28 C
Phnom Penh

អ្នក​បើក​បរ​គេច​ខ្លួន​បន្ទាប់ពី​រថយន្ត​បុក​គ្នា​បណ្ដាល​ឲ្យ​កម្មកររោងចក្រ​​​កាត់​​​ដេរ​​​​៧៥​នាក់​​រងរបួស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នគរ​បាល​​​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កម្មករ​កាត់​ដេរ​ជាង​៧០នាក់​​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​​បាន​រង​របួស​កាលពី​ល្ងាច​ថ្ងៃ​ពុធ ​ក្នុង​នោះ​មាន​បួន​នាក់​បាន​រង​របួស​ធ្ងន់​​នៅ​ពេល​រថយន្ត​ពីរ​គ្រឿង​ ដែល​ដឹក​កម្មករ​ទាំង​នេះ​​​ត្រឡប់​​ពីធ្វើការ​មក​ផ្ទះ​​វិញ ​បាន​បុក​គ្នា​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

លោក កែវ គួង ​អធិការ​នគរ​បាល​ក្រុង​បាវិត​​​​បាន​​​និយាយ​​ថា ហេតុការណ៍​​​នេះ​​​កើត​ឡើង​​​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ឃុំ​ច្រក​ម្ទេស​​នៅ​ម៉ោង​ប្រហែល​​៧​យប់​ ហើយ​​​ក្នុង​នោះ​មាន​​កម្មករ​កាត់​ដេរ​​៧៥​នាក់​​មកពី​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ តាយ សេង និង​ ម៉ាន​ហាតាន់​។

លោក​ បាន​លើកឡើង​ថា “​រថយន្ត​​ធុន​តូច​​បានឈប់​នៅ​​ចិញ្ចើម​ផ្លូវ​ផ្នែក​ខាង​ស្ដាំ​​បន្ទាប់ពី​​បើក​ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​​រថយន្ត​ធុនធំ​បាន​បុក​ពី​ក្រោយ​​ដោយ​បណ្ដាល​​ឲ្យ​កម្មករ​​៧៥​នាក់​រង​របួស​​។ កង​កម្លាំង​របស់​យើង​បាន​ទៅ​ដល់​ទាន់​ពេល​វេលា ហើយ​បាន​​​​បញ្ជូន​ជន​រងគ្រោះទៅ​មន្ទីរ​ពេទ្យ​​ជីភូ​ភ្លាមៗ​​”។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​បើក​បរ​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​បាន​​រត់​​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​បន្ទាប់ពី​​ហេតុការណ៍​នេះ​​​កើត​ឡើងរួច​​។

លោក​បាន​ថ្លែងថា​ “​ឥឡូវ​នេះ​យើង​កំពុង​តែ​​តាម​ស្វែង​រក​​អ្នក​បើក​បរ​។ យើង​​ស្គាល់​អត្តសញ្ញាណ​របស់​ពួកគេ​ហើយ ហើយ​យើង​​​នឹង​ចាប់​​ពួកគេ​មក​ផ្ដន្ទា​ទោស​”។

​លោក ប្រាក់ សម្បត្តិ ​ប្រធាន​មន្ទីរ​ពេទ្យ​​​ជីភូ​ ក្នុង​​​ក្រុង​បាវិត​ បាន​លើក​ឡើង​ថា កម្មករ​​​៧១​នាក់​​​​ គ្រាន់​តែ​​​រង​របួស​ស្រាល​ប៉ុណ្ណោះ ហើយ​​​​​​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​របស់​លោក រីឯ​ស្ត្រី​បួន​នាក់​ទៀត​រង​របួស​ធ្ងន់​ យើង បាន​បញ្ជូន​ពួកគាត់​​​ទៅ​មន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​។

លោក​បានមាន​ប្រសាសន៍ថា “យើង​​បាន​បញ្ជូន​ជន​រងគ្រោះ​ទាំង​បួន​នាក់​​ទៅ​មន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​កាលពី​យប់​ម្សិលមិញ ព្រោះ​ពួក​គាត់​រង​របួស​ក្បាល​”។

រីឯលោក ចាន់ តារា ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​​​​ខេត្ត​បាន​លើក​ឡើង​ថា ក្រៅ​ពី​រង​របួស​​​​​ក្បាល​ ស្ត្រី​ម្នាក់​​ក្នុង​ចំណោម​ស្ត្រី​ទាំង​បួន​នាក់​នេះ​​បាន​រង​របួស​ម្រាម​ដៃ​​ស្តាំ​ទាំង​អស់​យ៉ាង​​ធ្ងន់ធ្ងរ​​ រីឯ​ម្នាក់​ទៀត​​​បាក់​ជើង​​ និង​អ្នក​ទី៣​បាក់​ឆ្អឹង​ជំនីរ។

លោក​មាន​ប្រសាសន៍​ថា ”​ជន​រងគ្រោះ​ទាំង​បួន​​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​របស់​យើង។ ខ្ញុំ​គិត​ថា ពួកគាត់​មិន​អី​ទេ ព្រោះ​​​រង​របួស​​មិន​សូវ​ធ្ងន់​ធ្ងរឡើយ​។បេឡាជាតិ​របប​សន្តិសុខ​សង្គម​​នឹង​ចេញ​ថ្លៃ​ព្យាបាល​ទាំង​អស់​ឲ្យ​កម្មករ ព្រោះ​ពួកគាត់​ជួប​គ្រោះ​ថ្នាក់​ពេល​ធ្វើ​ការ​”៕ ស៊ុយឈាង​​​​​​​​     

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស