27 C
Phnom Penh

កង​​​រក្សា​​​សន្តិភាព​​​កម្ពុជា​​​ស្លាប់​​​ដោយសារ​​​ជំងឺ​​​គ្រុន​​​ចាញ់​​​​​​ក្នុង​​​ប្រទេស​​​ម៉ាលី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា ទាហាន​​​កម្ពុជា​​​ម្នាក់​​​ដែល​​​បម្រើ​​​ការ​​​ជា​​​កង​​​រក្សា​​​សន្តិភាព​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាលី​​​ដែល​​​ស្ថិត​​​នៅ​​តំបន់​អាហ្វ្រិកខាងលិច​​​​ បាន​​​ស្លាប់​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​ បន្ទាប់​​​ពី​​​ឆ្លង​​​​ជំងឺ​​​គ្រុន​​​ចាញ់​​​។

លោក សែម សុវណ្ណី អគ្គ​​​នាយក​​​នៃ​​​មជ្ឈ​​​មណ្ឌល​​​ជាតិ​​​កង​​​រក្សា​​​សន្តិភាព និង​​​បោស​​​សម្អាត​​​​​​កាក​​​សំណល់​​​សង្គ្រាម​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​លោក សួន សំបូរ អាយុ​​​៣១​​​ឆ្នាំ បាន​​​ស្លាប់​​​នៅ​​​​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​ប្រទេស​​​សេណេ​​​ហ្គាល់​​​ជាប់​​​ប្រទេស​​​ម៉ាលី បន្ទាប់​​​ពី​​​ឆ្លង​​​ជំងឺ​​​នេះ​​​អំឡុង​​​ ពេល​​​បំពេញ​​​បេសកកម្ម។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ សួន សំបូរ បាន​​​ស្លាប់​​​កាល​​​ពី​​​ម្សិលមិញ[ថ្ងៃ​​​ច័ន្ទ]​​​​​ ដោយ​​​សារ​​​ជំងឺ​​​គ្រុន​​​ចាញ់​​​។ នេះគឺ​​​លើក​​​ដំបូង​​​ហើយ​​​ដែល​​​កង​​​កម្លាំង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កង​​​កម្លាំង​​​​​​របស់​​​យើង​​​​​​បាន​​​ស្លាប់​​​ដោយសារ​​​ជំងឺ​​​គ្រុន​​​ចាញ់​​​”។ ជន​​​រង​​​គ្រោះ​​​ដែល​​​ធ្វើ​​​ការ​​​ជា​​​គ្រូ​​​ពេទ្យ​​​នៅ​​​ក្នុង​​​អង្គភាព​​​បោស​​​សម្អាត​​​​​​មីន​​​បាន​​​ចាក​​​ចេញ​​​ទៅ​​​ប្រទេស​​​ម៉ាលី​​​ជិត​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ ជាមួយ​​​ទាហាន​​​ចំនួន​​​៣០៩​​​នាក់​​​ផ្សេង​​​ទៀត​​​ ហើយ​​​បាន​​​ឈរ​​​ជើង​​​នៅ​​​ទីតាំង​​​​ពីរ​​​ ឬ​​​​បី​​​កន្លែង​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។

លោក សែម សុវណ្ណី បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា លោក សួន សំបូរ​​​ បាន​​​ចាប់​​​ផ្តើម​​​ចេញ​​​រោ​​​គ​​​សញ្ញា​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ប្រហែល​​​មួយ​​​សប្តាហ៍​​​មុន​​​ពេល​​​បាត់​​​បង់​​​ជីវិត​​​ ហើយ​​​ត្រូវបាន​ព្យាបាល ​​​លើក​​​ដំបូង​​​ក្នុង​​​អង្គភាព​​​របស់​​​លោក មុន​​​ពេល​​​បញ្ជូន​​​ទៅ​​​អង្គភាព​​​របស់​​​ចិន ហើយ​​​ទីបំផុត​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​​​យ៉ាង​​​ប្រញាប់​​​ប្រញាល់​​​ទៅ​​​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​​​សេណេហ្គាល់​​​ ជា​​​ទី​ដែល​​​គាត់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​អារម្មណ៍​​​ក្រៀម​​​ក្រំ​ណាស់ ​​​នៅ​​​ពេល​​​ទទួល​​​បាន​​​ដំណឹង​​​នេះ​​​​ ព្រោះ​​​គាត់​​​គឺ​​​ជា​​​វី​​​រ​​​បុរស​​​របស់​​​ កម្ពុជា។ យើង​​​បាន​​​ផ្ញើ​​​សារ​​​ទៅ​​​កង​​​រក្សា​​​សន្តិ ភាព​​​របស់​​​យើង​​​​​​ក្នុង​​​ប្រទេស​​​ម៉ាលី​​​ឲ្យ​​​ពង្រឹង​​​ការ​​​ទប់ស្កាត់​​​​​​ជំងឺ​​​​គ្រប់​​​ប្រភេទ​ទាំង​​​អស់”។

កម្ពុជា​​​បាន​​​ចាប់​​​ផ្តើម​​​បញ្ជូន​​​កង​​​ទ័ពរបស់ ខ្លួន​​​​ទៅ​​​កាន់​​​ប្រទេស​​​តំបន់​​​វាល​​​ខ្សាច់​​​សាហារ៉ា​ដែល​​​ញាំញី​​​ដោយ​​​បញ្ហា​​​នេះ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ឆ្នាំ​​​២០១៤ ពោល​​​គឺ​​​មួយឆ្នាំ​​​បន្ទាប់​​​ពី​​​បេសក កម្ម​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​នៅក្នុង​ប្រទេស​នេះ​ចំ​​​ពេល​​​មាន​​​ជម្លោះ ​​​បន្ទាប់​​​ពី​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​អបគមន៍​​​ក្នុង​​​ខែ​​​មេសា ឆ្នាំ​​​២០១២ ដោយ​​​ក្រុម​​​ជន​​​ជាតិ​​ដើម​​​ភាគ​​​តិច​​​ថ្វារិក (Tuaregs)នៅ​ភាគ​​​ខាង​​​ជើង​​​ប្រទេស​​​។

កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​២០១៤​​​ទាហាន​​​កម្ពុជា ​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​ដោយសារ​​​ពុល​​​អាហារ​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាលី​​​ ហើយ​មួយ​​​ខែ​​​ក្រោយ​​​មក​​​ ពីរ​​​នាក់​​​​​​ទៀត​​​បាន​​​រង​​​របួស​​​​​​​​​​​​​​​នៅ​​​ពេល​​​រថយន្ត​​​របស់​​​ពួក​​​គេ​​​បើក​​​កិន​​​គ្រាប់​​​កែ​​​ច្នៃ​​​។

ស្រ្តីម្នាក់​ឈ្មោះ​ នៅ​​​ សុវណ្ណ អាយុ​​​២៩​​​ឆ្នាំ​​​ ​​ជា​​​ប្រពន្ធ​​​របស់​​​លោក សួន សំបូរ​ [​ដែល​មាន កូន​ស្រីម្នាក់​អាយុ​៤ឆ្នាំ​] បាន​​​និយាយ​​​ថា គាត់​​​តក់ស្លុត​​​យ៉ាង​​​ខ្លាំង​​​ពេល​ទទួលបាន​ដំណឹង​តាម​​​រយៈ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​​ថា ប្តី​​​របស់​​​ខ្លួន​​​ស្លាប់​​​។ “ខ្ញុំ​​​ទទួល​​​បាន​​​សារ​​​ពី​​​មិត្ត​​​ភក្តិ​​​ប្តី​​​របស់​​​ខ្ញុំ​​​តាម​​​រយ​​​ៈ​​​ហ្វេស​​​ប៊ុក​​​ដែល​​​ប្រាប់​​​ខ្ញុំ​​​ថា  គាត់​​​បាន​​​ស្លាប់​​​ដោយសារ​​​ជំងឺ​​​គ្រុន​​​ចាញ់​​​។ ខ្ញុំ​​​តក់​​​ស្លុត​​​យ៉ាង​​​ខ្លាំង ហើយ​និយាយ​​​មិន​​​ចេញ​​​ទេ​​​”៕ ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស