អ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា អ្នកនាង អ៊ែនជែលីណា ចូលី បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីខ្សែភាពយន្តមានចំណងជើងថា “ពីដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ដែលអ្នកនាងនឹងចាប់ផ្តើមថតក្នុងពេលឆាប់ៗ និងតំបន់អភិរក្សមួយកន្លែងក្នុងខេត្តបាត់ដំបងដែលការពារដោយតារាសម្ដែងដ៏ល្បីល្បាញរូបនេះ។
តារាហូលីវូដដ៏ល្បីឈ្មោះរូបនេះ ដែលបានសុំកូនឈ្មោះម៉ាដុក (Maddox) ពីមណ្ឌលកុមារកំព្រាកម្ពុជាយកទៅចិញ្ចឹមកាលពីឆ្នាំ២០០២ បានប្រកាសនៅក្នុងខែកក្កដាថា អ្នកនាងនឹងដឹកនាំផលិតខ្សែភាពយន្តនេះដោយផ្អែកលើការចងចាំដែលសរសេររៀបរាប់ដោយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ឈ្មោះ លឿង អឹុង ។
អ្នកនាង អ៊ែនជែលីណា ចូលី បានពិភាក្សាអំពីគម្រោងនេះជាមួយលោកនាយករដ្ឋមន្ត្រី ហើយបានសង្កត់ធ្ងន់ថា គោលបំណងនៃការផលិតខ្សែភាពយន្តនេះគឺដើម្បីអប់រំនិងបង្ហាញទស្សនិកជនឲ្យស្គាល់ពីវប្បធម៌ខ្មែរជាជាងផ្តោតលើអំពើដ៏ព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម នេះបើយោងតាមលោក អៀង សុផាលែ្លត ជំនួយការផ្ទាល់របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានថ្លែងថា”ខ្សែភាពយន្តនេះផ្អែកលើសៀវភៅមួយក្បាលដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់ក្មេងស្រីគ្រប់រូបរស់នៅក្នុងភ្លើងសង្គ្រាម។ នេះមិនមែនជារឿងដែលឆ្លុះបញ្ចាំង តែពីអំពើដ៏ព្រៃផ្សៃទេ ប៉ុន្តែ វាក៏ឆ្លុះបញ្ចាំងអំពីប្រជាពលរដ្ឋ វប្បធម៌ ទំនៀមទម្លាប់ និងក្រុមគ្រួសារនៅក្នុងសង្គមខ្មែរផងដែរ។ជាពិសេសវានឹងបង្ហាញអំពីសេចក្តីស្រឡាញ់របស់ឪពុកម្តាយដែលមានចំពោះកូនៗរបស់ខ្លួន”។

លោក អៀង សុផាល្លែត បានលើកឡើងទៀតថា លោកនាយករដ្ឋមន្ត្រី និងតារាសម្តែងដ៏ល្បីឈ្មោះរូបនេះក៏បានពិភាក្សាគ្នាអំពីស្ថានភាពនៃតំបន់ការពារនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ជាកន្លែងដែលលោកហ៊ុន សែន បានលុបចោលគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយ បន្ទាប់ពីអ្នកឈ្នះពានរង្វាន់អូស្ការូបនេះបានបញ្ចុះបញ្ចូលឲ្យមានការលុបចោលកាលពីឆ្នាំ២០០៤ផងដែរ។ ទំនប់វារីអគ្គិសនីនេះ ដែលគេគ្រោងសាងសង់ឆ្លងកាត់ទន្លេក្នុងស្រុកសំឡូតនឹងធ្វើឲ្យលិចលង់ភូមិមួយក្នុងមូលដ្ឋាន។
លោកបានមានប្រសាសន៍ថា ”អ្នកនាងបានប្រាប់សម្តេច [ហ៊ុន សែន] ថា តំបន់ការពារ សំឡូតកំពុងតែអភិវឌ្ឍបានយ៉ាងល្អប្រសើរ។ ប្រសិនបើយើងមើលពីលើអាកាសមក យើងឃើញព្រៃឈើដ៏ខៀវស្រងាត់ ហើយពួកគាត់ [លោក ហ៊ុន សែន និង អ្នកនាង អ៊ែនជែ លីណា ចូលី] កំពុងតែរួមដៃគ្នាដើម្បីការពារធនធានព្រៃឈើនៅកម្ពុជា”។
ខ្សែភាពយន្តដែលនឹងផលិតក្នុងពេលឆាប់ៗនេះ នឹងត្រូវបញ្ចេញដើម្បីចាក់បញ្ចាំងដោយក្រុមហ៊ុនអនឡាញ Netflix ហើយគេគ្រោងនឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ រីឯថ្ងៃចាក់បញ្ចាំងគឺនៅឆ្នាំ២០១៦។ ហើយវានឹងមានការសហការផលិតដោយផលិតករភាពយន្តខ្មែរមួយរូប ឈ្មោះ ប៉ាន់ ឫទ្ធី។
អ្នកផ្តល់ព័ត៌មានសម្រាប់អ្នកនាង អ៊ែន ជែលីណា ចូលី មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានឡើយ៕ ស៊ុយឈាង