កាលពីថ្ងៃអង្គារ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានរិះគន់ការទទួលស្គាល់របស់លោកនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ដែលថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនប្រើផែនទីដែលកំណត់ឲ្យប្រើប្រាស់ដោយរដ្ឋធម្មនុញ្ញ សម្រាប់ការកំណត់ព្រំដែនរបស់ខ្លួនជាមួយវៀតណាម។
លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងការថ្លែងតាមទូរទស្សន៍កាលពីថ្ងៃទី៨ខែកញ្ញាថា រដ្ឋាភិបាលបានចម្លងខ្សែបន្ទាត់ព្រំដែនពីផែនទីបោន ដែលរដ្ឋធម្មនុញ្ញចែងថា ជាផែនទីត្រឹមត្រូវតាមច្បាប់តែមួយគត់ ដាក់លើផែនទី UTM ធំជាងនិងទំនើបជាងសម្រាប់ប្រើក្នុងការកំណត់ព្រំដែន។
ផែនទីទាំងពីរច្បាប់ប្រើវិធីផ្សេងគ្នាដើម្បីបង្ហាញឲ្យឃើញរាងផ្ទៃផែនដីលើផ្ទៃរាប ហើយលោក សំអាន បាននិយាយថា លោកបារម្ភថា ប្រទេសកម្ពុជាអាចបាត់ដីក្នុងដំណើរការគូសបន្ទាត់ព្រំដែនឡើងវិញលើផែនទីថ្មី។
លោក សំអាន បាននិយាយថា “ចំពោះបញ្ហាផែនទី ខ្ញុំនៅតែទាមទារឲ្យរដ្ឋាភិបាលប្រើផែនទីបោនខ្នាត១លើ១០០.០០០ដើម្បីធ្វើវា ស្របតាមមាត្រា២នៃរដ្ឋធម្មនុញ្ញ”។
លោកបាននិយាយថា “អំពីបញ្ហាថតចម្លងផែនទីពីផែនទីបោនខ្នាត១លើ១០០.០០០ទៅផែនទី UTM ខ្នាត១លើ៥០.០០០ ផែនទីធ្វើនៅប្រទេសវៀតណាមនិងបោះពុម្ពឡើងវិញនៅប្រទេសវៀតណាម ធ្វើឲ្យយើងជាពលរដ្ឋកម្ពុជាសង្ស័យថា ផែនទីអាចត្រូវបានបោះពុម្ពមិនត្រឹមត្រូវ។ ប្រសិនបើមានកំហុសណាមួយក្នុងការចម្លងតែ១សង់ទីម៉ែត្រ វានឹងមានន័យថា១គីឡូម៉ែត្រនៃដីជាក់ស្តែង”។
“ហេតុដូច្នេះ ផែនទី UTM ខ្នាត១លើ៥០.០០០ មិនគួរត្រូវប្រើទេ ព្រោះវាធ្វើឲ្យប្រទេសកម្ពុជាខាតបង់ដី ហើយជាពិសេស [ពីព្រោះ] ផែនទី UTM នេះផ្ទុយនឹងមាត្រា២នៃរដ្ឋធម្មនុញ្ញ។
ក្នុងសុន្ទរកថា លោក ហ៊ុន សែន បានទទួលស្គាល់ថា បើទោះជារដ្ឋាភិបាលមិនបានប្រើផែនទីបោនសម្រាប់ការកំណត់ព្រំដែនក្តី ក៏បន្ទាត់ព្រំដែនពីផែនទីទាំងនោះត្រូវបានចម្លងយ៉ាងត្រឹមត្រូវទៅលើផែនទី UTM ត្រឹមត្រូវជាង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ផែនទីបោនខ្នាត១លើ១០០.០០០ពិបាកស្វែងរកចំណុចគោលសម្រាប់ការដាំបង្គោលព្រំដែន។ ហេតុនេះហើយភាគីទាំងពីរបានព្រមព្រៀងគ្នាផ្ទេរពីផែនទីបោនខ្នាត១លើ១០០.០០០ទៅផែនទី UTM ខ្នាត១លើ៥០.០០០វិញ”។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បាននិយាយកាលពីថ្ងៃអង្គារថា លោក ហ៊ុន សែន បានការពាររួចហើយនូវរដ្ឋធម្មនុញ្ញភាពនៃការចម្លងទាក់ទិននឹងបន្ទាត់ព្រំដែន។
លោកស្រី ពិសី បាននិយាយថា “ខ្ញុំគ្មានការបកស្រាយចំពោះមតិរបស់ អ៊ុំ សំអាន ទេ ពីព្រោះ អ៊ុំ សំអាន តែងតែបង្កើតបញ្ហា។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីមានរយៈពេលបីម៉ោង ហើយល្អិតល្អន់ណាស់ និងច្បាស់លាស់គ្រប់គ្រាន់”។
លោកស្រីបានបន្ថែមថា “[លោក ហ៊ុន សែន] បានថ្លែងយ៉ាងច្បាស់រួចហើយ ដែលអាចទទួលយកបានគ្រប់ៗគ្នា លើកលែងតែ អ៊ុំ សំអាន ទុកឲ្យគាត់និយាយអ្វីដែលគាត់ចង់និយាយទៅ។ ប៉ុន្តែ គាត់គួរទទួលខុសត្រូវខ្លួនឯង។ អ៊ុំ សំអាន គួរតែឈប់ ពីព្រោះសូម្បីតែមេដឹកនាំរបស់គាត់ក៏បានឈប់ទៅហើយ”។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានណែនាំឲ្យតំណាងរាស្ត្រ៥៥រូបរបស់គណបក្សសង្គ្រោះជាតិឈប់វាយប្រហារគណបក្សប្រជាជនកម្ពុជា អំពីបញ្ហាព្រំដែនជាប់នឹងវៀតណាម ប៉ុន្តែ លោក សំអាន បាននិយាយថា ការណែនាំបែបនេះមិនមានន័យថា តំណាងរាស្ត្រមិនអាចនិយាយអំពីព្រំដែនសោះនោះទេ។
លោក សំអាន បាននិយាយថា “យើងនឹងនៅតែលើករឿងព្រំដែន ប្រសិនបើប្រជាពលរដ្ឋនៅតែតវ៉ាអំពីការបាត់បង់ដីស្រែចម្ការនៅតាមបណ្តោយព្រំដែនទៀតនោះ”៕ និត