29.3 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទ​អង្គភាព​រដ្ឋ​ចំនួន​បី​ថា​ធ្វើ​មិន​ត្រឹម​ត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ត្រួត​ពិនិត្យ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អស់​រយៈ​ពេល​ដ៏​យូរ អង្គភាព​រដ្ឋ​ចំនួន​បី​បាន​រង​ការ​ចោទ​ប្រកាន់​ថា​មិន​បាន​ធ្វើ​តាម​លក្ខខណ្ឌ​ច្បាប់​ក្នុង​ការ​ផ្តល់​កិច្ច​សន្យា និង​ត្រូវ​បាន​ប្រាប់​ឲ្យ​អនុវត្ត​តាម​លក្ខខណ្ឌ បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម។

ក្នុង​សេចក្តី​ប្រកាស​បី​ដោយ​ឡែក​ពី​គ្នា​ដែល​បង្ហោះ​លើ​វិបសាយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ចុះ​ថ្ងៃ​ទី​៩​ខែ​កញ្ញា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​បាន​ចោទ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​នៃ​ក្រសួង​ទូរគមនាគមន៍​កម្ពុជា ទូរគមនាគមន៍​កម្ពុជា និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញថា ជ្រើសរើសអ្នក​ទទួល​កិច្ចសន្យា ដោយ​​មិន​អនុវត្ត​តាម​ដំណើរការ​ដេញ​ថ្លៃ​ត្រឹមត្រូមួយ​ចំនួន។

ទាក់ទង​តាម​ទូរស័ព្ទ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​មាន​ប្រសាសន៍​ថា ការ​ជូន​ដំណឹង​នោះ​ជា​ការ​ព្រមាន​មួយ​ដល់​អង្គភាព​នានា​ឲ្យ​កែ​តម្រូវ​នីតិ​វិធី​មិន​ត្រឹមត្រូវ​ទាំង​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​ជា​ការ​ខ្វះ​ខាត​គួរ​ត្រូវ​តែ​ធ្វើ។ ប្រសិនបើ​បន្ត​ទៅ​ទៀត យើង​នឹង​មើល​តាម​ហ្នឹង។ ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គភាព​នេះ​មិន​មាន​សិទ្ធិ​ធ្វើ​ភ្លាមៗ​នោះ​ទេ”។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អះអាង​ថា ស្ថាប័ន​ទាំង​បី​មាន​កំហុស​ផ្នែក​លទ្ធកម្ម ដូចជា​ប្រេង​សាំង សម្ភារ​ការិយាល័យ គ្រឿង​សង្ហារិម និង​ឯកសណ្ឋាន អនីត្យានុកូល និង​គ្មាន​តម្លាភាព។

អង្គភាព​នេះ​និយាយ​ថា ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ឈ្នះ​ការ​ដេញ​ថ្លៃ​នៅ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​មិន​មាន​លិខិត​អនុញ្ញាត​ឬ​វិញ្ញាបនបត្រ​ត្រឹមត្រូវ ក្រុមហ៊ុន​ខ្លះ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ហើយ​ខ្លះ​ទៀត​មិន​មាន​លិខិត​ធានា​ប្រាក់​កក់​ចេញ​ដោយ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ។

លោក ស៊ឹម ធី អគ្គនាយកដ្ឋាន​រដ្ឋបាល បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើការ​ស៊ើប​អង្កេត​ទេ។

លោក​បាន​និយាយ​ថា “យើង​មិន​បាន​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មិន​បាន​ប្រព្រឹត្ត​ពុក​រលួយ ដូច្នេះ មិន​ចាំបាច់​ពិនិត្យ​ទេ។ យើង​មើល​ឃើញ​ថា ទូរគមនាគមន៍​កម្ពុជា​មាន​អំពើ​ពុក​រលួយ ដូច្នេះ​ពួកគេ​គួរ​ពិនិត្យ​ទៅ”។

កាលពី​សប្តាហ៍​មុន ទូរគមនាគមន៍​កម្ពុជា បាន​ព្យួរ​ការងារ​នាយក​ម្នាក់​ដែល​ជាប់​ចោទ​ថា​បាន​ពាក់ព័ន្ធ​ក្នុង​ការ​គៃ​បន្លំ​ប្រាក់​២៣០.000​ដុល្លារ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ ហើយ​បាន​សន្យា​ថា នឹង​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ។

លោក ស៊ន វី អ្នកនាំពាក្យ ទូរគមនាគមន៍​កម្ពុជា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ ត្បិត​លោក​មិន​បាន​ដឹង​អំពី​ការ​ចោទ​ទាំង​អស់​នោះ។

លោក ហេ បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​និយាយ​ថា លោក​ជាប់​រវល់​ណាស់​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស