38 C
Phnom Penh

បុរស​​​កសិករ​វ័យ​ចំណាស់​ម្នាក់​ត្រូវ​​​ចាប់​​​ខ្លួន​​​ពីបទ​រំលោភ​ក្មេងស្រី​អាយុ៨ឆ្នាំនៅ​​​​ខេត្ត​កំពង់​ឆ្នាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​ង​​​បាន​​​ចាប់​​​​​​ខ្លួន​​​បុរស​​​​អាយុ​​​៦៨​​​ឆ្នាំ​​​ម្នាក់​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ ដោយ​​​សង្ស័យថា​​​ បុរស​​​រូប​​​នេះ​​​បាន​ចាប់​​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៨​​​ឆ្នាំ​​​ម្នាក់​​​កាល​​​ពី​​​ខែ​​​កក្កដា។

លោក​​​ ស្រី សូដា នាយ​​​រង​​​ការិយាល័យ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​មាន​ប្រសាសន៍​​​ថា បុរស​ឈ្មោះ​​​ អ៊ួត ភឿន ជា​​​កសិករ​​​ម្នាក់​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​ពន្លៃ ស្រុក​​​បរិបូណ៌​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​និង​​​៣០​​​នាទី​​​រសៀល​​​ថ្ងៃ​​​អង្គារ បន្ទាប់​​​ពី​​​ឪពុក​​​ម្តាយ​​​​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​អាជ្ញាធរ​​​នៅ​​​ព្រឹក​​​ថ្ងៃនោះ។

លោក​​​ សូដា បាន​​​ថ្លែង​​​ថា អ៊ួត ​​​ភឿន ប្រឈមនឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កក្កដា បន្ទាប់​​​ពី​​​បាន​​​ល្បួង​នាង​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះ​​​តាយាយ​​​របស់​​​នាង​​​ដែលនៅ​​​ជាប់​​​នោះ ខណៈ​​​ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​បាន​​​ចេញ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ខេត្ត​​​ស្ទឹង​​​ត្រែង។

លោក​​​បាន​​​​​​ថ្លែង​​​ថា “ខណៈ​​​ដែល​​​ឪពុក​​​ម្តាយ ​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​ចេញ​​​ទៅ​​​ធ្វើ​​​ការ​​​នៅខេត្ត​​​ផ្សេង​​​ ជន​​​សង្ស័យ​​​បាន​​​ហៅ​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​ឲ្យ​​​មក​​​លេង​​​ផ្ទះ​​​របស់ខ្លួន​​​​​​ ដែល​​​ស្ថិត​​​នៅ​​​ក្បែរ​​​ផ្ទះ​​​របស់​​​​​​យាយ​​​នាង​​​។ ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​​​​​​​យក​​​នាង​​​ទៅ​​​រំលោភ​​​នៅ​​​លើ​​​គ្រែ​​​របស់​​​ខ្លួន​​​​”។

នាយរង​​​ការិយាល័យ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ករណី​​​នេះ​​​​​​ទើប​​​តែ​​​បាន​​​ដឹង​​​បន្ទាប់​​​ពី​​​ឪពុក​​​ម្តាយ​​​ក្មេង​​​ស្រី​​​រូបនេះ​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​កាល​​​ពី​​​សប្តាហ៍​​​មុនតែប៉ុណ្ណោះ ​​​ហើយ​​​​​​បាន​​​ឃើញ​​​កូនស្រីរបស់​​​ខ្លួន​​​មាន​​​សភាព​​​​​​ស្លេក​​​ស្លាំង បន្ទាប់មក​​​​​​កត់​​​សម្គាល់​​​ឃើញ​ថា ​​​នាង​​​បាន​​​រង​​​របួស​​​ត្រង់​​​ប្រដាប់​​​ភេទទៀងផង​។ ​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​អំពី​​​ស្នាម​​​របួស​​​នោះ ​​​ក្មេងស្រី​​​រូបនេះ​បាន​​​ប្រាប់​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង។

​​​​​​លោក សូដា បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អ៊ួត ​​​ភឿន ​​​សារភាព​​​ថា បាន​​​រំលោភ​​​ក្មេងស្រី​​​រូប​​​នេះ​​​​​​​​​មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​ខ្លួន​ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​នៅ​​​ថ្ងៃ​​​េនះ។

លោក​​​បាន​​​ថ្លែង​​​ថា “គាត់​​​បាន​​​និយាយ​​​ថា ​​​គាត់​​​បាន​​​រំលោភ​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​ ពីព្រោះ​​​គាត់​​​​​​​​​ទប់​​​អារម្មណ៍មិន​​​​បាន​​​នៅ​​​ពេល​​​គាត់​​​​​​ឃើញ​​​​​​ក្មេង​​​ស្រី​​​រូ​ប​​​នេះ​​​នៅ​​​ម្នាក់​​​ឯង​​​។ ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​ បាន​​​និយាយ​​​ថា ជន​​​សង្ស័យ​​​រូបនេះ​បាន​​​រំលោភ​​​នាង​​​ជា​​​ច្រើន​​​ដង​​​ ប៉ុន្តែ ជន​​​សង្ស័យ​​​អះ​​​អាង​​​ថា គាត់​​​បាន​​​រំលោភ​​​នាង​​​តែ​​​ម្តង​​​ប៉ុណ្ណោះ​​​”។

យោង​​​តាម​​​លោក ហួត​​​ លឹមហ៊ាង នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​ឲ្យដ​​​ឹង​​​ថា នៅក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ ណែម ប៊ុនណាង អាយុ​​​២០​​​ឆ្នាំ ជា​​​អតីត​​​​សង្ឃ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ផ្សឹក​​​ពាក់​​​ព័ន្ធ​​​ការ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ស្រុក​​​ព្រែក​​​ប្រសព្វ​​​ខេត្ត​​​ក្រចេះ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​នោះ ត្រូវ​​​បាន​​​ចោទប្រកាន់​​​រួច​​​ហើយ​​​ ពីបទ​​​រំលោភ​អនីតិ​ជន​​​ ហើយក៏​​​​​ត្រូវ​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​​​​ហើយ​​​ដែរ​​​។

លោក ដួង ស៊ីវុត្ថា នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​​​​មាន​ប្រសាសន៍​​​​​​ថា ចំណែក​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ឯណោះ​​​វិញ សឹុម​​ ​សារី  អាយុ​​​៣០​​​ឆ្នាំ​​​ជា​​​កម្មករ​ ធ្វើ​ចម្ការ​​​ម្នាក់​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ពាក់​​​ព័ន្ធ​​​ការ​​​រំលោភ​​​បូក​​​​​​ស្ត្រី​​​អាយុ​​​២០​​​ឆ្នាំ​​​ម្នាក់​​​នៅ​​​ក្នុង​​​ចម្ការ​​​ដំឡូង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​៕សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស