បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដា បន្ទាប់ពីបានបង្ហាញមុខនៅវិទ្យាល័យដែលកូនស្រីរបស់ខ្លួនសិក្សា ហើយទះកំផ្លៀងមិត្តរួមថ្នាក់របស់កូនស្រីខ្លួនក្រោយពេលក្មេងស្រីជំទង់ទាំងពីរនាក់នេះវាយតប់គ្នា បានប្រាប់សាលាដំបូងរាជធានីភ្នំពេញថា ខ្លួនវាយក្មេងស្រីរូបេនះដោយសារចាត់ទុកនាង ”ដូចកូន”។
លោក ទេព ឃួន អាយុ៤៩ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែកក្កដា ហើយត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយចេតនា ពីរថ្ងៃបន្ទាប់ពីរូបភាពវីដេអូដែលបុរសរូបនេះទះកំផ្លៀងសិស្សម្នាក់ឈ្មោះ ញ៉ែម ចាន់ធីតា អាយុ១៦ឆ្នាំ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ត្រូវបានបង្ហោះព្រោងព្រាតតាមហ្វេសប៊ុក។
បន្ទាប់ពីត្រូវបានចាប់ខ្លួន លោក ទេព ឃួន បានប្រាប់នគរបាលថា ខ្លួនគឺជាមន្ត្រីនៅទីស្ដីការគណៈរដ្ឋមន្ត្រី ប៉ុន្តែក្រោយមកបានសារភាពថា មិនមែនទេ ដោយបន្តអះអាងថា ខ្លួនគឺជាប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះអង្គការអភិវឌ្ឍន៍ស្ត្រី ហើយខ្លួននិងកំពុងមានជំងឺសរសៃប្រសាទ។
អំឡុងការបើកសវនាការជំនុំជម្រះកាលពីម្សិលមិញ លោក បានសារភាពថា ពិតជាបានទះកំផ្លៀងមែន ហើយនិយាយថា គាត់ចូលទៅបរិវេណសាលាដោយមានការអនុញ្ញាតពីនាយករងសាលា បន្ទាប់ពីកូនស្រីរបស់គាត់ប្រាប់តាមទូរស័ព្ទថា សិស្សស្រីឈ្មោះញ៉ែម ចាន់ធីតា បោចសក់នាងពេលឈ្លោះគ្នា។
លោកបានប្រាប់តុលាការថា នៅពេលទៅដល់សាលា គាត់មានបំណងត្រឹមតែប្រដៅក្មេងស្រីរូបនេះប៉ុណ្ណោះ ប៉ុន្តែ មិនអាចទប់កំហឹងបាននៅពេលនាងស្រែកដាក់គាត់។ លោកបានលើកឡើងទៀតថា គាត់ទះកំផ្លៀងក្មេងស្រីរូបនេះដោយសារនាងជាមិត្តជិតស្និទ្ធរបស់កូនគាត់ ហើយធ្លាប់មកលេងផ្ទះរបស់គាត់ និងជួនកាលញ៉ាំបាយនៅផ្ទះគាត់ក៏មានដែរ។
លោកនិយាយថា ”ខ្ញុំស្ដីប្រដៅនាង ប៉ុន្តែនាងបានស្រែកដាក់ខ្ញុំ ហេតុដូច្នេះហើយទើបខ្ញុំទះនាងមួយកំផ្លៀង ព្រោះខ្ញុំចាត់ទុកនាងដូចកូន ដោយសារនាងហៅខ្ញុំថា ប៉ាប៉ា និងហៅប្រពន្ធរបស់ខ្ញុំថា ម៉ាក់ “។
ពេលត្រូវបានសួរដោយចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លាង សំណាត់ ថាតើមានកែខ្លួនឬនៅបន្ទាប់ពីជាប់ពន្ធនាគារព្រៃស លោក ទេព ឃួន បានឆ្លើយថា “ខ្ញុំដឹងខុសហើយ ហើយក៏ព្រមទទួលកំហុសដែរ លើកក្រោយខ្ញុំនឹងមិនបណ្ដោយឲ្យរឿងនេះកើតឡើងម្ដងទៀតឡើយ។ ខ្ញុំសោកស្ដាយយ៉ាងខ្លាំងដែលបានធ្វើខុស”។
លោក ហាក់ ស៊ីណា មេធាវីរបស់លោក ទេព ឃួន បានលើកឡើងថា កូនក្ដីរបស់ខ្ញុំគួរតែត្រូវបានដោះលែង ដោយមូលហេតុថា គាត់បានបង់ប្រាក់៥០០ដុល្លារឲ្យក្មេងស្រីរងគ្រោះរួចហើយ ហើយគាត់ថែមទាំងមានអាយុច្រើន និងមានសុខភាពមិនល្អទៀត។
លោក ហាក់ ស៊ីណា បានមានប្រសាសន៍ថា “កូនក្ដីរបស់ខ្ញុំមានអាយុច្រើន ហើយមានជំងឺទៀត ហេតុដូច្នេះសូមចៅក្រមបន្ធូរបន្ថយទោស ហើយអនុញ្ញាតឲ្យគាត់ចេញពីពន្ធនាគារដើម្បីទៅព្យាបាលជំងឺ និងរកប្រាក់ចិញ្ចឹមគ្រួសារផង”។
ចៅក្រម លាង សំណាត់ បានលើកឡើងទៀតថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២១ ខែកញ្ញានេះ៕ ស៊ុយឈាង