34 C
Phnom Penh

នៅ​ពេល​ប្រេសិត​សហ​ប្រជាជាតិ​មក​ដល់ អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ចម្ងល់​ចំពោះ​ប្រសិទ្ធភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​លោក​ស្រី រ៉ូណា ស្មីត អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចាប់​ផ្តើម​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ដំបូង​របស់​លោក​ស្រី​នៅ​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ សកម្មជន​សិទ្ធិ​មនុស្ស​សំខាន់ៗ​យល់​ឃើញ​ផ្សេង​គ្នា​អំពី​តួនាទី​របស់​លោក​ស្រី​ដែល​អាច​មាន​ឥទ្ធិពល​លើ​ស្ថានការណ៍​ជាក់​ស្តែង។

លោក​ស្រី ស្មីត សាស្ត្រាចារ្យ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ ណ័រសាំប្រៀ នៃ​ប្រទេស​អង់គ្លេស ទទួល​បាន​ការ​យល់ព្រម​តែងតាំង​ជា​ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថ្មី​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​កាលពី​ខែ​មីនា ដោយ​បន្ត​ការងារ​ពី​លោក សុរិយា​ ស៊ូបេឌី (Surya Subedi) ដែល​បាន​ចប់​អាណត្តិ​៦​ឆ្នាំ​របស់​លោក​នៅ​ដើម​ឆ្នាំ​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ស្មីត ដែល​កាលពី​ដំបូង​គ្រោង​ធ្វើ​នៅ​ខែ​ឧសភា ត្រូវ​បាន​លប់​ចោល ព្រោះ “មូលហេតុ​ភ័ស្តុភារ” ហើយ​ត្រូវ​បាន​រៀប​គម្រោង​ជាថ្មី​សម្រាប់​ខែ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ស្រី ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​នេះ គ្រោង​នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មេដឹកនាំ​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន។

សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​មាន​ផែនការ​ជម្រាប​លោក​ស្រី ស្មីត យ៉ាង​សង្ខេប​អំពី​បញ្ហា​ជាច្រើន​ដែល​កំពុង​ប្រឈម​នឹង​ប្រទេស​នេះ ប៉ុន្តែ​បាន​ផ្តល់​មតិ​ចម្រុះ​អំពី​ថា​តើ​មាន​ឥទ្ធិពល​ប៉ុន្មាន ដែល​លោក​ស្រី​អាច​មាន​លើ​សកម្មភាព​របស់​រដ្ឋាភិបាល។

លោក សួន ប៊ុនសក្តិ លេខាធិការ​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​​ប្រព្រឹត្តិ​កម្ម​​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​និយាយ​ថា លោក​មាន​ផែនការ​លើក​ប្រធានបទ​បី​ដោយ​ឡែក​ពី​គ្នា គឺ​បញ្ហា​ដី​ធ្លី តុលាការ និង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ក្នុង​ជំនួប​ជាមួយ​លោក​ស្រី ស្មីត នៅ​ថ្ងៃ​នេះ។

លោក ប៊ុនសក្តិ បាន​និយាយ​ថា លោក​ជឿ​ថា អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​រូប​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រំឭក​រដ្ឋាភិបាល​នូវ​ការ​ប្តេជ្ញា​ជា​អន្តរជាតិ​របស់​ខ្លួន​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស។

លោក ប៊ុនសក្តិ បាន​និយាយ​ថា “យើង​ត្រូវការ​ជំនាញការ​ថ្នាក់​ខ្ពស់​បែប​នេះ គឺ​ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ឃ្លាំ​មើល​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស”។

លោក​បាន​បន្ត​ទៀត​ថា អ្នក​ធ្វើ​របាយការណ៍​ពិសេស​ចាំបាច់​ត្រូវ “ណែនាំ​រដ្ឋាភិបាល [និង] ឲ្យ​ពួកគេ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព ចំពោះ​ដំណោះ​ស្រាយ ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង”។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក ដែល​ខ្លួន​លោក​ផ្ទាល់​បាន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ខាង​ផ្លូវ​ច្បាប់ ដោយសារតែ​ការងារ​តស៊ូ​មតិ​របស់​លោក​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​កន្លង​មក​នេះ បាន​និយាយ​ថា អង្គការ​របស់​លោក​នឹង​រាយការណ៍​ទៅ​លោក​ស្រី ស្មីត អំពី “សន្តិសុខ​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​…​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​លម្ហ​សម្រាប់​សកម្មភាព​នយោបាយ”។

ដោយ​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​នៃ​យុវជន​ពីរ​នាក់ ឈ្មោះ គង់ រ៉ាយ៉ា និង ផង់ សីហា ដោយសារ​ការ​បង្ហោះ​លើ​បណ្តាញ​ព័ត៌មាន​សង្គម លោក ចរិយា បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ស្ថានការណ៍​អាក្រក់​ជាង​មុន ប្រសិនបើ​អ្នក​ប្រៀបធៀប​ជាមួយ​នឹង​បរិយាកាស​សម្រាប់​ការ​បញ្ចេញ​មតិ​ក្នុង​ពេល​កន្លង​មក”។

លោក រ៉ាយ៉ា បាន​អំពាវនាវ​ឲ្យ​មាន “បដិវត្តន៍​ពណ៌” លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ចំណែក​ឯ​លោក សីហា បាន​ប្រើ​វិបសាយ​គំរាម​ជីវិត​លោក សុខ ទូច អ្នក​សិក្សា​ស្រាវជ្រាវ​ល្បី​ឈ្មោះ​ម្នាក់ ដែល​រដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឲ្យ​សិក្សា​អំពី​ការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លោក ចរិយា បាន​បន្ថែម​ថា ការ​មិន​មាន​ជោគជ័យ​របស់​អាជ្ញាធរ​ក្នុង​ការ​ស៊ើប​អង្កេត​ការ​បាញ់​សម្លាប់​អ្នក​តវ៉ា​ប្រាំ​នាក់​ដោយ​ប៉ូលិស​កាលពី​ខែ​មករា​ឆ្នាំ​មុន និង​ការ​កាត់​ទោស​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់​ជាប់ទោស​នា​ពេល​ថ្មីៗ អំពី​អ្វី​ដែល​គេ​គិត​ជា​ទូទៅ​ថា​ជា​បទ​ចោទ​កុបកម្ម​មិន​ត្រឹមត្រូវ គឺ​ជា​ភ័ស្តុតាង​បង្ហាញ​ថា​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នេះ​កំពុង​ធ្លាក់​ចុះ។

លោក​បាន​និយាយ​ថា “នេះ​ជា​ភ័ស្តុតាង​ដ៏​ច្បាស់​ដែល​បង្ហាញ​ថា ស្ថានការណ៍​ចំពោះ​សកម្មជន​នយោបាយ​ក្នុង​ប្រទេស​នេះ​គឺ​គ្រោះ​ថ្នាក់​ណាស់”។

យ៉ាង​ណាក៏​ដោយ លោក​បាន​និយាយ​ថា លោក​មាន​មន្ទិល​អំពី​សមត្ថភាព​របស់​លោក​ស្រី ស្មីត ក្នុង​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ។ លោក​បាន​និយាយ​ទៀត​ថា “ផ្អែក​លើ​បទ​ពិសោធន៍​របស់​ខ្ញុំ រដ្ឋាភិបាល​មិន​ទទួល​យក​អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​ជា​ទីប្រឹក្សា​ទេ។ ពួកគេ​ចាត់​ទុក​អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​ដូចជា​អ្នក​ប្រឆាំង​អ៊ីចឹង។ នោះ​ហើយ​ជា​បញ្ហា”។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​និង​ជា​ស្ថាបនិក​វេទិកា​អនាគត​ក្រុមប្រឹក្សា​យោបល់ បាន​យល់​ស្រប​ថា អ្នក​ធ្វើ​របាយការណ៍​ពិសេស​មាន​ឥទ្ធិពល​តិចតួច​ក្នុង​ប្រទេស​នេះ។

ដោយ​កត់​សម្គាល់​ឃើញ​ថា​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​ប្រទេស​ចិន​កំពុង​បន្ថយ​ឥទ្ធិពល​របស់​សហ​ប្រជាជាតិ​នៅ​កម្ពុជា​នោះ លោក​បាន​មាន​ប្រសាសន៍​ថា “សារៈសំខាន់​នៃ​តួនាទី​នោះ​ជា​ការ​ពិត​កំពុង​ធ្លាក់​ចុះ​រាល់​តែ​ឆ្នាំ”។

លោក​និយាយ​ថា “គួរ​ឲ្យ​ស្តាយ​របៀប​ដែល​ពិភព​លោក​ធ្វើការ និង​មាន​ការងារ​តិចតួច​ណាស់​ដែល​អង្គការ​សហ​ប្រជាជាតិ​អាច​ធ្វើ​បាន ឬ​សុខ​ចិត្ត​ធ្វើ”។

លោក​បាន​និយាយ​អំពី​លោក​ស្រី ស្មីត ថា “ខ្ញុំ​គិត​ថា លោក​ស្រី​នឹង​ជួប​ការ​លំបាក​ខ្លាំង។ អាណត្តិ​របស់​លោក​ស្រី​គឺ​នៅ​ទី​នោះ ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​គិត​ថា ការ​ប្តេជ្ញា​ចិត្ត​លែង​មាន​ទៀត​ហើយ៕ និត (រាយការណ៍​បន្ថែម​ដោយ Kuch Naren)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស