កងរាជអាវុធហត្ថបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ដែលជាអ្នករកស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីបាញ់ធ្លាយកំប៉េះគូទមន្ត្រីកងរាជអាវុធហត្ថម្នាក់ដោយចៃដន្យដោយប្រើកាំភ្លើងវែងធុន M16 ខណៈពួកគេទាំងពីរប្រលែងគ្នាជាមួយនឹងកាំភ្លើងមានគ្រាប់នៅក្នុងរថយន្តមួយបាំងកន្លះមួយគ្រឿងដែលចតឈប់ស្ងៀម។
យោងតាមលោក ឃ្លោក តារា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល៨យប់ ខណៈឈ្មោះ ជី ម៉ូដែល ដែលមានមុខរបរជាអ្នកជួលម៉ូតូ និងមិត្តភក្ដិរបស់ខ្លួនឈ្មោះ ពេជ្រ ធារិទ្ធ អាយុ៣៦ឆ្នាំ ដែលជាមន្ត្រីកងរាជអាវុធហត្ថ កំពុងអង្គុយក្នុងរថយន្តតូយ៉ូតាតាកូម៉ារបស់ឈ្មោះ ពេជ្រ ធារិទ្ធ នៅចំណុចផ្លូវប្រសព្វនៃមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ។
មេបញ្ជាការរូបនេះបានមានប្រសាសន៍ថា ឈ្មោះ ជី ម៉ូដែល បានយកកាំភ្លើង M16 របស់ឈ្មោះ ពេជ្រ ធារិទ្ធ មកភ្ជង់ជនរងគ្រោះលេង ហើយពេលនោះកាំភ្លើងក៏រាលកៃធ្វើឲ្យគ្រាប់កាំភ្លើងមួយគ្រាប់ទម្លុះកំប៉េះគូទខាងស្ដាំរបស់មន្ត្រីកងរាជអាវុធហត្ថ។
លោកបានលើកទៀតថា ”យើងចាប់ខ្លួនគាត់បាននៅកន្លែងកើតហេតុ បន្ទាប់ពីផ្ទុះអាវុធដោយសារតែកងកម្លាំងរបស់យើងប្រចាំការនៅក្បែរនោះ”។ លោកបានបញ្ជាក់ថា ជី ម៉ូដែល ត្រូវបានឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ លោកបានថ្លែងថា ”ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត កាលពីយប់មិញ ដោយកំប៉េះគូទមានស្នាមដាច់រយះសាច់យ៉ាងធំ”។
លោក ខេន សុវណ្ណ នាយការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ឈ្មោះ ជី ម៉ូដែល នឹងត្រូវបញ្ជូនខ្លួនឡើងតុលាការនៅថ្ងៃនេះ៕ សុខុម