31 C
Phnom Penh

រដ្ឋាភិបាល​ផ្ដោត​លើ​ការ​​ពង្រីក​ការ​ប្រើ​ថាម​ពល​ព្រះអាទិត្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​តម្លៃ​អគ្គិសនី​ខ្ពស់​​ លទ្ធភាព​តភ្ជាប់​បណ្ដាញ​ផ្គត់​ផ្គង់​អគ្គិសនី​មាន​កម្រិត​ និង​ការ​ដាច់​ចរន្តអគ្គិសនី​​ញឹក​ញាប់​ ទាំង​អស់​នេះ​​​សុទ្ធតែ​បង្ហាញ​​សេចក្ដី​ត្រូវ​ការ​​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​ក្នុង​​ផ្នែក​ថាមពល​របស់​ប្រទេស​កម្ពុជា ​ហើយ​​មន្ត្រី​រដ្ឋាភិបាល​​ និង​​អ្នក​ជំនាញ​​បាន​យល់​ស្រប​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​​​គួរ​តែ​ជា​ការ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ដ៏​សំខាន់​ក្នុង​​ផែនការ​​នាពេល​អនាគត។

ថ្លែង​នៅ​ឯ​សន្និសីទ​មួយ​ស្ដី​អំពី​​ថាមពល​ស្អាត​ក្នុង​ក្រុង​​ភ្នំពេញ លោក កែន សេរីរដ្ឋា អគ្គ​លេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​បៃតង​ បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​​​នៅ​ត្រូវ​ការ​ពេល​យូរ​ទៀត​​ក្នុង​ការ​ធានា​​ថា​ តម្រូវ​ការ​​ថាមពល​របស់​ខ្លួន​​អាច​បំពេញ​បាន​តាម​វិធី​ប្រកប​ដោយ​ចីរភាព។

នៅ​ពេល​​ដែល​គោល​នយោបាយ​សព្វ​ថ្ងៃ​​ពេញ​ចិត្ត​នឹង​​ទំនប់​វារីអគ្គិសនី​​ ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​អស់​ប្រាក់​រាប់​លាន​ដុល្លារ​ ភាគ​ច្រើន​​ផ្ដល់​ដោយ​ប្រទេស​ចិន​នោះ លោក​បាន​និយាយ​ថា អ្នក​ធ្វើ​គោល​នយោបាយ​គួរ​​ប្រយ័ត្ន​ប្រយែង​អំពី​ការ​​ពឹង​ផ្អែក​​តែ​មួយ​មុខ​​លើ​​ទំនប់​ទាំង​នេះ​​​ និង​​ប្រេង​ឥន្ធនៈ​ដើម្បី​បំពេញ​តម្រូវ​ការ​អគ្គិសនី​កើន​ឡើង​​យ៉ាង​ឆាប់​រហ័ស​​របស់​ប្រទេស​នេះ​។

លោក​បាន​បន្ថែម​ថា “​ឧទាហរណ៍​ពី​អតីត​កាល​​បាន​បង្ហាញ​ឲ្យ​យើង​​ឃើញ​ថា ថាមពល​វារី​អគ្គិសនី​​ចាំបាច់​​ត្រូវ​គិត​យ៉ាង​ប្រយ័ត្ន​ប្រយែង​។ ការ​ប្រើ​ប្រេង​ និង​ឧស្ម័ន​អាច​​ប៉ះពាល់​អវិជ្ជមាន​ដល់​កិច្ច​ប្រឹង​ប្រែង​​របស់​រដ្ឋាភិបាល​​​ក្នុង​ការ​​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​លើ​មាគា៌​ប្រកប​ដោយ​ចិរភាព​”។

លោក​ សេរី​រដ្ឋា​ បាន​និយាយ​ថា ការ​លើក​ទឹក​ចិត្ត​វិស័យ​ឯកជន​​ឲ្យ​ជំរុញ​ដោយ​ពង្រីក​ប្រភព​ថាមពល​​ផ្សេង​ទៀត​​គឺ​មាន​សារៈសំខាន់​​ណាស់​។

លោក​បាន​មាន​​ប្រសាសន៍​ថា “​ខ្ញុំ​មិន​គិត​ថា រដ្ឋាភិបាល​តែ​ឯង​​អាច​ធ្វើ​បាន​​គ្រប់​យ៉ាង​ទេ។ ​ឥឡូវ​នេះ​សំខាន់​ជាង​ពេល​ណា​ទាំង​អស់​ក្នុង​ការ​​បញ្ជូន​សញ្ញា​ត្រឹម​ត្រូវ​”។

បើ​ទោះ​ជា​មាន​​គម្រោង​​វារីអគ្គិសនី​​ខ្នាត​ធំ​ចំនួន​ប្រាំមួយ​​កំពុង​អនុវត្ត​ក៏ដោយ ក៏​ប្រទេស​​កម្ពុជា​​នៅ​តែ​នាំចូល​​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ថាមពល​របស់​ខ្លួន​ ទាំង​ការ​ទិញ​អគ្គិសនី​ផ្ទាល់​ពី​ប្រទេស​ជិតខាង​​ដូច​ជា​ប្រទេស​ថៃ វៀតណាម និង​​ឡាវ​ ទាំង​ការ​ប្រើ​ឥន្ធនៈ​ និង​ធ្យូង​ថ្ម​នាំចូល​ដើម្បីឲ្យ​​​រោងចក្រ​អគ្គិសនី​ក្នុង​ស្រុក​ដើរ​។

អ្នក​ដែល​បាន​ចូល​រួម​​​ក្នុង​សន្និសីទ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ​ថាមពល​ព្រះ​អាទិត្យ​​គឺ​ជា​​មធ្យោបាយ​សំខាន់​បំផុត​ដើម្បី​ធានា​ថា ប្រទេស​កម្ពុជា​​អាច​​បង្កើន​​ទាំង​លទ្ធភាព​ផ្ដល់​អគ្គិសនី​នៅ​តាម​​តំបន់​ជនបទ ទាំង​​បង្កើន​ការ​ផ្គត់​ផ្គង់​ប្រភព​​ថាមពល​មាន​ស្រាប់​។

លោក​ ទូច សុវណ្ណា អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​​​ថាមពល​ថ្មី​ និង​ថាមពល​កកើត​ឡើង​វិញ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល បាន​និយាយ​ថា លោក​សង្ឃឹម​ថា ថាមពល​ព្រះ​អាទិត្យ​អាច​ត្រូវ​ប្រើ​​ទ្រង់​ទ្រាយ​ធំ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​រោងចក្រ​អគ្គិសនី​ដែល​ដើរ​ដោយ​ធ្យូង​ថ្ម​​នៅ​រដូវ​​ប្រាំង​។

លោក​​បាន​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​​ អ្នក​ជំនាញ​ និង​សហគ្រិន​ដែល​ចូល​រួម​​ថា “​​ដោយ​សង្ឃឹម​ថា មាន​ជំនួយ​​​របស់​អស់​លោក​​ ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​អាច​បំពេញ​តួនាទី​នេះ​បាន​”។

ទាំង​លោក សេរីរដ្ឋា ​និង​លោក សុវណ្ណា បាន​និយាយ​ថា ​អសមត្ថភាព​​នាពេល​សព្វ​ថ្ងៃ​​មិន​អាច​ផ្ដល់​ថាមពល​​ដ៏ច្រើន​ដែល​ផលិត​ដោយ​ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យ​​ដល់​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ជាតិ​​ គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ចាំបាច់​​ត្រូវ​ដោះ​ស្រាយ​​​ដើម្បី​ពង្រីក​​ការ​​ប្រើ​ប្រាស់​របស់​វា​៕ និត​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស