31.8 C
Phnom Penh

កង​រាជអាវុធហត្ថ​រឹប​អូស​រថយន្ត​​​​​​​​ពាក់​ស្លាក​​លេខ​ ខ.ម. ​​​ដែល​​​ផ្ទុក​ឈើ​គ្រញូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​រាជអាវុធ​ហត្ថ​ខេត្ត​​​កំពង់ឆ្នាំង​​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​​រក​ឃើញ​ឈើ​គ្រញូង​ទម្ងន់​​២៩០​​គីឡូក្រាម​​នៅ​ផ្នែក​​​​ក្រោយ​នៃ​​​រថយន្ត​ស៊េរី​ ទំនើប​មួយ​​គ្រឿង​ពាក់​ស្លាក​​លេខ​ខេមរភូមិន្ទ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​​ចាប់​មិន​បាន​អ្នក​បើក​បរ​​ដែល​​គេច​ខ្លួន​តាម​រថយន្ត​មួយ​គ្រឿង​ទៀត​​​​​ដែល​បើក​តាមពី​​ក្រោយឡើយ​​។

​លោក គិត គន្ធា មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ស្រុក​បរិបូរណ៍​បាន​លើក​ឡើង​ថា មន្ត្រី​របស់​លោក​ទទួល​បាន​ដំណឹង​ថា មាន​ការ​ដឹក​​ឈើ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ហើយ​បាន​ឃាត់​រថយន្ត​ស៊េរី​ទំនើប​នេះ​ឲ្យ​ឈប់​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយកន្លែង​​ដែល​គេ​ដាក់​នៅ​ក្នុង​​ឃុំ​ត្រពាំង​ច័ន្ទ ​ស្រុក​បរិបូរណ៍​នេះ​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​ព្រឹក​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​រក​ឃើញ​​ឈើ​គ្រញូង​១៣​ដុំ​​ដែល​មាន​ទម្ងន់​សរុប​២៩០​គីឡូក្រាម​នៅ​ក្នុង​រថយន្ត​។ ហើយ​​​ឈើ​ទាំង​នេះ​ត្រូវ​បាន​យក​ទៅ​រក្សា​​ទុក​នៅ​​ខណ្ឌ​​​​រដ្ឋបាល​ព្រៃឈើ​”។

លោក តឿម តឿយ មន្ត្រី​កង​រាជអាវុធ​ហត្ថ​ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ​បាន​លើក​ឡើង​ថា មន្ត្រី​របស់​លោក​ទទួល​បាន​ដំណឹង​ពី​ភ្នាក់​ងារ​សម្ងាត់​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ទទួល​​​បានដំណឹង​ពី​ភ្នាក់​ងារ​របស់​យើង​​ដែល​និយាយ​​​ថា នឹង​មាន​រថយន្ត​​​សង្ស័យដឹក​ឈើ​គ្រញូង​​បី​គ្រឿង​ ​បើក​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ខ្ញុំ​”។​ ​​ប៉ុន្តែ​នៅ​ពេល​រថយន្ត​ស៊េរី​ទំនើប​នេះ​បាន​ឈប់​​​ចម្ងាយ​ពីរ​បី​ម៉ែត្រ​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ អ្នក​បើក​បរ​​រថយន្ត​​មួយ​គ្រឿង​នេះ​បាន​ចេញ​ពី​រថយន្ត​របស់​ខ្លួន​​ ហើយ​លោត​ចូល​រថយន្ត​មួយ​គ្រឿង​​​ក្នុង​ចំណោម​រថយន្ត​ពីរ​គ្រឿង​ដែល​បើក​តាម​ក្រោយ​ ហើយ​បន្ទាប់​​មក​បើក​ទម្លុះ​​របាំង​​គេច​ខ្លួន​បាត់​។

លោក​​មាន​ប្រសាសន៍បន្ត​​ថា ”​យើង​​ចាប់​ខ្លួន​អ្នក​បើក​បរ​មិន​បាន​ទេ ព្រោះ​នៅ​ពេល​ជន​​​នេះ​ឈប់​រថយន្ត​​​​ រូប​គេ​បាន​រត់​ឡើង​រថយន្ត​មួយ​គ្រឿង​ទៀត​​ដែល​បន្ទាប់​មក​បាន​​​បើក​រត់​បាត់​។ អ្នក​បើក​បរ​រូប​នេះ​បាន​ស្រែក​ជេរ​ប្រមាថ​យើង​ ហើយ​គំរាម​បាញ់​មន្ត្រី​របស់​ខ្ញុំ​មុន​ពេល​លោត​ឡើង​រថយន្ត​មួយ​គ្រឿង​ទៀត”។

លោកបានបន្ថែមថា​ មន្ត្រី​របស់​លោក​មិន​អាច​ដេញ​តាម​​បាន​ឡើយ ព្រោះ​គ្មាន​រថយន្ត​​​​សម្រាប់ដេញតាម​អំឡុង​ពេល​នោះ​។ ហើយ​​រថយន្ត​ស៊េរីទំនើប​​ដែល​គេ​ទុក​ចោល​ត្រូវ​បាន​​​យក​ទៅ​​រក្សា​ទុក​នៅ​​ទី​បញ្ជាការដ្ឋាន​​​កង​រាជ​អាវុហត្ថ​ខេត្ត ហើយ​ថា មន្ត្រី​របស់​លោក​កំពុង​​​​​ស្វែង​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​នេះ។

លោក​បន្ថែមទៀត​ថា ​គេ​ជឿ​ថា​​ឈើ​ទាំង​​​នេះ​​ដឹក​ចេញ​ពី​​ខេត្ត​ពោធិ៍សាត់ ហើយ​មាន​គោល​​​ដៅ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​៕ ស៊ុយឈាង​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស