ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អ្នកភូមិរាប់រយគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួននៅក្នុងខេត្តប៉ៃលិន កាលពីចុងសប្តាហ៍ ខណៈដែលខ្យល់ព្យុះវ៉ាមកូ (Vamco) បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគពាយព្យ បន្ទាប់ពីបណ្តាលឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរក្នុងខេត្តកំពត និងខេត្តបាត់ដំបងកាលពីសប្តាហ៍មុន។
លោក កែវ វី ប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា កាលពីសប្តាហ៍មុនខេត្តចំនួនប្រាំបីបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងដោយខេត្តប៉ៃលិន និងខេត្តបាត់ដំបងបានរងផលប៉ះពាល់ពីខ្យល់ ្យុះនេះធ្ងន់ធ្ងរជាងគេ។
លោក កែវ វី បានមានប្រសាសន៍ថា “នៅក្នុងខេត្តប៉ៃលិន យើបានជម្លៀសប្រជាជន៤០៧គ្រួសារ ឬ១.៦៥៥នាក់ចេញពីផ្ទះសំបែងរបស់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍មក ហើយរដ្ឋាភិបាលបានផ្តល់អង្ករចំនួន៧តោនដល់ពួកគាត់”។
លោក គង់ ឌួង ប្រធានមន្ទីរព័ត៌មានខេត្តបានបន្ទោសថា ការលិចលង់នេះបណ្តាលមកពីការបង្ហូរទឹកពីប្រទេសថៃមកកាន់ខេត្តភាគខាងលិចេនះដែលក៏បានជួបប្រទះភ្លៀងដ៏ខ្លាំងដែរនោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ប្រសិនបើមិនមានការបង្ហូរទឹកយ៉ាងច្រើនពីប្រទេសថៃទេនោះប្រហែលជាមិនមានការលិចលង់ក្នុងខេត្តរបស់យើងឡើយ”។
លោកបានបន្ថែមថា អាជ្ញាធរខេត្ត និងកាកបាទក្រហមកម្ពុជាបានផ្តល់ស្បៀងអាហារ និងទឹកស្អាតដល់គ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
យោងតាមលោក កែវ វី បានឲ្យដឹងថា នៅក្នុងខេត្តបាត់ដំបងឯណោះវិញផ្ទះ៧៥៧ខ្នងត្រូវបានលិចលង់ ភាគច្រើនក្នុងស្រុកកំរៀង និងស្រុកបវេល ហើយដំឡូងដាំដុះលើផ្ទៃដីទំហំ៩.៨៣៩ហិកតាត្រូវបានខូចខាត។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់បងបានមានប្រសាសន៍ថា អ្នកភូមិប្រហែល៣០០ គ្រួសារត្រូវបានជម្លៀសចេញក្នុងខេត្តរបស់លោក ហើយថា អាជ្ញាធរបានបិទច្រកព្រំដែនអន្តរជាតិចំនួនពីរនៅតាមព្រំដែនថៃជាបណ្តោះអាសន្ន ដោយសារទឹកមានកម្ពស់ជាង១ម៉ែត្រឯណោះ។
លោកបានថ្លែងថា ”ដោយសារការ លិចលង់នេះ យើងបានបញ្ជាឲ្យបិទច្រកព្រំដែនអន្តរជាតិចំនួនពីរជាបណ្តោះអាសន្ន។ ច្រកព្រំដែនទាំងពីរនេះត្រូវបានបើកឡើងវិញនៅម៉ោងប្រហែល៧យប់ថ្ងៃសៅរ៍”។
លោក ច័ន្ទ សុផល ក៏បានលើកឡើងផងដែរថា ស្ត្រីអាយុ៨៣ឆ្នាំម្នាក់បានលង់ទឹកស្លាប់នៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ កាលពីថ្ងៃសុក្រ។
លោកបានមានប្រសាសន៍ថា “គាត់បានស្លាប់ បន្ទាប់ពីទឹកឡើងយ៉ាងគំហុក ខណៈដែលគាត់បានទៅបេះត្រកួននៅក្បែរផ្ទះ”។
លោក កែវ វី បានមានប្រសាសន៍ថា បើទោះណាជាខ្យល់ព្យុះវ៉ាមកូ បានបំផ្លាញផ្លូវនៅតាមព្រំដែនថៃក៏ដោយ ក៏ទឹកជំនន់នេះបានស្រកទៅវិញមួយផ្នែកធំហើយនៅតាមខេត្តតំបន់ឆ្នេរដូចជាខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុងជាដើម។ លោក កែវ វី បានថ្លែងថា មិនទាន់មានការប៉ាន់ប្រមាណ ពីការខូចខាតសរុបដែលបង្កឡើងដោយខ្យល់ ព្យុះនេះ ដែលក៏បានប៉ះពាល់ដល់ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យផងដែរនៅឡើយទេ។
លោកបានថ្លែងថា “នៅក្នុងខេត្តកំពត ផ្ទះចំនួន៤.៣៨១ខ្នងត្រូវបានលិចលង់ ប្រជាជន២១.៦២០នាក់រងផលប៉ះពាល់ដោយការលិចលង់នេះ ហើយដីស្រែទំហំ២.២៩១ហិកតារងការខូចខាត។ អាជ្ញាធរបានផ្តល់ស្បៀងអាហារ និងទឹកស្អាតដល់ប្រជាជន៣៤៩គ្រួសារ”។
លោក សឹង សយ អាយុ៧០ឆ្នាំ ជាកសិករម្នាក់រស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងបាននិយាយថា ដំឡូងមីរបស់គាត់៧ហិកតាក្នុងចំណោមផ្ទៃដី១២ហិកតាត្រូវបានខូចខាតដោយសារការលិចលង់នេះបីថ្ងៃកន្លងមកហើយ។
លោកបាននិយាយថា “នៅផ្ទះរបស់ខ្ញុំ ទឹកលិចរហូតដល់ត្រឹមចង្កេះឯណោះ ហើយចម្ការដំឡូងរបស់ខ្ញុំ ទឹកលិចកម្ពស់ប្រហែល២ម៉ែត្រឯណោះ”។
លោកបាននិយាយថា “ក្តីសង្ឃឹមរបស់ខ្ញុំត្រូវរលាយអស់ហើយ។តើខ្ញុំត្រូវធ្វើអ្វីទៀតនៅពេលក្រោយ?”៕ សារុន