33 C
Phnom Penh

រដ្ឋមន្ត្រី​មហាផ្ទៃ​​ការ​ពារ​​ការ​ចាប់​ខ្លួនបុរសពីរ​​​នាក់​​​ថ្មីៗ​​​នេះ​​​ពាក់​​​ព័ន្ធ​​​ហ្វេសប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ ​បាន​និយាយ​ការពារ​​ការ​រឹត​​​​បន្តឹង​​​​លើ​សេរីភាព​​​បញ្ចេញ​មតិ​នៅ​កម្ពុជា ដោយ​លើក​ឡើង​​ពី​ការ​ចាប់​ខ្លួន​​មនុស្ស​ពីរ​នាក់​ក្នុង​ពេល​ថ្មីៗ​​ពាក់ព័ន្ធ​​នឹង​ការ​បង្ហោះ​សារ​​​តាម​ហ្វេសប៊ុក​​ និង​​​អ្វី​​​ដែល​​​​លោកអះ​​​អាង​​ថា​​​ជា​​​​​ផែន​ការ​មិន​បាន​សម្រេច​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​​​បំណង​​​​ដុត​រូប​តំណាង​​​ ​​លោក​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ។

ពេល​ថ្លែង​ស្តី​​​ពី​​​ប្រព័ន្ធ​​​​សន្តិសុខ​​នៅ​សិក្ខា​​​សាលា​មួយ​​​ក្នុង​រាជធានី​ភ្នំពេញ លោក ​​​ស ខេង បាន​គូស​បញ្ជាក់​​ពី​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ក្នុង​ពេល​ថ្មីៗ​​ ដែល​អំពាវ​នាវ​​ឲ្យ​ធ្វើ​​ “បដិ​​​វត្ត​​​​ន៍​​​ពណ៌” តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ និង​បុរស​ម្នាក់​ទៀត​​ដែល​គំរាម​​សម្លាប់​​​បណ្ឌិត​​ដ៏លេច​ធ្លោ​មួយ​រូប​ ដែល​​សិក្សា​ស្រាវជ្រាវ​អំពី​​ព្រំដែន​កម្ពុជា​-វៀតណាម​កាល​​​​​ពី​​​​ពេល ​ថ្មីៗនេះ​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ​រដ្ឋាភិបាល​​បាន​លើក​កម្ពស់​សិទ្ធិ​​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ស្ដីពី​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំគ្នា​ ប៉ុន្តែ​បាន​រឹត​បន្តឹង​​​​​នៅ​ពេល​ការ​ប្រើ​ប្រាស់​សិទ្ធិ​ទាំង​នោះ “​បាន​រំលោភ​បំពាន​លើ​សិទ្ធិ និង​កិត្តិ​​​យស​​​​ របស់​អ្នក​ដទៃ”។

​ដោយ​សំដៅ​លើ​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ គង់ រ៉ាយ៉ា អាយុ​២៥​ឆ្នាំ​ ដែល​​អំពាវ​នាវ​​ឲ្យ​គេ​ចូល​រួម​​ក្នុង​ការ​ធ្វើ​បដិវត្តន៍​​​ពណ៌​ជា​​​មួយ​ខ្លួន​តាម​ហ្វេសប៊ុក​កាលពី​ខែ​មុន លោក ស ខេង បាន​មាន​ប្រសាសន៍​ថា “​ចំពោះ​បដិ​​​វត្តន៍​​​ ពណ៌ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ ហើយ​​​​ ​បំផ្លាញ​សន្តិសុខ​ជាតិ​ សន្តិភាព​ អាយុ​​​ជីវិត​ និង​​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ”។

ហើយ​នៅ​ពេល​សំដៅ​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ទៀត​ឈ្មោះ ផង់ សីហា អាយុ​២៧​ឆ្នាំ ដែល​​គំរាម​ “​បាញ់​ក្បាល​” លោក សុខ ទូច តាម​​ហ្វេសប៊ុក​កាលពី​ដើម​ខែ​នេះ លោក​ ស ខេង បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​មាន​ការ​គំរាម​កំហែង​ដល់​អាយុជីវិត ហើយ​គ្មាន​វិធានការ​ពី​​ “​អាជ្ញាធរ​” ដើម្បី​រារាំង​វា​ទេ វា​គឺ​កំហុស​ឆ្គង”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែមទៀត​ថា “​ប្រសិន​​​​បើ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ទេ វា​មាន​ន័យ​ថា អាជ្ញាធរ​​គ្មាន​ការ​ទទួល​ខុស​ត្រូវ​។ អ្នក​រិះគន់​​និយាយ​ថា វា​គឺ​ជា​សិទ្ធិ​សេរី​​​ភាព​នៃ​ការ​បញ្ចេញ​មតិ​។ ​ហេតុ​ដូច្នេះ ទុក​ឲ្យ​អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​ក្រសួង​យុត្តិធម៌​វិនិច្ឆ័យ​​​​ទៅ”។

លោក ស ខេង ក៏​បាន​និយាយ​​​​ពី​ពេល​មួយ​​ ដែល​លោក​លើក​ឡើង​ថា រដ្ឋាភិបាល​​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ផែន​ការ​​បង្កើត​ និង​បំផ្លាញ​រូប​តំណាង​របស់​លោក ហ៊ុន សែន ផង​ដែរ​។

ដោយ​មិន​បាន​ផ្ដល់​​កាល​បរិច្ឆេទ​ជាក់​លាក់​នៃ​ផែន​ការ​​នោះ លោក ស ខេង បាន​មាន​ប្រសាសន៍​ថា “នៅ​ថ្ងៃ​នោះ​ ពួកគេ​​​បាន​រៀប​​​ផែនការ​​ព្យួរ​រូប​តំណាង ហើយ​អូស​តាម​ផ្លូវ​សាធារណៈ​ និង​ដុត​រូបនោះ​ចោល​នៅ​ពេល​រសៀល”។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​លើក​ឡើង​ថា លោក​បាន​ទាក់​ទង​​ទៅ​លោក វីលៀម ​​​ថូដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​​​​ឲ្យ​​ជួយ​​បញ្ជូន​​សារ​​ទៅ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា ទង្វើ​បែប​នេះ​នឹង​​គ្មាន​ការ​អត់​ឱន​​ឲ្យ​ទេ។

លោក ស ខេង បាន​មាន​ប្រសាសន៍​ថា “កម្ពុជា​មិន​ទាន់​ឈាន​ដល់​វប្បធម៌​នោះ​នៅ​ឡើយ​ទេ។ លោក​​ [វីលៀម ថូដ] បាន​ជួយ​សម្រប​សម្រួល​​បញ្ហា​នេះ​ ហើយ​បន្ទាប់​មក​ភាគី​របស់​យើង​​មិន​ចាត់​វិធានការ​ទេ​​ ហើយ​បាន​ដក​កម្លាំង​​មក​វិញ​”។

ស្ថាន​ទូត​អាមេរិក​​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​ឡើយ​លើ​ការ​អះអាង​របស់​​លោក ស ខេង។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​លើកឡើង​ថា សេនារីយ៉ូ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​លើក​ឡើង​​គ្មាន​​​​ហេតុ​ផល​ទាល់​តែ​សោះ។

​នៅពេល​​ត្រូវ​បាន​សួរ​ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​​មាន​ផែន​ការ​​ដុត​រូប​តំណាង​របស់​លោក ហ៊ុន សែន ដែរ​ឬទេ​ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “មិន​ធ្លាប់​មាន​​ទេ​​។ ​វា​​ឆ្កួត​ៗ​គួរ​ឲ្យ​អស់សំណើច។ ខ្ញុំ​គិត​ថា ពួកគាត់​​[មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា] អស់​អី​ធ្វើ​​ បែរ​ជា​មក​ចោទ​ប្រកាន់​គណ​​​បក្ស​សង្គ្រោះជាតិ​ និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ថា បាន​ព្យាយាម​​ធ្វើ​រឿង​នេះ​​​រឿង​នោះទៅវិញ​”៕ ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស