រយៈពេលមិនដល់ពីរសប្ដាហ៍ផងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងក្រុងភ្នំពេញ ក្រោយពីមានសេចក្ដីរាយការណ៍ព័ត៌មានថា កិច្ចព្រមព្រៀងជនភៀសខ្លួនដ៏ចម្រូងចម្រាសបានបរាជ័យទៅហើយនោះ អ្នកនាំពាក្យអង្គការមួយដែលតាមដានករណីជនភៀសខ្លួននៅប្រទេសណូរូបាននិយាយថា ជនស្វែងរកសិទ្ធិជ្រកកោននៅទីនោះកំពុងត្រូវគេ “រំខាន” ជាថ្មីទៀត ដើម្បីឲ្យតាំងលំនៅជាថ្មីនៅប្រទេសកម្ពុជា។
កាលពីថ្ងៃទី៩ ខែកញ្ញា ក្រោយពីមានជំនួបមួយរវាងលោក ភីតធើ ដាត់ធិន និងលោក ហ៊ុន សែន ទីប្រឹក្សាម្នាក់របស់លោកនាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសកម្ពុជាបានត្រៀមចាប់ផ្ដើមពិនិត្យអ្នកស្វែងរកសិទ្ធិជ្រកកោនថែមទៀតដែលកំពុងត្រូវឃុំខ្លួនដោយប្រទេសអូស្ត្រាលីលើប្រទេសដែនកោះនៅមហាសមុទ្របា៉ស៊ីហ្វិកខាងត្បូង។
លោក អៀន រីនថូល អ្នកនាំពាក្យអង្គការសម្ព័ន្ធសកម្មភាពជនភៀសខ្លួនមានមូលដ្ឋាននៅទីក្រុងស៊ីដនី បាននិយាយកាលពីថ្ងៃសុក្រថា មុនដំណើរទស្សនកិច្ចគ្រោងទុកដោយក្រុមមន្ត្រីកម្ពុជាទៅប្រទេសណូរូនាខែក្រោយ ជនភៀសខ្លួនលើប្រទេសដែនកោះនេះបានចាប់ផ្ដើមទទួលការហៅទូរស័ព្ទពីមន្ត្រីអូស្ត្រាលី ដែលព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យមកតាំងលំនៅនៅទីនេះ។
លោក រីនថូល បាននិយាយតាមរយៈសារអេឡិចត្រូនិកថា “ចាប់តាំងពីលោក ដាត់ធិន បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាមក ការហៅទូរស័ព្ទបញ្ចុះបញ្ចូល និងការរំខានបានចាប់ផ្ដើមមានជាថ្មីទៀតលើកោះណូរូ ប៉ុន្តែមិនមានសញ្ញាថានរណាម្នាក់បានយល់ព្រមទៅទេ”។
ដោយសំដៅលើសេចក្ដីប្រកាសព័ត៌មានពីមន្ត្រីកម្ពុជាដែលថា ពួកគេត្រៀមទទួលយកអ្នកស្ម័គ្រចិត្តបន្ថែមទៀតពីណូរូនោះ លោកបានបន្ថែមថា “សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃហាក់ដូចជាមានន័យថា មនុស្សច្រើននាក់ទៀតបានយល់ព្រមមកអ៊ីចឹង ប៉ុន្តែពួកគេសុខចិត្តសម្របខ្លួននៅទីនេះវិញ”។
ក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងពិធីអបអរកាលពីខែកញ្ញាឆ្នាំមុន ដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស្កុត ម៉ូរីសុន អតីតរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ប្រទេសកម្ពុជាបានយល់ព្រមទទួលជនភៀសខ្លួនមួយចំនួនដែលកំពុងត្រូវឃុំខ្លួនដោយប្រទេសអូស្ត្រាលី។ ប្រទេសអូស្ត្រាលីមិនព្រមផ្ដល់សិទ្ធិជ្រកកោនដល់អ្នកដែលប៉ុនប៉ងទៅដល់តាមទូកនោះទេ។
កិច្ចព្រមព្រៀងនោះចែងថា ប្រទេសកម្ពុជានឹងទទួលយកជនភៀសខ្លួនដែលស្ម័គ្រចិត្តតាំងលំនៅថ្មីក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយប្រទេសអូស្ត្រាលីនឹងចំណាយលើការតាំងលំនៅថ្មី និងការរស់នៅក្នុងសង្គម។ ប្រទេសអូស្ត្រាលីក៏បានសន្យាផ្ដល់កញ្ចប់ជំនួយ៤០លានដុល្លារអូស្ត្រាលី(ប្រហែល២៨,៥លានដុល្លារអាមេរិក) ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។
រហូតមកដល់ពេលនេះ ជនភៀសខ្លួនតែបួននាក់ប៉ុណ្ណោះ គឺជនជាតិរ៉ូហុីងយ៉ាម្នាក់មកពីភូមា និងជនជាតិអុីរ៉ង់បីនាក់ បានមកប្រទេសកម្ពុជា។ អ្នកទាំងនោះត្រូវគេឲ្យរស់នៅមួយកន្លែងឆ្ងាយពីបណ្ដាញព័ត៌មានក្នុងវីឡាមួយនៅជាយក្រុងភ្នំពេញ។
កាលពីើដើមខែនេះ មានសេចក្ដីរាយការណ៍ថា បុរសរ៉ូហុីងយ៉ាចង់ត្រឡប់ទៅប្រទេសភូមាវិញ ដែលនៅទីនោះជនជាតិភាគតិចមូស្លីមបានប្រឈមការធ្វើទុក្ខបុកម្នេញខ្លាំងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។
ទាក់ទងតាមទូរស័ព្ទ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលធ្លាប់បង្ហើបឲ្យដឹងថាកិច្ចព្រមព្រៀងបានបរាជ័យកាលពីខែមុន បន្ទាប់ពីនិយាយថា មិនមានគម្រោងទទួលយកជនភៀសខ្លួនថែមទៀតពីប្រទេសណូរូនោះ បានមានប្រសាសន៍ថា មិនទាន់មានកាលបរិច្ឆេទសម្រាប់មន្ត្រីកម្ពុជាទៅទស្សនកិច្ចប្រទេសណូរូនៅឡើយទេ។ លោកបានបន្ថែមទៀតថា “ខ្ញុំមិនមានព័ត៌មានថ្មីអំពីរឿងនេះទេ”៕ និត