27.5 C
Phnom Penh

​ប្ដី​អារក​​​សម្លាប់​ប្រពន្ធ​យ៉ាង​​​សាហាវ​​​ រួច​​​ធ្វើ​​​អត្តឃាត​​​ បន្ទាប់ពី​ឈ្លោះ​​​គ្នា​​​​​​​នៅ​​​ខេត្ត​​តាកែវ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នគរ​បាល​ខេត្ត​តាកែវ​បាន​ឲ្យ​​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​បាន​​សម្លាប់ខ្លួន​ឯង​​បន្ទាប់ពី​សម្លាប់​ប្រពន្ធ​ កាលពី​ថ្ងៃ​អាទិត្យ​ អំឡុង​ពេលមាន​​​ការ​​​​ឈ្លោះ​ប្រកែក​គ្នា​នៅ​ពេល​​បុរស​រូប​នេះ​​ត្រឡប់​មក​​​ពី​មើល​​ប្រដាល់​ ​វិញ​ទាំង​ស្រវឹង​​អំឡុង​ពេល​​​​យប់​។

លោក សែម ស៊ុន នាយ​ប៉ុស្តិ៍​ឃុំអង្គ​​​ប្រាសាទ​ ​​​ក្នុង​ស្រុក​គិរីវង់ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ជាប្តី​ឈ្មោះ​ ​ស្រេង រ៉ា ​អាយុ​៤៣​ឆ្នាំ​បាន​ត្រឡប់​​​ទៅ​តង់​ដែល​គ្រួសារ​របស់គាត់​បាន​រស់​នៅ​ជា​បណ្ដោះ​អាសន្ន​​ក្នុង​រោង​​​ចិញ្ចឹម​​​ ទា​នៅ​ម៉ោង​ប្រហែល​១០​យប់​ ក្រោយ​ពេល​​​​ត្រឡប់​មក​​​ពី​មើល​​ប្រដាល់​​នៅ​ហាង​កាហ្វេ​​​មួយ​កន្លែង​ក្បែរ​នោះ​។

លោក​ បាន​ឲ្យ​ដឹង​ទៀត​ថា ​កូនស្រី​អាយុ​១៤​ឆ្នាំ​របស់​​​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​​បាន​ប្រាប់​នគរ​បាល​ថា ម្ដាយ​របស់​នាង​ឈ្មោះ សាំង ពៅ ដែល​មាន​អាយុ​៤៣​ឆ្នាំ​ដែរ​នោះ​ បាន​​ចាប់​​ផ្ដើម​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ឪពុក​​​របស់​នាង ដោយ​បន្ទោស​​​គាត់​ថា​មិន​ដែល​ជួយ​ធ្វើ​ការងារ​​សោះ​ ហើយថា​​ ពួកគាត់​ទាំង​​​ពីរ​តែង​តែ​ឈ្លោះ​ប្រកែក​គ្នា។

លោក​បាន​មាន​ប្រសាសន៍​ថា “​ប្រពន្ធ​​ប្រហែល​ជា​​ចាក់​​ភ្លៅ​ប្ដី​របស់​ខ្លួន​មុន ហើយ​បន្ទាប់​មក​បុរស​ជា​ប្ដី​បាន​ឆក់​យក​កាំបិត​​អារ​ក​ប្រពន្ធ​របស់ខ្លួន​​តែ​ម្ដង​”។

នាយ​ប៉ុស្តិ៍​រូប​នេះ​បាន​ឲ្យ​ដឹងបន្ត​​ទៀត​ថា កូនស្រី​អាយុ​១៤ឆ្នាំ​​ម្នាក់​​នេះ​បាន​រត់​ទៅ​ហៅ​អ្នក​ជិតខាង​ម្នាក់​​ឲ្យ​ជួយ ហើយ​ថា នៅ​ពេល​អ្នក​ជិត​ខាង​​​នោះ​​​​​បាន​ទៅ​ដល់​ឃើញ​ ស្រេង រ៉ា កំពុង​កាន់​កាំបិត​​ ហើយ​ប្រពន្ធ​របស់​គាត់ហូរ​​​ឈាម​តាម​បំពង់ក​​ជោក​ដី​ ប៉ុន្តែ​នៅ​រស់​នៅ​ឡើយ។​​

បន្ទាប់​មក​​អ្នក​ជិត​ខាង​ម្នាក់​​នេះ​​បាន​​រត់​ទៅ​ហៅ​អ្នក​ភូមិ​ផ្សេង​ទៀត​ ប៉ុន្តែ​នៅ​ពេល​​​​ គាត់​​ត្រឡប់​មក​វិញ​ជាមួយ​អ្នក​ភូមិ​មួយ​​ក្រុម បុរស​ជា​ប្ដី​រូប​នេះ​បាន​ដេក​ស្លាប់​នៅ​ក្រៅ​​​​តង់​ ហើយ​ប្រពន្ធ​របស់​​គាត់​​ក៏​ស្លាប់​បាត់​ហើយ​ដែរ​។ “​គាត់​សម្លាប់​ខ្លួន​ឯង​ ខណៈ​​អ្នក​ជិត​ខាង​រត់​ទៅ​ហៅ​អ្នក​ភូមិ​ផ្សេង​ទៀត​ឲ្យ​មក​ជួយ​។ ប្រពន្ធ​របស់​គាត់​​ចាក់​គាត់​ចំ​ភ្លៅ​ពីរ​កាំបិត​ ប៉ុន្តែ​គាត់​គ្រាន់​តែ​របួស​ប៉ុណ្ណោះ​មិន​ទាន់​ស្លាប់​ទេ​។ក្រោយ​មក​​គាត់​បាន​ចាក់​ពោះ​ខ្លួន​ឯង​នៅ​ខាង​ក្រៅ​តង់”។

លោក សែម ស៊ុន ​​បាន​មាន​ប្រសាសន៍​ទៀត​ថា ស្រេង រ៉ា ​បាន​ហៅ​ឲ្យ​អ្នក​ជិត​ខាង​​​ដែល​ទៅ​ដល់​កន្លែង​​កើត​ហេតុ​ដំបូង​គេ​ឲ្យ​ជួយ​​ប្រពន្ធ​របស់​ខ្លួន ហើយ​លោក​​សង្ស័យ​ថា គាត់​សម្លាប់​ខ្លួន​ឯង​បន្ទាប់ពី​ប្រពន្ធ​គាត់​​ដាច់​ខ្យល់​ស្លាប់​។ ប្ដី​ប្រពន្ធ​ទាំង​​ពី​​​​​នាក់​នេះ​ក៏​មាន​​​កូនស្រី​ពីរ​នាក់​ទៀត​ផង​ដែរ​ ម្នាក់​អាយុ​ប្រហែល​​​​​១ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៧​ឆ្នាំ ដែល​​បាន​​​ចេញ​​​ទៅ​រក​ការ​ងារ​ធ្វើ​ ហើយ ថា​ ​បង​​ស្រី​របស់​​​ស្ត្រី​រងគ្រោះ​​ ​ត្រូវ​ទទួល​បន្ទុក​​​​ ចិញ្ចឹម​បីបាច់​កូន​​​​ដែល​នៅ​ក្មេងៗ​នៅ​​​ឡើយ​ទាំង​ពីរ​នាក់​​នេះ​​[ម្នាក់អាយុ​ប្រហែល​១ឆ្នាំ​និងម្នាក់ទៀត​អាយុ​១៤ឆ្នាំ]៕ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស