28 C
Phnom Penh

មនុស្ស​​​បួន​​​នាក់​​​ស្លាប់​​​ និង​​​ប្រាំនាក់​​​​​​រង​​​របួស​​​ក្នុង​​​ករណី​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​បុក​​​បន្ត​​​កន្ទុយ​​​គ្នា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មនុស្ស​​​បួន​​​នាក់​​​បាន​​​ស្លាប់ និង​​​ប្រាំ​​​នាក់​​​ទៀត​​​រង​​​​​របួស​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​​​​ជ័យ​​​រាជធានី​​​ភ្នំពេញ​​​ ​​កាល​​​ពី​​​ថ្ងៃអាទិត្យ បន្ទាប់​​​ពីមាន​​​​​​គ្រោះ​​​ថ្នាក់​​​ចរា​ចរណ៍​​​តូច​​​តាច​​​មួយ​​​​រវាង​​​ម៉ូតូ​​​ពីរ​​​គ្រឿង​​​ ដែល​​​បាន​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​បុក​​​តគ្នា​​​​​បន្ត​​​បន្ទាប់​​​​​​ទៀត​​​រវាងរថ​យន្ត​​​កុង​​​តឺន័រ រថយន្ត​​​មួយ​បាំង​កន្លះ​​​ និង​​​រថ​យន្ត​​​ទំនើប​មួយ​គ្រឿង​។

យោង​​​តាម​​​លោក សេង ចាន់​​​ថុន នាយ​​​​​​នគរបាល​ចរាចររាជ​​​ធានី​​​ផ្នែក​វាស់​វែង​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​​​​កើត​​​ឡើង​​​នៅ​​​ពេល​​​ម៉ូតូ​​​ពីរ​​​គ្រឿង​​​​​ដែល​​​បើក​​​បរ​​​បញ្ច្រាស​​​ទិស​​​គ្នា​​​បាន​​​បុក​​​គ្នា​​​នៅ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤​​​ ក្បែរ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម  ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៦​​​និង​​​៣០​​​នាទី​​​ល្ងាច​​​បណ្តាល​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​ពីរ​​​នាក់​​​រង​​​របួស​​​ស្រាល​​​។

លោក​​​ ចាន់​​​ថុន ​​​មាន​​​ប្រសាសន៍​​​ថា ​”ពីរ​​​​​បី​​​នាទី​​​បន្ទាប់​​​ពី​​​ម៉ូតូ​​​ទាំង​​​ពីរ​​​បាន​​​បុក​​​គ្នា​​​ រថយន្ត​​​ កុង​​​តឺន័រ​​​មួយ​​​គ្រឿង​​​​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​យ៉ាង​​​លឿន​​​ បាន​​​វាក់​​​អឺ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នៅ​​​ខាង​​​មុខ​​​។ រថយន្ត​​​នេះ​​​បាន​​​បួង​​​ចង្កូត​​​ចូល​​​ទៅ​​គន្លង​​​​ផ្លូវ​​​របស់​​​រថយន្ត​​​តូយូ៉តា​​​ RAV4 “​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “រថយន្ត​​​កុង​​​តឺន័រ​​​នេះ​​​បាន​​​ព្យាយាម​​​បើក​​​គេច​​​កុំ​​​ឲ្យ​​​ប៉ះ​​​ម៉ូតូ​​​ដែល​​​បុក​​​គ្នា​​​នោះ​​​ ដោយ​​​បើក​​​ចូល​​​ក្នុង​​​គន្លង​​​​ផ្លូវ​​​​​ម្ខាង​​​ទៀត។​​​ខណៈ​​​ដែល​​​រថយន្ត​​​កុង​​​តឺន័រ​​​នេះ​​​ព្យាយាម​​​​​​បើក​​​គេ​​​ច​​​ទៅ​​គន្លង​​​​ផ្លូវ​​​ម្ខាង​​​ទៀត​នោះវាបាន​ជ្រុល​​​ទៅ​បុក​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ទៀត​​​ដែល​​​បើក​​​ក្នុង​​​ទិស​​​ដៅ​​​បញ្ច្រាស​​​គ្នា”។

លោក​​​បាន​​​បន្ត​​​ថា “រថយន្ត​​​កុង​​​តឺ​​​ន័រ​​​បាន​​​បុក​​​​រថយន្ត RAV4 បណ្តាល​ឲ្យ​អ្នក​​​បើក​​​បរ​​​រថ​យន្ត ​RAV4 ​​​​​​ស្លាប់​​​ ហើយ​​​​​​អ្នក​​​រួម​​​ដំណើរ​​​ម្នាក់​​​ទៀត​​​ដែល​ជិះ​​​នៅ​​​កៅអីខាង​​​មុខ​​​ ក៏ស្លាប់​​​​ដែរ​​​។​​​ ចំណែក​អ្នក​​​រួម​​​ដំណើរ​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​”។

នាយ​​​ផ្នែក​​​រូបនេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ​​​ពេល​​​នោះ មាន​​​មនុស្ស​​​​​​ពី​​​រ​​​នាក់​​​ទៀត​​​ដែល​​​​​​ធ្វើ​​​ដំណើរ​​​តាម​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ទៀត​​​ ក៏​​​បាន​​​ជ្រុល​​​ទៅបុក​​​ផ្នែក​​​ខាង​​​ក្រោយ​​​រថយន្ត​​​តូយ៉ូតាដែរ មុន​​​ពេល​​​រថយន្ត​​​មួយ​បាំង​កន្លះ​​​មួយ​​​គ្រឿង​​​ផ្សេង​​​ទៀត​​​​​​​បាន​​​​​​ជ្រុល​​​ទៅ បុក​​​ពួកគេ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ជិះ​​​ម៉ូតូ​​​បាន​​​រង​​​របួស​​​ធ្ងន់ ហើយ​​​នៅ​​​ពេល​​​បញ្ជូន​​​ទៅ​​​ដល់​​​មន្ទីរ​​​ពេទ្យ​​​គ្រូពេទ្យ​​​បាន​​​ប្រាប់​​​ថា ​ពួកគេ​ទាំង​​​ពីរ​​​នាក់​​​​​​ស្លាប់​​​បាត់​​​ទៅ​​​ហើយ​​​”។

លោក ចាន់​​​ថុន បាន​​​ថ្លែង​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​កុង​​​តឺន័រ​​​ ដែល​​​បាន​​​បើក​​​ចូល​​​គន្លង​​​ផ្លូវ​​​គេ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​ថា មនុស្ស​​​ប្រាំ​​​នាក់​​​ដែល​​​នៅ​​​រស់​​​ពីគ្រោះថ្នាក់​នោះ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ព្យាបាល​នៅ​មន្ទីរ​​​ពេទ្យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស