31 C
Phnom Penh

បុគ្គលិកជន​ជាតិ​កូរ៉េនិង​ខ្មែរ​​ប្រឈម​តតាំង​​​នឹង​​​​​ឧកញ៉ា​ម្នាក់​ពាក់ព័ន្ធ​វិវាទដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​និង​​​ជន​​​ជាតិ​​​ខ្មែរ​​​មួយ​​​ក្រុម ដែល​​​បម្រើ​​​ការ​​​ងារ​​​នៅ​​​ក្រុមហ៊ុន​​​អភិ​វឌ្ឍន៍​​​ មួយរបស់​​​កូរ៉េ​​​​​​បាន​​ប្រឈម​​​តតាំង​​​នឹង​​​អេស្កា​​​វ៉ាទ័រ និង​​​ត្រាក់ទ័រ​​​ឈូស​​​ដី​​​ដែល ឈូសឆាយ​​​ដី​​​ឲ្យ​​​ពាណិជ្ជករ​​​​​​​​​​​​ស្តុក​​​ស្តម្ភ​​​​​​ក្នុង​​​ស្រុក​​​​​​ម្នាក់​​​នៅក្នុង​​​វិវាទ​​មួយ​​​ជុំ​​​វិញ​​​ដី​​​ទំហំ​​​៦​​​ហិកតា​​​នៅក្នុង​​​ខណ្ឌ​​​ឫស្សីកែវ រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីម្សិលមិញ។

បុគ្គលិក​នៅ​ក្រុម​​​ហ៊ុន World City Co.Ltd ជា​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​នៅ​​​កាំកូស៊ីធី​​​ បាន​​​លើក​​​បដា​​​ដោយ​​​មាន​​​សរសេរ​​​ពាក្យ​​​ដូច​​​ជា ”ឈប់​​​រំលោភ​​​យក​​​ដី​​​កាន់កាប់​​​​ដោយ​​​ស្រប​​​ច្បាប់ ​​​របស់​​​យើង​​​ទៅ” និង ​​​​​​”រក្សា​ឋានៈ​​​ជា​​​ឧកញ៉ា ​​​កុំ​​​ធ្វើ​​​ជា​​​ឧក្រិដ្ឋ​​​ជន​​​អី​​​” ខណៈ​​​ដែល​​​គ្រឿង​​​ចក្រ​​​បាន​​​បំផ្លាញ​​​ដើម​​​ឈើ​​​នៅ​​​លើ​​​ដី​​ដែល​ឧកញ៉ា​​​ [កុកអាន] មាន​​​គម្រោង​​​ធ្វើ​​​​ផ្លូវ​​​ឆ្ពោះ​​​ទៅ​​​ក្លឹប​​​បាល់​​​ទាត់​​​ភ្នំពេញ​​​ក្រោន។

លោក សឹង យ៉ុងលី (Seung Hyung-lee)​​​ អនុ​​​ប្រធាន​​​ក្រុមហ៊ុន World City បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ជា​​​វិនិយោគិន​​​បរទេស​​​យើង​​​បាន​​​ទិញ​​​ដី​​​នេះ​​​ដោយ​​​ស្រប​​​ច្បាប់​​​ហើយ​​​​​​ បាន​​​ចុះ​​​បញ្ជី​​​ជាមួយ​​​នាយក​​​ដ្ឋាន​​​សុរិយោដី​​​របស់​​​រដ្ឋាភិបាលកម្ពុជា​​​។ លោក​​​ឧកញ៉ា ​​​កុក ​​​អាន បាន​​​លក់​​​ដី​​​នេះ​​​ឲ្យ​​​យើង​​​ ប៉ុន្តែ លោក​​​បាន​​​ប្តូរ​​​ចិត្ត​​​វិញ​​​”។

កាល​​​ពី​​​ឆ្នាំ​​​២០០៥ ក្រុម​​​អភិវឌ្ឍន៍​​​របស់​​​កូរ៉េ​​​​​​មួយ​​​នេះ​​​បាន​​​ទិញ​​​ដី​​​ទំហំ​​​៥០ហិកតា​​​ពី​​​លោក ​​​កុក ​​​អាន ​​​ដែល​​​នៅជាប់​​​នឹង​​​ក្លឹប​​​បាល់​​​ទាត់​​​ភ្នំពេញ​​​ក្រោន​​​ ចម្ងាយ​​​ប្រហែល​​​៣​​​គីឡូ​​​ម៉ែត្រ​​​ពី​​​កាំកូស៊ីធី។

លោក​​​ សឹង បាន​​​និយាយ​​​ថា ដីទំហំ​​​​​​៦​​​ហិកតា​​​ ​​​ដែលមាន​​​វិវាទ​​​នេះ ​​​ស្ថិត​​​ក្នុង​​​ដី​​​ទំហំ​​​៥០​ហិកតា​​​ ​​​ខណៈ​​​លោក រិទ្ធី សំណាង ជា​​​កូន​​​​​​ប្រសា ​​​និង​​​ជា​​​អ្នក​​​តំណាង​​​លោក កុក អាន  បាន​​​អះ​​​អាង​​​ថា ជន​​​ជាតិ​​​កូរ៉េ​​​ទាំង​​​នេះ​​​កំពុង​​​ព្យាយាម​​​យក​ដី​​​ទំហំ​​​៦​​​ហិកតា​​​បន្ថែម​​​ទៀត​​​។

យោងតាម​ភាគី​ទាំង​ពីរ​បានឲ្យ​ដឹង​ថា បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​រារាំង​​​​​​​​៤​​​ដង​​​​​​កាល​​​ពី​​​ម្សិល​មិញ ទីបំផុត​​​គ្រឿង​​​ចក្រ​​​របស់​​​លោក ​​​កុក អាន ​​​បាន​​​បើក​​​​កាត់​​​ប្រឡាយ​​​ដែល​​​ខណ្ឌ​​​ចែក​​​ដី​​​ក្លឹប​​​បាល់​​​ទាត់​​​ភ្នំពេញ​​​ក្រោន និង​​​ក្រុម​​​ហ៊ុនWorld ​City ហើយ​​​ចាប់​​​ផ្តើម​​​រាន​​​ដី​​​នោះ​​​។

លោក សយ កុសល ចៅសង្កាត់​​​ទួល​​​សង្កែ​​​ដែល​​​បាន​​​មក​​​ដល់​​​ទាន់​​​ពេល​​​វេលា​​​ដើម្បី​​​សម្រាល​​​ស្ថានការណ៍​​​ដែល​​​កំពុង​​​តែ​តាន​​​តឹងនោះ បានមាន​​​ប្រសាសន៍​​​ថា បុគ្គលិក​របស់​​​​​​ លោក​​​ កុក អាន គ្រាន់​​​តែ​​​មក​​​ពិនិត្យ​​​មើលការ​បង្ហូរ​ទឹក​​​ជន់​​​លិចចេញ​​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​ថា ដី​​​នេះ​​​មិន​​បាន​​​កំណត់​​​ព្រំ​​​ប្រទល់ត្រឹមត្រូវ​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ភាគី​​​ខាង​​​កាំកូសីុធី​​​មាន ការ​​​យល់​​ខុស​។ ខ្ញុំ​​​ចង់​​​និយាយ​​​ថា ភាគី​​​ខាង​លោក​​​ឧកញ៉ាកំពុង​​​ជីក​​​ប្រឡាយ​​នេះ​​ឲ្យ​ជ្រៅ”​។

ទោះ​​​យ៉ាង​​​ណា​​​លោក​​​ សំណាង បាន​​​លើក​​​ឡើង​​​ថា ដី​​​នេះ​​​ត្រូវ​​​បាន​​​រានដើម្បី​​​ធ្វើ​​​ផ្លូវ​​​ពី​​​មហា​​​វិថី​​​អង្គរ​​​ទៅ​​​ពហុកីឡាដ្ឋាន​​​បាល់​​​ទាត់​​​នេះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ដី​​​នេះ​​​ជា​​​របស់​​​ខ្ញុំ​​​។ ខ្ញុំ​​​មាន​​​ប័ណ្ណ​កម្មសិទ្ធិ​​​ដី​​​នេះ។​​​ ខ្ញុំ​​​​​​រាន​​​ដី​​​នេះ​​​ដើម្បី​​​ធ្វើ​​​​ផ្លូវ​​​”៕­សារុន      

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស