27 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់​​​ប្រេសិត​​​​​​សិទ្ធ​​​ិ​​​មនុស្ស​​​ឲ្យ​​​ផ្តោត​​​លើ​​​ការ​​​រើស​​​អើង​​​ជាតិសាសន៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំពាក្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពីម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​​​​លោក​​​ ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​​​រាយការណ៍​​​ ពិសេស​​​ថ្មី​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស​​​នៅ​​​កម្ពុជា​​​ដោយស្នើ​​​ឲ្យ​​​អ្នក​​​រាយការណ៍​​​ពិសេស​​​រូប​​​នេះ​​​ផ្តោត​​​​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​លើ​​​ការ​​​រើស​​​អើងជាតិ​​​សាសន៍​​​។ 

លោកស្រី រ៉ូណា ស្មីត ប្រសិត​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជាជាតិ​​​​​​ ស្តាប់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន អំឡុង​​​កិច្ច​​​ពិភាក្សា​​​នៅ​​​ឯ​​​អគារការិយាល័យ​​​របស់​​​លោក​​​ ហ៊ុន សែន ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ សីុវ  ចាន់ណា​​​/The Cambodia Daily
លោកស្រី រ៉ូណា ស្មីត ប្រសិត​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជាជាតិ​​​​​​ ស្តាប់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន អំឡុង​​​កិច្ច​​​ពិភាក្សា​​​នៅ​​​ឯ​​​អគារការិយាល័យ​​​របស់​​​លោក​​​ ហ៊ុន សែន ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​ពិភាក្សា​​​រយៈ​​​ពេល​​​១ ម៉ោង​​​នៅ​​​ឯ​​​អគារ​​​ការិយាល័យ​​​របស់​​​លោក  ហ៊ុន សែន​​​ ក្នុង​​​រាជធានីភ្នំពេញ លោក អៀង  សុផាល្លែត ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​នាយក​​​ រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា  លោក ហ៊ុន សែន  និង​​​លោក​​​ស្រី រ៉ូណា ស្មីត បាន​​​ពិភាក្សា​​​អំពី​​​តួនាទី​​​របស់​​​លោក​​​ស្រី​​​ និង​​​វិធី​​​​ដែល​​​រដ្ឋាភិបាល​​​និង​​​អ្នក​​​រាយការណ៍​​​ពិសេស​​​រូប​​​នេះ​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​។

លោក អៀង សុផាល្លែត​​​ បាន​​​លើក​​​ឡើង ទៀត​​​​ថា អំឡុង​​​កិច្ច​​​ប្រជុំ​​​ពិភាក្សា​​​ លោក  ហ៊ុន  សែន បាន​​​ចាត់​​​ទុក​​​សិទ្ធិ​​​មនុស្ស​​​ថា ជា​​​ “សិទ្ធិ​​​រស់​​​រាន​​​មាន​​​ជីវិត​​​​​​ សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​អប់​​​រំ​​​ និង​​​សិទ្ធិ​​​ទទួល​​​បាន​​​​អាហារ​​​គ្រប់​​​គ្រាន់​​​​​​” និង​បាន​​​ចាត់ទុក​ការរើសអើង​​​​ជាតិ​​​សាសន៍​​​ថា ជា​​​បញ្ហា​​​ដែល​​​លោក​​​ស្រី រ៉ូណា​​​ ស្មីត​​​ គួរ​​​ដោះ​​​ស្រាយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ជា​​​ពិសេស​​​ សម្តេច​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ស្រី​​​ពិនិត្យ​​​មើល​​​ការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​នៅ​​​កម្ពុជា​​​”។

ទោះ​​​បីជា​​​លោក អៀង សុផាល្លែត​​​ មិន​​​រៀប​​​រាប់​​​ច្រើន​​​ក៏​​​ដោយ​​​ តែ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​រិះ​​​គន់​​​​​​មេដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ថា បាន​​​ប្រើ​​​ពាក្យ​​​រើស​​​អើង​​​ចំពោះ​​​ពល​​​រដ្ឋ​​​វៀត​​​ណាម​​​។ លោក សុរិយា ស៊ូបេឌី អតីត​​​អ្នក​​​រាយការណ៍​​​ពិសេស​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុ​​​ងរបាយការណ៍​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ថា ​​​លោក​ត្រូវ​បាន​​​គេ​​​ “ព្រមាន​​”​ដោយ​​ភាសាបែបនេះ​​​​។

ទោះ​​​ជាយ៉ាង​​​ណា លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​​​​លើ​​​ក​​​ឡើង​​​ថា ការ​​​ផ្តោត​​​របស់​​​លោក​​​ ហ៊ុន សែន លើ​​​ការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍ គឺ​​​ជា​​​វិធី​​​សាស្ត្រ​​​ដើម្បី​​​បង្វែរ​​​ចំណាប់​​​អារម្មណ៍​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​បទ​​​ប្បញ្ញត្តិ​​​នៅ ក្នុង​​​ច្បាប់​​​ដើម្បី​​​ទប់​​​ស្កាត់​​​ និង​​​ដាក់​​​ទោស​​​ទណ្ឌ​​​ការ​​​រើស​​​អើង​​​ជាតិ​​​​​​សាសន៍​​​ណា​​​មួយ​​​រួច​​​ហើយ​​​។ ប្រហែល​​​ជា​​​គាត់​​​ចង់​​​បង្វែរ​​​ចំណាប់​​​អារម្មណ៍​​​ពី​​​បញ្ហា​​ត្រូវ​​​ដោះ​​​ស្រាយ​​​បន្ទាន់​​​ផ្សេង​​​ៗ​​​ដែល​​​ត្រូវ​​​បាន​​​លើក​​​ឡើង​​​ក្រោយ​​​​​​ការ​​បង្ក្រាប​​​និង​​​ក្រោយ​​​អ្វី​​​ដែល​​​យើង​​​បាន​​​ឃើញ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗមក​​​នេះ​​​”។

កាល​​​ពី​​​ខែ​​​កក្កដា សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​១១​​​រូប​​​ត្រូវ​​​បានផ្តន្ទា​​​ទោស​​​​​​ឲ្យជាប់​​​ពន្ធនាគារ​​​ចន្លោះ​​​ព​​​ី​​​៧​​​ឆ្នាំ​​​ទៅ​​​២០​​​​​​ឆ្នាំ​​​ពី​​​បទ​​​កុបកម្ម​​​ ខណៈ​​​លោក​​​ ហុង​​​ សុខហួរ ​​​សមា​​​ជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​សីហា​​​ ពីបទ​​​ក្លែង​ឯកសារ​សាធារណៈ​​​​ ​​​និងញុះញង់​ជុំវិញ​ការ​​​​​​​បង្ហាញ​​​​​​សន្ធិ​​​ សញ្ញា ព្រំដែន​​​ក្លែង​​​ក្លាយ​​​នៅក្នុង​​​វីដេអូ​​​ឃ្លីប​​​មួយ​​​ដែល​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា លោក​​​ នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ដំណឹង​​​ពី​​​ការិយាល័យ​​​របស់​​​លោក​​​ស្រី រ៉ូណា ស្មីត នៅ​​​ឡើយទេ​​​ថាតើ​​​លោក​​​អាច​​​មាន​​​ឱកាស​​​ជួប​​​ពិភាក្សា​​​ជា​​​មួយ​​​អ្នក​​​រាយការណ៍​​​ពិសេស​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​ប៉ុន្តែថា ប្រសិន​​​បើ​​​លោក​​​បាន​​​ជួប​​​ពិភាក្សា ជាមួយ​​​លោក​​​​​ស្រី រ៉ូណា ស្មីត​ មែន​​​នោះ​​​លោក​​​​​​នឹង​​​ផ្តោត​​​លើ​​​សេរីភាពក្នុង​​​ការ​​​​​​បញ្ចេញ​​​មតិ។

បច្ចុប្បន្ន​​​លោក​​​ស្រី រ៉ូណា ស្មីត ​​​កំពុង​​​បំពេញ​​​​​ការងារ​​​​​ជាលើក​​​ដំបូង​​​នៅ​​​កម្ពុជា​​​ ចាប់​​​តាំង​​​ពី​​​លោក​​​ស្រី​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ឲ្យ​​​ធ្វើ​​​ជា​​​ប្រេសិត​​​​​​​​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជា​​​ជាតិ​​​កាល​​​ពីខែ​​​មីនា មក​​​។ ដំណើរ​​​បំពេញ​​​ការ​​ងារ​​​របស់​​​លោក​​​ស្រី នឹង​​​បញ្ចប់​​​នៅថ្ងៃ​​​ព្រហស្បតិ៍​​​។

លោក​​​ស្រី អូល​​​ហ្គា ណាកាចូ (Olga Nakajo) ជំនួយ​​​ការ​​​របស់​​​​​អ្នក​​​រាយ​​​ការណ៍​​​ពិសេស​​​រូប​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​ ​រ៉ូណា ស្មីត បាន​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​ជា​​​ច្រើន​​​ជាមួយ​​​លោក​​​ ហ៊ុន សែន​​​ កាល​​​ពី​​​ម្សិលមិញ រួ​​​ម​​​​​​ទាំង​​​សេរីភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ ដី​​​សម្ប​​​ទាន​​​សេដ្ឋ​​​កិច្ច​​​ ​​​និង​​​តួនាទី​​​នៃ​​​ការ​​​អប់​​​រំ​​​ និង​​​សុខភាព​​​នៅ​​​ក្នុង​​​ការ​​​លើក​​​កម្ពស់​​​សិទ្ធិ​​​មនុស្ស​​​​ផងដែរ​។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា លោក​​​ស្រី រ៉ូណា​​​ស្មីត គ្រោង​​​ជួប​​​ជាមួយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​​​​​​​ផ្សេង​ទៀត​​​នៅ​​​សប្តាហ៍នេះ រួម​​​ទាំង​​​លោក​​​​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី សុខ ​​​អាន ​​​លោក ​​​ស ​​​ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ និង​​​លោក ​​​អង្គ ​​​វង្សវឌ្ឍានា​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​ផង​​​ដែរ​​​។

អ្នក​​​រាយការណ៍​​​ពិសេស​​​រូបនេះ​​​គ្រោង​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ស្តី​​​អំពី​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​ជូន​​​សម័យ​​​ប្រជុំ​​​លើក​​​ទី​​​៣០​​​របស់​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​នៅ​​​ចុង​​​ខែ​​​នេះ​​​៕ ​​​ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស