32.9 C
Phnom Penh

នគរ​បាល​​រាជធានី​ភ្នំពេញ​​ចាប់​ខ្លួនមនុស្ស​​​៧៣​នាក់​​ក្នុងប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មនុស្ស​សរុប​៧៣​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ក្នុង​ការ​ចុះ​បង្ក្រាបលើ​ការ​ប្រើ​ប្រាស់​ និង​ការ​ជួញដូរ​​ថ្នាំ​ញៀន​ប្រភេទ​ម៉ាទឹក​កក ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ចុង​សប្ដាហ៍​ ដោយ​មាន​មនុស្ស​​​៦២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​មួយ​ក្នុង​តំបន់​​អនាធិបតេយ្យ​​ត្រពាំង​ឈូក​ដែល​ល្បី​​ខាង​មាន​​រឿង​មិន​ល្អច្រើន​​។

លោក ប៊ន សំអាត ស្នង​ការ​រង​នគរ​បាល​រាជធានី​​​បាន​​លើក​ឡើង​​ក្នុង​សន្និសីទ​កាសែត​​​​មួយ​​នៅឯ​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌ​សែន​សុខ​ថា ក្រុម​មន្ត្រី​​​ចាប់​ខ្លួន​បាន​មនុស្ស​៦២​នាក់​​​ក្នុង​ការ​ចុះ​បង្ក្រាប​មួយ​នៅ​ភូមិ​ត្រពាំង​ឈូក​​កាលពី​ថ្ងៃ​សៅរ៍ និង​​ជន​សង្ស័យ​១១​នាក់​ផ្សេង​​​​ទៀត​នៅ​​ទូទាំង​រាជធានី​កាលពី​ម្សិលមិញ​។

លោក​បាន​​មាន​ប្រសាសន៍​ថា “​យើង​បាន​ចុះ​បង្ក្រាប​​ចំ​គោល​ដៅ​​ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​សប្បាយ​ចិត្ត ជា​ពិសេស​ឪពុក​ម្ដាយ​របស់​​ជន​សង្ស័យទាំង​៦២​នាក់។ ខ្ញុំ​ក៏​ពេញ​ចិត្ត​​ចំពោះ​ការ​បង្ក្រាប​នេះ​ផង​ដែរ។ វា​ជា​តួនាទី​របស់​ខ្ញុំ ហើយ​ខ្ញុំ​​ព្យាយាម​ខិត​ខំ​​យ៉ាង​ខ្លាំង​ជាមួយ​អាជ្ញា​ធរ​ទាំង​១២​ខណ្ឌ​ មិន​មែន​​​ជាមួយតែ​​ខណ្ឌ​សែន​សុខ​នោះ​ទេ”។

លោក​​លើក​ឡើង​​ទៀត​ថា រាជធានី​ភ្នំពេញ គឺ​ជា​ផ្នែក​​មួយ​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​ប្រទេស ដែល​ជា​កន្លែង​​មាន​ការ​ជួញដូរ​ និងការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ច្រើន​ជាង​​ខេត្ត​ទាំង​២៤ ហើយ​ថា នគរ​បាល​​ចាប់​ខ្លួន​​បាន​មនុស្ស​ជាង​១.០០០​នាក់​​ពាក់​ព័ន្ធ​បទ​ល្មើស​​គ្រឿង​ញៀន​នៅ​​ក្នុង​រាជធានី​ក្នុង​រយៈពេល​ពេញ​១​ខែ​កន្លង​មក​នេះ​។

​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​តំបន់​ភាគច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិនមាន​ការ​ប្រើ​ប្រាស់​ ​និង​ការ​ជួញដូរ​គ្រឿង​ញៀន​ច្រើន​ និង​​បើក​ចំហដូច​ភូមិ​ត្រពាំង​ឈូក​ទេ ដែល​កាលពី​ថ្ងៃ​ទី​២១​ ខែ​សីហា នគរ​បាល​​ចាប់​ខ្លួន​មនុស្ស​បាន​​​៨៨​នាក់​ពាក់​ព័ន្ធ​ការ​ប្រើ​ប្រាស់​ និង​ចែក​ចាយ​​គ្រឿង​ញៀន​​អំឡុង​ការ​ចុះ​បង្ក្រាប​មួយ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​។

លោក​​ ប៊ន សំអាត បាន​​មាន​ប្រសាសន៍​ទៀត​ថា  ខ្ញុំ​ប្ដេជ្ញា​​ហើយ​សូម​សន្យា​ចំពោះ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ថា នឹង​ប្រែក្លាយ​តំបន់​ត្រពាំង​ឈូក​នេះ​ឲ្យ​ដូច​​តំបន់​ផ្សេងៗ​ទៀត​ដែរ​”។

លោក ម៉ក់ ហុង អធិការ​នគរ​បាល​ខណ្ឌ​នេះ​​បាន​លើក​ឡើង​ថា មន្ត្រី​របស់​លោក​បាន​សហ​ការ​ជាមួយ​នគរ​បាល​បង្ក្រាប​គ្រឿង​ញៀន​រាជធានី​អំឡុង​ការ​ឆ្មក់​ចូល​ភូមិ​ត្រពាំង​ឈូក​ ហើយ​រឹប​អូស​បាន​​សម្ភារ​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួនធំ​ពី​ជន​សង្ស័យ​​ដែល​ភាគច្រើន​​បាន​​បោះ​ថ្នាំ​ញៀន​របស់​ខ្លួន​ចូល​ក្នុង​​ប្រឡាយ​​មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​។

​លោក​អធិការ​​​រូប​​​នេះ​​​បាន​​​មាន​ប្រសាសន៍​ថា “​កាលពី​ថ្ងៃ​សៅរ៍ ​​យើង​បាន​ចាប់​ខ្លួន​មនុស្ស​៦២​នាក់​អំឡុង​ការ​ចុះបង្ក្រាប​​ ហើយ​មនុស្ស​៥​៦​នាក់​ត្រូវ​បាន​រក​ឃើញ​​ថា​មានសារធាតុ​​ញៀន​​ក្នុងខ្លួន​ បន្ទាប់ពី​ត្រូវ​បាន​ធ្វើ​តេស្ត​។ យើង​​កំពុង​សាកសួរ​​ពួកគេ​ ​​ហើយ​កំពុង​​​រង់ចាំ​​ដីកា​ពី​តុលាការ​​ដើម្បី​តាម​ចាប់​ខ្លួន​​ជន​សង្ស័យ​មួយ​ចំនួន​ផ្សេងៗ​​ទៀត​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស