្រាក់​ខែ​អប្បបរមា​១២៨​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។ កាលពី​ថ្ងៃ​សុក្រ ក្រុម​ស្រាវជ្រាវ ឌីស៊ី បាន​យក​តួលេខ​មធ្យម​ពី​ដំបូង​មក​ប្រើ ជា​ចំនួន​មធ្យម​ក្នុង​ចំណោម​កម្មករ​៧៤៥​នាក់ ដែល​ខ្លួន​បាន​សិក្សា គឺ​២០៧,៥០​ដុល្លារ។

លោក វីល្លៀម ខុនលីន នាយក​ប្រចាំ​ប្រទេស​នៃ​មណ្ឌល​សាមគ្គីភាព​មាន​មូលដ្ឋាន​នៅ​អាមេរិក ដែល​ជួយ​គាំទ្រ​ការ​សិក្សា​នេះ បាន​និយាយ​ថា ២០៧,៥០​ដុល្លារ​មិន​មែន​ជា​តួលេខ​ចាំបាច់​ដែល​សហជីព​ទាំងអស់ ដែល​ខ្លះ​មាន​សម្ពន្ធភាព​ជាមួយ​រដ្ឋាភិបាល នឹង​ត្រូវតែ​យល់​ព្រម​ដាក់​ក្នុង​ការ​ចរចា​នៅ​ពេល​ខាង​មុខ​នោះ​ទេ។ ការ​ចរចា​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ​នេះ​ហើយ។

លោក​បាន​និយាយ​ថា “ពីរ​រយ​និង​ប្រាំពីរ​ដុល្លារ​ជា​ចំនួន​កណ្តាល​ដែល​ផ្អែក​លើ​អ្វី​ដែល​កម្មករ​បាន​និយាយ​ថា ពួកគេ​ត្រូវ​ចំណាយ​ក្នុង​មួយ​ខែ” ក្នុង​នោះ​មាន​ទាំង​ប្រាក់​ដែល​ពួកគេ​ត្រូវការ​ចំណាយ​ក្នុង​ការ​រស់​នៅ និង​អ្វី​ដែល​ពួកគេ​បញ្ជូន​ទៅ​ស្រុក​ដើម្បី​ជួយ​គ្រួសារ​របស់​ខ្លួន​ផង។

លោក​បាន​បន្ថែម​អំពី​សហជីព​ថា “ពួកគេ​នឹង​គិតគូរ ថា​តើ​គេ​ចង់​ប្រើ​វា​បែប​ណា”។

ក្រុម​ស្រាវជ្រាវ ឌីស៊ី នឹង​មិន​អះអាង​បញ្ជាក់ ឬ​បដិសេធ​តួលេខ​នេះ​ទេ ប៉ុន្តែ​មាន​ផែនការ​នឹង​ចេញ​លទ្ធផល​រក​ឃើញ​ទាំងស្រុង​នៃ​ការ​សិក្សា​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ។ គេ​រំពឹង​ថា ការ​សិក្សា​នេះ​នឹង​បញ្ចូល​ព័ត៌មាន​ពិស្តារ​អំពី​របៀប​ដែល​កម្មករ​កាត់ដេរ​រក​ប្រាក់​បាន ឧទាហរណ៍ តើ​ចំនួន​ប៉ុន្មាន​បាន​មក​ពី​ប្រាក់​ខែ​គោល​របស់​ខ្លួន ធៀប​នឹង​ប្រាក់​ធ្វើការ​លើស​ម៉ោង​និង​ប្រាក់​បន្ថែម​ផ្សេងៗ។

លោក ខុនលីន បាន​និយាយថា “រូបភាព​ទាំងមូល​មិនទាន់​បានលេចឡើង​នៅឡើយ”។ លោក​បាន​បន្ថែម​ថា យ៉ាង​ហោចណាស់​សហជីព​មួយចំនួន​អាច​ប្រើ​លទ្ធផល​នេះ​ដើម្បី​គាំទ្រ​ប្រាក់ខែ​គោល​១៧៧ដុល្លារ​ ដែលពួកគេ​បាន​ជំរុញ​ចង់បាន​កាលពី​ឆ្នាំមុន​។

លោក អាត់ ធន់ ដែល​ដឹក​នាំ​សហជីព​ឯករាជ្យ​ធំ​បំផុត​ក្នុង​ប្រទេស​នេះ​ បាន​និយាយ​ថា លោក​និង​មេដឹកនាំ​សហជីព​ដែល​មាន​ចិត្ត​គំនិត​ដូចគ្នា​មួយ​ចំនួន​បាន​សម្រេច​រួច​ហើយ​យក​២០៧,៥០​ដុល្លារ​ជាជំហរ​ចាប់ផ្តើម​របស់​ខ្លួន។

លោក​បាន​និយាយ​ថា “យើង​នឹង​ប្រើ​តួលេខ​នេះ​ដើម្បី​ចរចា​ជាមួយ​រោងចក្រ​ ពីព្រោះ​យើង​មិន​អាច​ប្រើ​តួលេខ​ណាមួយ​ដោយ​គ្មាន​មូលដ្ឋាន​ទេ។ តួលេខ​នេះ​ជា​ថ្លៃ​ទ្រទ្រង់​ការ​រស់នៅ​មូលដ្ឋាន ប្រសិន​បើ​យើង​ចង់​ឲ្យ​កម្មករ​រស់​នៅ​មាន​សេចក្តី​ថ្លៃ​ថ្នូរ វា​នឹង​កាន់តែ​ខ្ពស់​ជាង​នេះ”។

លោកស្រី យ៉ាង សោភ័ណ ជា​មេដឹកនាំ​សហជីព​បាន​និយាយ​ថា លោកស្រី​ក៏​គាំទ្រ​តួលេខ​នេះ​ដែរ ហើយ​ថា រហូត​មក​ដល់ពេល​នេះ ប្រហែល​ប្រាំពីរ​សហជីព​បាន​យល់​ព្រម​ជំរុញ​ឲ្យ​បាន​២០៧,៥០​ដុល្លារ។

ក្រុម​សហជីព មាន​ទាំង​សហជីព​ដែល​គាំទ្រ​ជម្រើស​ប្រាក់​ខែ​តិច​របស់​រដ្ឋាភិបាល​ផង នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ ក្នុង​ក្តី​សង្ឃឹម​ថា នឹង​រកឃើញ​តួលេខ​មួយ ដែល​ពួកគេ​ទាំងអស់​អាច​ព្រមព្រៀង​គ្នា។

លោក ធន់ បាន​និយាយ​ថា លោក​ជឿ​ថា ពួកគេ​នឹង​មិន​អាច​ឈាន​ដល់​មតិ​រួម​ទេ ហើយ​សហជីព​ឯករាជ្យ​អាច​ផ្តើម​ជាមួយ​ការ​ទាមទារ​របស់​ខ្លួន​២០៧,៥០​ដុល្លារ ទោះជា​មិន​បាន​ជោគជ័យ​ក៏ដោយ។ ប៉ុន្តែ លោក​បាន​ទទួល​ស្គាល់​ថា ការ​ទាមទារ​របស់​ពួកគេ​ទំនង​ជា​សម​ល្មម នៅ​ពេល​ដែល​ការ​ចរចា​ជាមួយ​រោងចក្រ​បន្ត​ទៀត។

លោក​បាន​និយាយ​ថា “ចំនួន​នេះ​គឺ​សម្រាប់​ការ​ចរចា វា​មិន​មែន​ជា​ចំនួន​ចុង​ក្រោយ​ទេ។ ការចរចា​នឹង​ផ្អែកលើ​ការពិត”។

ក្រសួង​ការងារ ដែល​កំពុង​សម្របសម្រួល​ការ​ចរចា​នេះ មាន​ផែនការ​នឹង​សម្រេច​យក​ប្រាក់ខែ​អប្បបរមា​ថ្មី​នៅ​ខែ​តុលា៕ និត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស