34 C
Phnom Penh

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការ​ប្រើ​ផែនទី​ធំ​ជាង​មិន​ត្រឹម​ត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អង្គារ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ការ​ទទួល​ស្គាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន ដែល​ថា​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ប្រើ​ផែនទី​ដែល​កំណត់​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋធម្មនុញ្ញ សម្រាប់​ការ​កំណត់​ព្រំដែន​របស់​ខ្លួន​ជាមួយ​វៀតណាម។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​ការ​ថ្លែង​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​៨​ខែ​កញ្ញា​ថា រដ្ឋាភិបាល​បាន​ចម្លង​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ផែនទី​បោន ដែល​រដ្ឋធម្មនុញ្ញ​ចែង​ថា ជា​ផែនទី​ត្រឹមត្រូវ​តាម​ច្បាប់​តែ​មួយ​គត់ ដាក់​លើ​ផែនទី UTM ធំជាង​និង​ទំនើប​ជាង​សម្រាប់​ប្រើ​ក្នុង​ការ​កំណត់​ព្រំដែន។

ផែនទី​ទាំង​ពីរ​ច្បាប់​ប្រើ​វិធី​ផ្សេង​គ្នា​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​រាង​ផ្ទៃ​ផែនដី​លើ​ផ្ទៃ​រាប ហើយ​លោក សំអាន បាន​និយាយ​ថា លោក​បារម្ភ​ថា ប្រទេស​កម្ពុជា​អាច​បាត់​ដី​ក្នុង​ដំណើរការ​គូស​បន្ទាត់​ព្រំដែន​ឡើង​វិញ​លើ​ផែនទី​ថ្មី។

លោក សំអាន បាន​និយាយ​ថា “ចំពោះ​បញ្ហា​ផែនទី ខ្ញុំ​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រើ​ផែនទី​បោន​ខ្នាត​១​លើ​១០០.០០០​ដើម្បី​ធ្វើ​វា ស្រប​តាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ”។

លោក​បាន​និយាយ​ថា “អំពី​បញ្ហា​ថត​ចម្លង​ផែនទី​ពី​ផែនទី​បោន​ខ្នាត​១​លើ​១០០.០០០​ទៅ​ផែនទី UTM ខ្នាត​១​លើ​៥០.០០០ ផែនទី​ធ្វើ​នៅ​ប្រទេស​វៀតណាម​និង​បោះ​ពុម្ព​ឡើង​វិញ​នៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​យើង​ជា​ពលរដ្ឋ​កម្ពុជា​សង្ស័យ​ថា ផែនទី​អាច​ត្រូវ​បាន​បោះពុម្ព​មិន​ត្រឹមត្រូវ។ ប្រសិនបើ​មាន​កំហុស​ណាមួយ​ក្នុង​ការ​ចម្លង​តែ​១​សង់ទីម៉ែត្រ វា​នឹង​មាន​ន័យ​ថា​១​គីឡូម៉ែត្រ​នៃ​ដី​ជាក់​ស្តែង”។

“ហេតុដូច្នេះ ផែនទី ​UTM ខ្នាត​១លើ​៥០.០០០ មិន​គួរ​ត្រូវ​ប្រើ​ទេ​ ព្រោះ​វា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាត​បង់​ដី ហើយ​ជា​ពិសេស [ពីព្រោះ] ផែនទី​ UTM នេះ​ផ្ទុយ​នឹង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ។

ក្នុង​សុន្ទរកថា លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា បើ​ទោះជា​រដ្ឋាភិបាល​មិន​បាន​ប្រើ​ផែនទី​បោន​សម្រាប់​ការ​កំណត់​ព្រំដែន​ក្តី ក៏​បន្ទាត់​ព្រំដែន​ពី​ផែនទី​ទាំង​នោះ​ត្រូវ​បាន​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​ទៅលើ​ផែនទី​ UTM ត្រឹមត្រូវ​ជាង។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ផែនទី​បោន​ខ្នាត​១លើ​១០០.០០០​ពិបាក​ស្វែងរក​ចំណុច​គោល​សម្រាប់​ការ​ដាំ​បង្គោល​ព្រំដែន។ ហេតុនេះ​ហើយ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ផ្ទេរ​ពី​ផែនទី​បោន​ខ្នាត​១​លើ​១០០.០០០​ទៅ​ផែនទី​ UTM ខ្នាត​១​លើ​៥០.០០០​វិញ”។

លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក ហ៊ុន សែន បាន​ការពារ​រួច​ហើយ​នូវ​រដ្ឋធម្មនុញ្ញ​ភាព​នៃ​ការ​ចម្លង​ទាក់ទិន​នឹង​បន្ទាត់​ព្រំដែន។

លោកស្រី ពិសី បាន​និយាយ​ថា “ខ្ញុំ​គ្មាន​ការ​បកស្រាយ​ចំពោះ​មតិ​របស់ អ៊ុំ សំអាន ទេ ពីព្រោះ អ៊ុំ សំអាន តែងតែ​បង្កើត​បញ្ហា។ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​មាន​រយៈ​ពេល​បី​ម៉ោង​ ហើយ​ល្អិតល្អន់​ណាស់​ និង​ច្បាស់លាស់​គ្រប់គ្រាន់”។

លោកស្រី​បាន​បន្ថែម​ថា “[លោក ហ៊ុន សែន] បាន​ថ្លែង​យ៉ាង​ច្បាស់​រួចហើយ​ ដែល​អាច​ទទួល​យក​បាន​គ្រប់ៗ​គ្នា លើកលែង​តែ អ៊ុំ សំអាន ទុក​ឲ្យ​គាត់​និយាយ​អ្វី​ដែល​គាត់​ចង់​និយាយ​ទៅ។ ប៉ុន្តែ គាត់​គួរ​ទទួល​ខុសត្រូវ​ខ្លួន​ឯង។ អ៊ុំ សំអាន គួរ​តែ​ឈប់ ពីព្រោះ​សូម្បី​តែ​មេដឹកនាំ​របស់​គាត់​ក៏បាន​ឈប់​ទៅ​ហើយ”។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ណែនាំ​ឲ្យ​តំណាង​រាស្ត្រ​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឈប់​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា អំពី​បញ្ហា​ព្រំដែន​ជាប់​នឹង​វៀតណាម ប៉ុន្តែ លោក សំអាន បាន​និយាយ​ថា ការ​ណែនាំ​បែបនេះ​មិន​មាន​ន័យ​ថា តំណាង​រាស្ត្រ​មិន​អាច​និយាយ​អំពី​ព្រំដែន​សោះ​នោះ​ទេ។

លោក សំអាន បាន​និយាយ​ថា “យើង​នឹង​នៅតែ​លើក​រឿង​ព្រំដែន ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​តវ៉ា​អំពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​នៅ​តាម​បណ្តោយ​ព្រំដែន​ទៀត​នោះ”៕ និត

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស