27 C
Phnom Penh

កុមារ​បីនាក់​​​​​នៅ​​​ក្នុង​ខេត្ត​កំពង់​ស្ពឺ រង​របួស​ធ្ងន់​​​បន្ទាប់​ពី​​យកយុទ្ធ​ភណ្ឌមិន​ទាន់ផ្ទុះ​ទៅលេង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មូល​ដ្ឋាន​បាន​និយាយ​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កុមារ​បី​នាក់​បាន​រង​របួស​ធ្ងន់​​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ​បន្ទាប់ពី​យុទ្ធភណ្ឌ​មិន​​​ទាន់​ផ្ទុះ​​ដែល​ពួកគេ​បាន​ប្រទះ​ឃើញ​​ជិត​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ បាន​ផ្ទុះ​នៅ​ពេល​​ពួកគេព្យាយាម​​​​យក​វា​ទៅ​ដំ​ធ្វើ​​កណ្ដឹង​គោ។

​​កុមារ​ទាំង​បី​នាក់​នេះ​គឺ​ជា​បង​ប្អូន​ជីដូន​​មួយ​​នឹង​គ្នា​ដែល​បាន​ទៅ​ឃ្វាល​គោល​នៅ​ក្នុង​ឃុំ​កាត់​ភ្លុក ស្រុក​បរសេដ្ឋ។ លោក​មេឃុំ​ ឃុត ផាន់ណា ​បាន​មាន​ប្រសាសន៍​ថា នៅ​ម៉ោង​ប្រហែល​​​​៣និង៣០​នាទី​រសៀល​ថ្ងៃ​សុក្រ ពួកគេ​​បានទៅ​​​ឃ្វាល​គោ​​​នៅ​ក្បែរ​ចម្ការ​មីន​មួយ​ ​ស្រាប់តែ​ពួកគេ​បាន​ប្រទះ​ឃើញ​​​​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយគ្រាប់​។

លោក​បាន​ពន្យល់​ថា “​ក្មេង​ប្រុស​​ម្នាក់​បាន​ប្រទះ​ឃើញ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ ហើយ​​​ចង់​​​​​យក​វា​​​ទៅ​ដំ​ធ្វើ​កណ្ដឹង​គោ។វា​បាន​​យក​កាំបិត​​​ទៅ​ដំគ្រាប់​នោះ​​​ បណ្តាល​ឲ្យ​​​ផ្ទុះ​ ធ្វើ​ឲ្យ​ពួក​គេ​​ទាំង​អស់​រង​របួស​ធ្ងន់​”។

លោក មឿន និត ជា​ឪពុក​ក្មេង​ប្រុស​នេះ​បាន​​និយាយ​ថា ក្មេង​ប្រុស​​ មឿន ម៉េត អាយុ​១២​ឆ្នាំ បាន​ដាច់​ម្រាម​ដៃ​ឆ្វេង​បួន និង​មេដៃ​ស្ដាំ​មួយ​។ ក្មេង​ប្រុស​នេះ​ក៏​រង​របួស​ធ្ងន់​ដោយ​​​អំបែង​គ្រាប់​​​ត្រង់​ដង​ខ្លួន ដែល​ធ្វើ​ឲ្យ​ធ្លាយ​ពោះ​វៀន​ផង​ដែរ​។ លោក និត បាន​និយាយ​ថា “​កូន​ប្រុស​របស់​ខ្ញុំ​រង​របួស​ធ្ងន់​​​មួយ​កំណាត់​ខ្លួន​ខាង​លើ”។

យោង​តាម​លោក ជុន ណាន មន្ត្រី​នគរ​បាល​​​​ស្រុក​​ទទួល​បន្ទុក​ករណី​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ម្នាក់​​ទៀត​ឈ្មោះ គង់ ដានី ​អាយុ​១២​ឆ្នាំ​ដែរ​ បាន​ត្រូវ​អំបែង​គ្រាប់​​​រយះ​ដង​ខ្លួន​​​​ធ្លាយ​ពោះវៀន​ ចំណែក​​​​​ក្មេងស្រី​​ទី៣​ ឈ្មោះ អឿន ស្រីនិច អាយុ​១៣​ឆ្នាំ​បាន​រយះ​សុស​សាច់ ប៉ុន្តែ​​មិន​​ធ្ងន់​ធ្ងរ​ទេ​។

លោក​​ ជុន ណាន បាន​មាន​ប្រសាសន៍​ថា កុមារ​ទាំង​បី​នាក់​​ត្រូវ​បាន​ប្រញាប់​ប្រញាល់​បញ្ជូន​​មក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​គ្រោះ​ថ្នាក់​កើត​ឡើង ហើយ​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃម្សិលមិញ​។

លោក ផាន់​ណា បាន​មាន​ប្រសាសន៍​​ទៀត​​​ថា អ្នក​ភូមិ​ក្នុង​ឃុំ​កាត់​ភ្លុក តែង​តែ​ប្រទះឃើញ​​​​​​​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​​​នៅ​​វាល​ស្រែ​​ដែល​ក្មេង​ៗ​​ទាំង​នេះ​បាន​រង​របួស​ ​​ប៉ុន្តែថា ​បើ​ទោះ​ជា​បាន​រាយការ​ណ៍​ជាច្រើន​​​លើក​​​​ទៅ​កាន់​មជ្ឈមណ្ឌល​សកម្ម​ភាព​​​កំចាត់​​មីន​របស់​​រដ្ឋាភិបាល​ក៏ដោយ ក៏​តំបន់​នេះ​​មិន​ទាន់​ត្រូវ​បាន​ដោះ​មីន​ដែរ​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​រាយការណ៍ទៅ​ CMAC ច្រើន​លើក​មក​ហើយ ​ប៉ុន្តែ​ CMAC មិន​បាន​មក​ដោះ​មីន​ទេ”។

លោក ផាន់ណា បាន​បន្ថែម​ថា “ នៅ​ពេល​​​​​ខ្ញុំ​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អ្នក​ភូមិ​​ថា មាន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្បែរ​វាល​ស្រែ​របស់​ពួកគាត់ ខ្ញុំ​​​ទៅ​ប្រមូល​​យក​មក​ទុក​ក្នុង​ការិយាល័យ​របស់​ខ្ញុំ​”។

ទោះ​យ៉ាង​ណា លោក ហេង រតនា អគ្គ​នាយក​​​ CMAC បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​​​មិនបាន​​ដឹង​​ពី​សេចក្ដី​រាយការណ៍​នេះ​ទេ ហើយ​​​​បាន​លើក​ឡើង​ថា លោក ផាន់​ណា ប្រហែល​​​ជា​​​​ទាក់​ទង​​ខុស​កន្លែង​។ លោក​មាន​ប្រសាសន៍​​​​​​ថា ”​ប្រសិន​បើ​ពួកគេ​​រាយការណ៍​ទៅ​ CMAC​មែននោះ CMAC នឹង​ដឹង​ហើយ​”។

លោក ហេង រតនា បាន​មាន​ប្រសាសន៍​ថា ក្រុម​ដោះ​មីន​ប្រចាំ​ការ​​ដែល​មាន​មូល​ដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ចម្ការ​មីន​នោះ​នៅ​​ក្នុងឃុំ​កាត់​ភ្លុក។

លោក​បាន​មាន​ប្រសាសន៍​ថា ”​យើង​ធ្វើ​ការ​​​តាម​​កាលវិភាគ​របស់​យើង។ ​​​មិន​មែន​​យើង​មិន​យក​ចិត្តទុក​ដាក់​​នោះ​ទេ​​”៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស