ការស្ទង់មតិថ្មីមួយទៅលើអ្វីដែលកម្មករកាត់ដេរ៧០០.០០០នាក់របស់ប្រទេសកម្ពុជាទទួលបាន និងចំណាយក្នុងមួយខែ បានសន្និដ្ឋានថា ចំនួនប្រាក់រកបានជាមធ្យមរបស់កម្មករកាត់ដេរម្នាក់គឺ១៩១ដុល្លារ ខ្ពស់ជាងប្រាក់ខែអប្បបរមា ប៉ុន្តែទាបជាងអ្វីដែលថៅកែបាននិយាយ។
ស្នើឡើងដោយក្រុមសិទ្ធិកម្មករដើម្បីជួយសហជីពក្នុងការចរចានៅពេលខាងមុខរបស់ពួកគេជាមួយរោងចក្រអំពីប្រាក់ខែអប្បបរមាថ្មីសម្រាប់ផ្នែកវិស័យកាត់ដេរ ដែលឥឡូវនេះទទួលបាន១២៨ដុល្លារ ក្រុមសិក្សាឌីស៊ី បានស្ទង់មតិកម្មករកាត់ដេរ៧៤៥នាក់នៅទូទាំងប្រទេស។
ក្នុងរបាយការណ៍មួយស្តីពីលទ្ធផលរកឃើញដែលចេញកាលពីថ្ងៃសុក្រ ក្រុមសិក្សាស្រាវជ្រាវបាននិយាយថា ចំនួនមធ្យមគិតទាំងប្រាក់ខែអប្បបរមា ប្រាក់លើសម៉ោង ប្រាក់អតីតភាព ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភសម្រាប់អាហារនិងការដឹកជញ្ជូន និងប្រាក់ដែលរកបានពីការងារបន្ទាប់បន្សំ។
កាលពីឆ្នាំមុន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា ប្រាក់ខែអប្បបរមា១២៨ដុល្លារនឹងជំរុញចំនួនប្រាក់រកបានជាមធ្យមឡើងខ្ពស់ដល់២៥០ដុល្លារ។
នៅពេលដែលប្រាក់ខែអប្បបរមានៅមានចំនួន១០០ដុល្លារនៅឡើយ អង្គការពលកម្មអន្តរជាតិបាននិយាយថា ចំនួនប្រាក់រកបានជាមធ្យមមានប្រហែល១៦៥ដុល្លារសម្រាប់កម្មករខ្សែសង្វាក់ផលិតកម្ម ដែលមានភាគច្រើននៃកម្មកររោងចក្រកាត់ដេរ។
ការចំណាយមធ្យមប្រចាំខែរបស់កម្មករក្នុងការសិក្សារបស់ក្រុមស្រាវជ្រាវឌីស៊ីគឺ២០៧,៥០ដុល្លារ។ ការចរចាប្រាក់ខែអប្បបរមារវាងសហជីព និយោជកនិងរដ្ឋាភិបាល គ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធ៕ និត