40.6 C
Phnom Penh

ភាគី​​​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ី​រៀប​​​​​​​​រាប់​​​ពី​​ហេតុ​ការណ៍​​​ដ៏​រន្ធត់​​នៃ​ការ​​សម្លាប់​​​​ក្រុម​ជន​ជាតិ​ចាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​​​នៅ​សាលា​​​​ក្ដី​ខ្មែរ​ក្រហម​​ បាន​​រៀប​រាប់​ប្រាប់​​សាលា​ក្ដី​កាល​​​​ពី​ម្សិលមិញ​ថា គាត់​បាន​ស្តាប់ឮ​សមាជិក​គ្រួសារ​​​​​​របស់​គាត់​ស្រែក​យំ​​ដង្ហោយ​​​ហៅ​ព្រះ​អាឡោះ​​​មុន​ពេល​កម្មាភិបាល​ខ្មែរ​ក្រហម​​​សម្លាប់​ពួក​គេ​​​ចោល​ ខណៈ​គាត់​ និង​ប្រពន្ធ​​របស់​គាត់​ពួន​ក្នុង​​​គុម្ពោត​ព្រៃ​ក្បែរ​នោះ​​។

លោក ហុឹម ម៉ាន់ អាយុ​៦៦​ឆ្នាំ ​ជា​អ្នក​ភូមិ​​ជន​​​​​​​ជាតិ​ចាម​​មកពី​​ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម បាន​ឡើង​ក្រចក​សេះ​​​ដើម្បី​ផ្តល់​សក្ខី​កម្ម​ បន្ទាប់ពី​សាក្សី​ពីរ​នាក់​​​បាន​រៀបរាប់​​​មុន​នេះ​ក្នុង​សប្ដាហ៍​នេះ​អំពី​ការ​ចាប់​ខ្លួន និង​ការ​សម្លាប់​​​​ជន​ជាតិ​ចាម​​រាប់​រយ​នាក់​យ៉ាង​រង្គាល​​នៅ​ក្នុង​ឃុំ​ពាម​ជីកង ស្រុក​កងមាស ក្នុង​ឆ្នាំ​១៩៧៧ ជា​ហេតុការណ៍​មួយ​ដែល​មាន​​តែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​​គេច​ផុត​ពី​ស្លាប់​។

អំឡុង​​ពេល​ផ្តល់​​សក្ខី​កម្ម​កាលពី​ម្សិលមិញ លោក ហុឹម ម៉ាន់ ​និយាយ​ថា អ្នក​ដែល​នៅ​រស់​រាន​ទាំង​ពីរ​នាក់​នោះ គឺ​រូប​​គាត់ និង​ប្រពន្ធ​របស់​គាត់​។ គាត់​និយាយ​ទៀត​ថា “​ខ្ញុំ​​ផ្ទាល់​បាន​ស្ថិត​ក្នុង​ចំណោម​​​​ជនជាតិ​ចាម​ ដែល​ត្រូវ​បាន​ប្រមូល​ចាប់​​​នាំ​ទៅ​​កាន់​រណ្ដៅ​ក្នុង​វត្ត​អូរ​​ត្រកួន។ នៅ​ពេល​នោះ ​ស្ថានភាព​​រាង​​​ស្រពេច​​ស្រពិល​ និង​ចលាចល​។ ឆ្កែ​ព្រុស មាន់​រត់​ទៅ​​​នេះ​ទៅ​នោះ ហើយ​ខ្ញុំ​គិត​ថា សូម្បី​​គោ​​ក្របី​​ និង​សត្វ​​ក៏​ដឹង​ថា ​មនុស្ស​​ត្រូវ​គេ​ប្រមូល​ចាប់​យក​ទៅ​សម្លាប់​ចោល​ដែរ”​។

ដើម្បី​គេច​ពី​​អ្វី​ដែល​គាត់​និយាយ​ថាជា​ “អន្ទាក់​មច្ចុរាជ​” លោក ហុឹម ម៉ាន់ ​​​​​​បាន​​ប្រាប់​តុលា​ការ​​​ថា គាត់​និង​​ប្រពន្ធ​របស់​គាត់​បាន​​ដើរ​ហួស​​​​​ក្រុម​អ្នក​ស្រុក​ជនជាតិ​ចាម​ ដែល​ត្រូវ​បាន​កៀង​ឆ្ពោះ​ទៅ​​កាន់​​វត្ត​អូរ​ត្រកួន ហើយ​​​ធ្វើ​ពុត​ជា​អ្នក​ភូមិ​​តាម​រក​គោ​​ក្របី​ដែល​បាត់។

ដោយ​មិន​អាច​​រត់​គេច​ពី​ភូមិ​នេះ​បាន​​​ដោយ​សារ​​វត្តមាន​​​​របស់​កង​ជីវពល​ប្រដាប់​​អាវុធ ​ដែល​​យាម​កាម​បរិវេណ​នោះ លោក ហឹុម ម៉ាន់ ​បាន​បង្ខំចិត្ត​ពួន​​ក្នុង​គុម្ពោត​ព្រៃ​​នៅ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​​​ពី​វត្ត ដែល​សាក្សី​ម្នាក់​​​បាន​ផ្ដល់​សក្ខី​កម្ម​កាលពី​ថ្ងៃ​អង្គារ​ថា ត្រូវ​បាន​ប្រែ​ក្លាយ​​ទៅ​ជា​មន្ទីរ​សន្តិសុខ​។

បុរស​រូប​នេះ​និយាយ​បន្ត​ថា “​ខ្ញុំ​ឮ​សំឡេង​ស្រែក​​ថា ‘ឱព្រះ​អាឡោះ​ខ្ញុំ​អើយ​ សូម​ជួយ​​ខ្ញុំ​ផង’។ ខ្ញុំ​ជឿ​ថា សំឡេង​ស្រែក​ដង្ហោយ​ហៅ​ព្រះ​អា​ឡោះ​​ឲ្យ​ជួយ ​ប្រហែល​ជា​សំឡេង​ម្ដាយ​ខ្ញុំ​​ និង​បង​ប្រុស​ខ្ញុំ”។

ក្រោយ​ការ​សម្លាប់​នៅ​វត្ត​អូរ​ត្រកួន គាត់​និង​ប្រពន្ធ​របស់​គាត់​​បាន​ចំណាយ​ពេល​ប្រាំបី​ថ្ងៃ​ទៀត​ពួន​សម្ងំ​​ក្នុង​ស្រះ​ទឹក​មួយ​ដែល​​ត្រូវ​​កម្មាភិបាល​ខ្មែរ​ក្រហម ​បាញ់​ដោយ​ប្រើ​កាំភ្លើង​​​​​យន្ត​ និង​ទម្រ​បាញ់​គ្រាប់​បែក មុន​ពេល​​ជ្រក​កោន​នៅ​វាល​មួយ​កន្លែង​ស្ថិត​នៅ​ចម្ងាយ​ពីរ​បី​រយ​ម៉ែត្រ​។

“វា​ជា​ស្ថាន​​​ភាព​​គួរ​ឲ្យ​តក់​ស្លុត” នេះ​ជា​​​អ្វី​ដែល​លោក ហ៊ឹម ម៉ាន់ ​បាននិយាយ​​​​អំឡុង​ពេល​សាកសួរ​​ដោយ​​លោក ឡោ ចន្ធី មេធាវី​​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​​​​ ​ដោយ​​រៀប​រាប់​​ពី​​ការ​ធ្លាក់​ចូល​ក្នុង​ភាព​អត់​ឃ្លាន​​បន្ទាប់ពី​​​គាត់​​បាន​ហូប​កំប្លោក ខ្យង និង​សត្វល្អិត។ ខ្ញុំ​បាន​ព្យាយាម​រស់​​ទាំង​​ត្រដរ​។ ពេល​ខ្លះ ​ខ្ញុំ​ធុំក្លិន​ស្អុយ បើ​​មាន​សាកសព​អណ្ដែត​ទឹក​ទន្លេ​​ ហើយ​​​​ខ្ញុំ​​អាច​ឈោង​​ចាប់​​​បាន ​ម៉្លេះ​ខ្ញុំ​ស៊ី​សាក​សព​ទាំង​​​​​នោះ​បាត់​ទៅ​ហើយដោយ​សារ​តែ​ភាព​ស្រេក​​​ឃ្លាន​។ ខ្ញុំ​ធុំក្លិន​ស្អុយ​ចេញពី​រណ្ដៅ​​ធំ​ៗ​កន្លែង​ដែល​ម្ដាយ​ខ្ញុំ​​ស្លាប់។ ក្លិន​ស្អុយ​នៅ​ពេល​​នោះ ​​ខ្ញុំ​អាច​និយាយ​​បាន​ថា ​វា​ជា​ក្លិន​ល្អ​សម្រាប់​ខ្ញុំ​” ​ដោយ​សារ​​​វា​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ឆ្អែត។​

គាត់​​បាន​លើក​ឡើង​​​បន្ថែម​ទៀត​​ថា បន្ទាប់​​​ពី​ពួន​​​អស់​រយៈ​ពេល​​ “៣ខែ​ និង​២៩​ថ្ងៃ​” ​គាត់​និង​ប្រពន្ធ​របស់​គាត់​ត្រូវ​​កម្មាភិបាល​ខ្មែរ​ក្រហម​​​ចាប់​​​បាន ប៉ុន្តែ​​ត្រូវ​​លេខា​ស្រុក​​ម្នាក់​ឈ្មោះ “កន” ​​ទុក​ជីវិត​ឲ្យ​។ “គាត់​​មិន​សម្លាប់​​​ខ្ញុំ​ដោយ​​សារ​តែ​ខ្ញុំ​​ចេះ​មុជ​​​ទឹក​​​រាវ​​​រក​​​មង​ [ហើយ​​] ខ្ញុំ​ជំនាញ​ខាង​ជាង​ដែក”។

បន្ថែម​ពីលើ​​​សក្ខីកម្ម​របស់​លោក ហ៊ឹម ម៉ាន់ ​​កាលពី​ម្សិលមិញ អង្គ​ជំនុំជម្រះ​ក៏បាន​បើក​សវនាការ​​លើ​សំណើ​​របស់​លោក វីកទ័រ កូប៉េ (Victor Koppe) មេ​ធាវី​ការ​ពារ​ នួន ជា សុំ​ការ​​​បញ្ជាក់​​​​​​លើ​សំណើ​របស់​​សហ​ព្រះរាជអាជ្ញា​​អន្តរ​​​ជាតិ​​ឲ្យ​រាប់​បញ្ចូល​​សាក្សី​បី​នាក់​បន្ថែម​ទៅ​ក្នុង​ផ្នែក​​បច្ចុប្បន្ន​នៃ​សំណុំរឿង​នេះ​ផង​ដែរ​​។

លោក វីកទ័រ កូប៉េ បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​សូម​និយាយ​​តាម​​ត្រង់ថា យើង​មិន​បាន​​ឃើញ​សំណើ​នេះ​ពី​​សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​​ជាតិ​ទេ។ ឯកសារ​​ចំនួន​៨.១៥៥​ទំព័រ​​បានពី​​បុគ្គល​ប្រហែល​៥០០​នាក់​​ដែល​បាន​ផ្ដល់​សក្ខី​​​កម្មក្នុង​សំណុំរឿង​០០៤​​ ដែល​ត្រូវ​បាន​បង្ហាញ ​​ឲ្យយើង​បាន​ឃើញ​ចាប់​តាំង​ពី​​ចាប់​ផ្ដើម​​សវនាការ​​ទី២​នេះ​ប្រឆាំង​កូនក្ដី​របស់​យើង​មក គឺ​វា​​​​ត្រូវ​បាន​កប់​ចោល​។យើង​ត្រូវ​​​​តែ​​ទទួល​ បាន​​ធន​ធាន​បន្ថែម​​ភ្លាមៗ ​បើ​មិន​ដូច្នោះ​ទេ​ យើង​គួរ​តែ​ឈប់​បើក​សវនាការ​លើ​ភ័ស្តុ​​​តាង​​​​​ស្ដីពី​សិទ្ធិ​ជនជាតិ​ចាម​​ចាប់​ពី​ពេល​​នេះ”។

លោក ដាឡេ លីសាក់ ជំនួយ​ការ​ព្រះរាជ​អាជ្ញា​​បាន​ប្រាប់​​តុលាការ​ថា ការ​​អះអាង​របស់​​​​​លោក វីកទ័រ កូប៉េ ថា​សំណើ​នោះ​ត្រូវ​បាន​​ “​កប់​​ចោល​” ​គឺ​ “​មិន​​ពិត​​ទាល់​តែ​សោះ”។ លោក​​​​មាន​ប្រសាសន៍​​​​ថា ”នេះ​​​បាន​ក្លាយ​ជា​រឿង​ដដែល​ៗ​។ ​​​មេធាវី​ការ​ពារ​​​​រូប​នេះ​​ចូល​​​​ចិត្ត​​ធ្វើ​រឿង​​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​​ដោយ​គ្មាន​​​ការ​ជូន​ដំណឹង​​ទៅ​ភាគីអំពី​សំណើ​នេះ​”។

លោក​បាន​បន្ត​​​ថា អយ្យការ​បាន​ប្រកាស​​សាក្សី​ពីរ​នាក់​​​ក្នុងចំណោម​នោះ​នៅ​ក្នុង​ពាក្យ​បណ្តឹង​​មួយ​កាលពី​​ខែ​ឧសភា ឆ្នាំ​២០១៤ ខណៈ​​សាក្សី​ទី៣​ទើប​តែ​ត្រូវ​បាន​រក​ឃើញ​។ លោក​​​បាន​បន្ថែម​​ថា ពួកគេ​នឹង​ផ្ដល់​ព័ត៌មាន​ដ៏​សំខាន់​​​​​ស្តីពី​​​សវនាការ​ផ្នែក​នេះ​ ដែល​ផ្តោត​លើ​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជ​សាសន៍​លើ​​ជន​ជាតិ​ចាម និង​ជនជាតិ​វៀតណាម​ អំឡុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។

​លោក​​មាន​ប្រសាសន៍​​ថា “​ពេល​នេះ​យើង​​​មាន​មនុស្ស​ គឺ​អភិបាល​ស្រុក ​ដែល​បាន​ផ្ដល់​ភ័ស្តុតាង​ថា ពិត​ជា​មាន​គោល​នយោបាយ​ច្បាស់​​លាស់​​សម្រាប់​កំណត់​ និង​សម្លាប់​ជនជាតិ​ចាម​នៅ​ក្នុង​​​តំបន់​សំខាន់ៗ​ទាំង​​នេះ​ដែល​ពួកគេ​រស់​នៅមែន​​​”​។

ការ​​ប្រទាញ​​ប្រទង់​គ្នា​ទៅ​មកៗ​រវាង​ភាគី ​ត្រូវ​បាន​​បង្អាក់​ដោយ​​លោក និល ណុន ប្រធាន​​​​​អង្គជំនុំជម្រះដែល​បាន​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​​ថា មាន​ការ​​​លែង​ឆាក​ល្ខោន​​​នៅ​​​​ក្នុង​សាលា​សវនាការ។ លោក​​មាន​ប្រសាសន៍​​​​​ថា ”ខ្ញុំ​គិត​ថា ​ពេល​នេះ​អង្គ​ជំនុំជម្រះ​​រាង​​ដូច​ជា​​ភាន់​ច្រឡំ ហើយ​​ភាគី​ហាក់​ដូច​ជា​ប្តូរ​វេន​គ្នា​​​ធ្វើ​ជា​ម្ចាស់​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ​​ឬ​វិទ្យុ​អ៊ីចឹង​”។

ក្រោយ​មក​លោក​បាន​ប្រកាស​ថា ដំណើរ​​​ការ​នីតិវិធី​​​នឹង​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ដើម្បី​​ទុក​ពេល​ឲ្យ​អង្គជំនុំជម្រះ​​​​ពិចារណា​​​​បាន​ល្អិត​ល្អន់​លើ​បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​ដេញ​ដោល​កាល​​ពី​ម្សិលមិញ៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស