កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើងថា លោកចង់បញ្ឈប់ការ តម្រូវឲ្យគ្រូបង្រៀនបរទេសបង់ពន្ធទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសដើមកំណើតរបស់ពួកគេដើម្បីទាក់ទាញសាស្ត្រាចារ្យដែលមានជំនាញខ្ពស់មកធ្វើការនៅទីនេះ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសាលាអន្តរជាតិភ្នំពេញ (ISPP) ក្នុងខណ្ឌមានជ័យ លោក ហ៊ុន សែន បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់បណ្តាប្រទេសផ្សេងៗឲ្យបញ្ចប់ការយក “ពន្ធត្រួតគ្នា” បែបនេះ។

បណ្តាប្រទេសនានាជារឿយៗតែងតែចរចាសន្ធិសញ្ញាទ្វេភាគីដោយឲ្យក្រុមហ៊ុនបង់ពន្ធក្នុងប្រទេសតែមួយប៉ុណ្ណោះ ហើយលោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការបញ្ចូលការយកពន្ធលើប្រាក់ចំណូលពីគ្រូបង្រៀននៅក្នុងកិច្ចព្រមព្រៀងបែបនេះនាពេលអនាគត។
លោក ហ៊ុន សែន មានប្រសាសន៍ថា ”ការចរចាក៏ត្រូវដាក់អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យទៅក្នុងបញ្ហាការមិនយកពន្ធត្រួតគ្នានេះគឺប្រធានបទមួយក្នុងចំណោមប្រធានបទដើម្បីទាក់ទាញសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវល្អមកកាន់កម្ពុជា”។
ប៉ុន្តែ លោកបានលើកឡើងថា ការព្យាយាមក្នុងពេលថ្មីៗដើម្បីបញ្ចុះបញ្ចូលបណ្តាប្រទេសនានាឲ្យឈប់យកពន្ធពីគ្រូបង្រៀនដែលមកប្រទេសកម្ពុជា មានការលំបាក។
លោកបានមានប្រសាសន៍បន្ថែមថា ”សង្ឃឹមថា ប្រទេសអ្នកមានកំុយកពន្ធសាស្ត្រាចារ្យទាំងហ្នឹង ទុកឲ្យសាស្ត្រាចារ្យទាំងហ្នឹងបង់ពន្ធមកកម្ពុជា ព្រោះកម្ពុជាក្រ។ ប្រទេសអ្នកមានស្វិតណាស់ គាត់ចង់ឲ្យសាស្ត្រាចារ្យទាំងហ្នឹងបង់ពន្ធទៅប្រទេសរបស់គាត់ ប៉ុន្តែ គាត់មកសុំលើកលែងប្រាក់ពន្ធនៅស្រុកខ្មែរ”។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សំណើរបស់លោក ហ៊ុន សែន គឺគ្រាន់តែជាការស្នើសម្រាប់ការចរចានៅពេលអនាគតប៉ុណ្ណោះហើយថា រដ្ឋាភិបាលនឹងមិនលុបចោលការយកពន្ធលើប្រាក់ចំណូលពីគ្រូបង្រៀនបរទេសដោយឯកតោភាគីឡើយ។
លោកបានមានប្រសាសន៍ថា ”ជាធម្មតា កិច្ចព្រមព្រៀងពន្ធត្រួតគ្នាមានត្រឹមតែការយកពន្ធអាជីវកម្មប៉ុណ្ណោះ ប៉ុន្តែ នេះវាមានន័យថា ប្រសិនបើយើងចុះកិច្ចព្រមព្រៀងពន្ធត្រួតគ្នានាពេលអនាគត វានឹងមិនគ្រាន់តែរួមបញ្ចូលពន្ធអាជីវកម្មទេ ប៉ុន្តែ ថែមទាំងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនផងដែរ”។
លោកមានប្រសាសន៍បន្ថែមថា ”វាមានតែនៅក្នុងកិច្ចព្រមព្រៀងពន្ធត្រួតគ្នាប៉ុណ្ណោះ។ វាមានន័យថា ប្រសិនបើគ្រូបង្រៀនបង់ពន្ធនៅក្នុងប្រទេសរបស់ពួកគាត់ ពួកគាត់នឹងមិនបង់ពន្ធនៅកម្ពុជាឡើយ។ ហើយបើពួកគាត់សម្រេចបង់ពន្ធនៅកម្ពុជា អ៊ីចឹងពួកគាត់មិនបង់ពន្ធនៅក្នុងប្រទេសដើមកំណើតរបស់ខ្លួនឡើយ។ វាមិនមែនកំពុងតែលុបចោលការយកពន្ធពីគ្រូបង្រៀនទេ”។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងថា ប្រសិនបើគ្រូបង្រៀនបរទេសមិនតម្រូវឲ្យបង់ពន្ធនៅក្នុងប្រទេសកម្ពុជាទេ អ៊ីចឹងការលើកទឹកចិត្តបែបនេះគួរតែផ្តល់ជូនគ្រូបង្រៀនក្នុងស្រុកដែលមានប្រាក់ខែទាបដែរ។
លោកស្រីបានមានប្រសាសន៍ថា ”វាមិនយុត្តិធម៌សម្រាប់សាស្ត្រាចារ្យ និងគ្រូបង្រៀនក្នុងស្រុកដែលមានប្រាក់ខែទាបស្រាប់ ហើយត្រូវបង់ពន្ធជូនរដ្ឋទៀត ខណៈសាស្ត្រាចារ្យបរទេសទទួលបានអត្ថប្រយោជន៍ច្រើន និងមានប្រាក់ខែខ្ពស់រាប់ពាន់ដុល្លារ”។
លោកស្រីបានមានប្រសាសន៍បន្តថា ”វានឹងប៉ះពាល់ដល់ស្មារតី និងការខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ នៅពេលលោកនាយករដ្ឋមន្ត្រីមិនយកពន្ធពីគ្រូបង្រៀនបរទេស ព្រោះគាត់កំពុងផ្តល់តម្លៃដល់គ្រូបង្រៀនបរទេសជាងសាស្ត្រាចារ្យនៅក្នុងប្រទេសរបស់គាត់”៕ ស៊ុយឈាង