38 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​ក្រើន​រំឭក​តំណាង​យូនីសេហ្វ​ទាក់ទិន​នឹង​ការ​រិះគន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រាប់​តំណាង​អង្គការ​យូនីសេហ្វ​ថ្មី (Unicef) ប្រចាំប្រទេស​កម្ពុជាឲ្យ​ផ្តោត​លើ​ការ​ជួយ​ក្មេង​ដែល​ដើរ​សុំ​ទាន​តាម​ចិញ្ចើម​ផ្លូវ ហើយ​​កុំ​រិះគន់​ច្បាប់​ថ្មី​ដ៏​ចម្រូង​ចម្រាស ដែល​ដាក់​កម្រិត​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សមាគម​នៅ​ប្រទេស​កម្ពុជា។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​មាន​ប្រសាសន៍​ថា លោក ហោ ណាំហុង បាន​ថ្លែង​ប្រាប់​លោក​ស្រី ដេបូរ៉ា ខូមីនី (Debora Comini) អំឡុង​ការ​ប្រជុំ​បិទ​ទ្វារ​នៅ​ក្រសួង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ។

លោក សុន្ទរី បាន​មាន​ប្រសាសន៍​ថា “ឯកឧត្តម​បាន​ស្នើ​ឲ្យ​តំណាង​អង្គការ​យូនីសេហ្វ​ថ្មី យក​ចិត្ត​ទុក​ដាក់​ដល់​កុមារ​កម្ពុជា ជាពិសេស​កុមារ​ក្រីក្រ និង​កុមារ​ងាយ​រងគ្រោះ ដូចជា​កុមារ​ដែល​ដើរ​​សុំទាន​នៅ​តាម​ផ្លូវ កុមារ​ដើរ​រើស​សំរាម និង​កុមារ​អនាថា”។

លោក​បាន​បន្ថែម​ថា “ឯកឧត្តម​បាន​រំឭក​ថា អ្នក​តំណាង​អង្គការ​យូនីសេហ្វ​មុន [Rana Flowers] បានធ្វើ​កំហុសត្បិតអី​លោក​ស្រី​បាន​និយាយ​អំពី​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​កាសែត ហើយ​ថា​អង្គការ​យូនីសេហ្វ​ត្រូវ​រួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ផ្តល់នូវ​ការ​គាំពារ​ដល់​​កុមារ​កម្ពុជា ហើយ​ការ​ចោទ​ប្រកាន់​មិន​មែន​ជា​កិច្ចការ​របស់​អង្គការ​យូនីសេហ្វ​ទេ”។

លោក មាស ប៊ុនលី អ្នកនាំពាក្យ​អង្គការ​យូនីសេហ្វ​បាន​និយាយ​ថា លោក​ស្រី ខូមីនី បាន​ចាប់​ផ្តើម​បំពេញ​តួនាទី​ថ្មី​របស់​លោក​ស្រី​កាលពី​សប្តាហ៍​មុន។

លោក ប៊ុនលី បាន​និយាយ​ថា ជំនួប​កាលពី​ថ្ងៃ​ច័ន្ទ​គឺ​គ្រាន់តែ​ជា​ការ​ណែនាំ​ខ្លួន​ជា​ផ្លូវការ​ប៉ុណ្ណោះ មិន​មែន​ជា​ឱកាស​ពិភាក្សា​អំពី​គោល​នយោបាយ​ជាក់លាក់​ទេ ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ថ្លែង​របស់​លោក ហោ ណាំហុង ស្តី​ពី​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើយ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស