កាលពីថ្ងៃសៅរ៍ ប៉ូលិសខេត្តកោះកុងបានចាប់ខ្លួននិងដោះលែងសកម្មជនម្នាក់វិញ ដែលសកម្មជនរូបនេះបានជួយគ្រួសារជាច្រើនរៀបចំការបិទផ្លូវប្រឆាំងក្រុមហ៊ុនចិនមួយ ដែលពួកគាត់ចោទថា បានលួចប្លន់ដីស្រែចម្ការរបស់ពួកគាត់។
ប្រជាពលរដ្ឋយ៉ាងហោចណាស់១០០នាក់ចាប់តាំងពីថ្ងៃសុក្របានបិទផ្លូវមួយដែលឆ្ពោះទៅតំបន់ទេសចរណ៍ទំហំ៤៥.០០០ហិកតាតម្លៃ៣,៨ពាន់លានដុល្លារ ដែលក្រុមហ៊ុន Union Development Group របស់ប្រទេសចិនកំពុងធ្វើនៅកណ្តាលឧទ្យានជាតិបទុមសាគររបស់ខេត្តនេះ។ ប្រជាពលរដ្ឋប្រហែល១.០០០គ្រួសារត្រូវបានបណ្តេញចេញរួចជាស្រេចហើយ ដើម្បីបើកផ្លូវឲ្យគម្រោងនេះ និងយ៉ាងហោចណាស់១០០គ្រួសារទៀតកំពុងទាមទារសំណងសមរម្យសម្រាប់ដីស្រែចម្ការ ដែលពួកគេបានបាត់បង់។
លោក ម៉ក់ សុវណ្ណារ៉ា នាយរងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បាននិយាយថា ប៉ូលិសនិងកម្លាំងរាជអាវុធហត្ថប្រហែល៥០នាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុនៅម៉ោងប្រហែល៦ព្រឹកថ្ងៃសៅរ៍ ដើម្បីបំបែកការដាក់របាំងផ្លូវ ហើយថា សកម្មជន សុទ្ធ ពិសិដ្ឋ ត្រូវបាននាំខ្លួនមកកន្លែងប៉ូលិស ព្រោះតែព្យាយាមឃាត់ក្រុមមន្ត្រីមិនឲ្យអនុវត្តបទបញ្ជារបស់ពួកគេ។
លោកបាននិយាយថា “យើងបានដាក់ពង្រាយប៉ូលិសនិងកម្លាំងរាជអាវុធហត្ថប្រហែល៥០នាក់ដើម្បីផ្តល់សន្តិសុខសម្រាប់ក្រុមហ៊ុន ពីព្រោះយើងខ្លាចអ្នកតវ៉ាបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន”។
លោកបាននិយាយថា ចំពោះលោក ពិសិដ្ឋ “យើងមិនបានចាប់ខ្លួនបុរសនេះទេ។ យើងគ្រាន់តែនាំខ្លួនគាត់មកសាកសួរ ពីព្រោះគាត់បានរារាំងសមត្ថកិច្ចរបស់ខ្ញុំមិនឲ្យបំពេញកិច្ចការរបស់ពួកគេ។ ប៉ុន្តែ ខ្ញុំបានឲ្យគាត់ត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែលនោះ”។
លោក ពិសិដ្ឋ មន្ត្រីនៅក្រុមការងារសិទ្ធិមនុស្សកម្ពុជា បាននិយាយថា មនុស្សប្រហែល១៥០នាក់បានបិទផ្លូវ ដើម្បីទាមទារឲ្យប្រគល់ដីស្រែចម្ការរបស់ពួកគេមកវិញ និងខឹងខ្លាំងដោយសារតែលិខិតមួយច្បាប់នាពេលថ្មីៗនេះដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល បានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយហៅពួកគាត់ថា “ក្រុមប្រឆាំង”។
លោក ពិសិដ្ឋ បាននិយាយថា ប៉ូលិសបានមកដល់មានទាំងដំបងនិងដំបងឆក់ផង ហើយបានគ្រវីដំបងគំរាមកំហែងក្រុមអ្នកតវ៉ា។
លោកបាននិយាយថា “ពួកគេបានចាប់ខ្លួនខ្ញុំនៅពេលដែលខ្ញុំបានព្យាយាមឃាត់ពួកគេមិនឲ្យប្រើហិង្សាលើក្រុមអ្នកតវ៉ា”។
សកម្មជនរូបនេះបាននិយាយថា គេបានដោះលែងរូបគាត់នៅម៉ោងប្រហែល៣រសៀល បន្ទាប់ពីគាត់បានចុះហត្ថលេខាលើលិខិតមួយដែលសន្យាថា នឹងមិនបិទផ្លូវ ឬដឹកនាំការតវ៉ាទៀត ជាការសន្យាដែលគាត់បាននិយាយថា គាត់គ្មានចិត្តធ្វើតាមនោះទេ។
លោក ស្រ៊ុន ដារិទ្ធ នាយរងខុទ្ទកាល័យក្រសួងបរិស្ថានបាននិយាយថា លោក សំអាល មិនមានន័យចោទក្រុមអ្នកតវ៉ាថា ធ្វើការឲ្យបក្សប្រឆាំងទេ៕ និត