38.1 C
Phnom Penh

លោក ហ៊ុន សែន ​ទើប​តែ​ទទួល​ស្គាល់​​​​​ទំព័រ​ហ្វេស​ប៊ុក​​​របស់​​លោក ពេល​ទទួល​បាន​​​១លាន​ “ Like”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បដិសេធ​​អស់​​រយៈ​ពេល​២ឆ្នាំ​​ថា ទំព័រ​ហ្វេស​ប៊ុក​មួយ​​ដែល​មាន​ឈ្មោះ​របស់​លោក​​ពិត​ជា​មិន​មែន​ជា​របស់​លោក​​​រួចមក​ ខុទ្ទកាល័យ​​នាយក​រដ្ឋមន្ត្រី​​បែរជា​ទទួល​ស្គាល់​​ថា វា​ពិត​ជា​របស់​លោក​មែន​​ គឺ​មិន​យូរ​ប៉ុន្មាន​​បន្ទាប់ពី​ទំព័រ​ហ្វេស​ប៊ុក​​មួយ​នេះ​ប្រមូល​បាន “Like” (ចូល​ចិត្ត​)​ ​​ទី១លាន​។

លោក ហ៊ុន សែន បាន​បដិសេធ​ជា​យូរ​មក​​​​ហើយ​ថា លោកឬ​ខុទ្ទកាល័យ​របស់​លោក​​មិន​​​​មែន​ជា​អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វេស​ប៊ុក “​Samdech Hun Sen, Cambodian Prime Minister” ​ដ៏​សកម្ម​ដែល​​​​ទទួល​បាន​ប្រជាប្រិយភាព​តិច​ជាង​ទំព័រ​​ហ្វេស​​​​ប៊ុក​របស់​លោក សម រង្ស៊ី ប្រធាន​គណ​​បក្ស​ប្រឆាំង​​ចាប់​តាំង​ពី​បង្កើត​វា​មក​នោះ​ឡើយ​។

លោក​នាយក​រដ្ឋមន្ត្រី​ថែម​ទាំង​បាន​រិះ​គន់​​លោក សម រង្ស៊ី ​ខ្លាំង​ៗទៀត​ផង​​អំឡុង​​​សុន្ទរ​កថា​ជា​សាធារណៈ​មួយ​នៅ​​​រយៈ​ពេល​១​ខែ​មុន​ការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ បន្ទាប់ពី​លោក សម រង្ស៊ី អួត​ថា ​ទទួល​បាន​ Like តាម​ហ្វេសប៊ុក​ច្រើន​ជាង​នាយករដ្ឋមន្ត្រី​។

លោក ហ៊ុន សែន បាន​​មាន​ប្រសាសន៍​កាល​​​ពី​ខែមិថុនា​ ឆ្នាំ​២០១៣​​ថា “​អ្នក​ឯង​ឈ្នះ​​ដោយ​​​ការ​ឈរ​ឈ្មោះ​តែ​ម្នាក់​ឯង។ ​ខ្ញុំ​គ្មាន​សូម្បី​តែ​ហ្វេស​ប៊ុក​។ ខ្ញុំ​សូម​បញ្ជូន​សារ​​ទៅ​ដល់​​យុវ​វ័យ​​​​ទាំង​អស់​ដែល​ចូល​រួម​​ក្នុង​វេទិកា​​ហ្វេសប៊ុក​ទាំង​នេះ​។ គាត់​ [លោក សម រង្ស៊ី] កំពុង​តែ​បោក​ប្រាស់​​ដើម្បី​ទទួល​បាន​ Like ​របស់​អ្នក​ទាំង​អស់​គ្នា​​”។

យោង​តាម​​​គេហទំព័រ​ Socialbakers ដែល​ជា​គេហទំព័រ​ស្ថិតិ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​បាន​​​​ឲ្យ​ដឹង​ថា ​នៅ​​ពេល​នោះ ទំព័រ​ហ្វេសប៊ុក​​​​របស់​​លោក ហ៊ុន សែន មាន​តែ​៦៧.០០០ Like ប៉ុណ្ណោះ​ ប៉ុន្តែ​វា​បាន​កើន​ឡើង​លើស​​១លាន​ ​Like កាលពី​ចុង​ខែ​មុន ហើយ​ពេល​នេះ​​មាន​ប្រហែល​១,០៧​​លាន​ Like ជា​តួលេខ​មួយ​ដែល​​​​កើន​ឡើង​​៦៧.០០០​ Like ក្នុង​មួយ​ខែ។

ដោយ​មាន​​កំណើន​អ្នក​គាំទ្រខុទ្ទកាល័យ​​របស់​លោក ហ៊ុន សែន ​បាន​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ខ្លី​មួយ​កាលពី​យប់​ថ្ងៃ​​អាទិត្យ​ថា លោក​ ហ៊ុន សែន គឺ​ជា​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គម​ដ៏​សកម្ម​ ហើយ​បាន​បញ្ជាក់​ជា​លើក​ដំបូង​ថា ទំព័រ​ហ្វេស​ប៊ុក​នោះ​គឺ​ជា​របស់​លោក​មែន​។

សេចក្ដី​ថ្លែង​ការណ៍​​នោះ​មាន​​​ខ្លឹមសារ​ដូច្នេះ​ថា “​ខុទ្ទកាល័យ​សូម​បញ្ជាក់​ថា គណនី​​ហ្វេស​ប៊ុក​ផ្លូវ​ការ​​របស់​សម្ដេច​ អគ្គមហា​សេនា​​​​​​​​​បតីតេជោ គឺ ‘Samdech Hun Sen, Cambodian Prime Minister’”។ ប្រភព​​​ដើម​​នៃ​ទំព័រ​ហ្វេស​ប៊ុក​​​ នេះ​បាន​ក្លាយ​​​​ជា​ព័ត៌មាន​ភ្ញាក់​ផ្អើលសូម្បី​​សម្រាប់​ មន្ត្រី​​​រដ្ឋាភិបាល​មួយ​ចំនួន​​ ដោយ​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​លោក ​​មិន​ដឹង​​ច្បាស់​សោះ​​ថា អ្នក​ណា​ជា​អ្នក​នៅ​ពី​​​ក្រោយ​ទំព័រ​ហ្វេសប៊ុក “Samdech Hun Sen”។

​លោក ផៃ ស៊ីផាន ដែល​​​បាន​​​ចុច Like ទំព័រ​ហ្វេសប៊ុក​នេះ​ជាយូរ​មក​ហើយ​ បាន​លើក​ឡើង​ថា “សូម្បី​ខ្ញុំ​​​ ទើប​តែ​ម្សិល​មិញ​ប៉ុណ្ណោះ​ដែល​ខ្ញុំ​ដឹង​ពី​ខុទ្ទកាល័យ​របស់​សម្ដេច​ថា​វា​ផ្លូវ​ការ​” ខណៈ​ថ្លែង​ទៅ​​កាន់​បណ្ដា​អ្នក​យក​ព័ត៌​មាន​​ថា ​ចំពោះ​ខ្លឹមសារ​នៅ​ក្នុង​ទំព័រ​ហ្វេស​​ប៊ុក​នោះ​មិន​អាច​សន្មត​ថាជា​របស់​លោក ហ៊ុន សែន បាន​​ទេ។ ប៉ុន្តែ​លោក​រីក​រាយ​ដែល​​​​​​ពេល​នេះ​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី​មាន​​ស្ថាប័ន​ព័ត៌មាន​ផ្លូវ​ការ​សម្រាប់​ទំនាក់​ទំនង​ជាមួយ​ម្ចាស់​ឆ្នោត​។

លោក​បាន​បន្ត​ថា “​អ្នក​ដែល​​ចុច Add សម្ដេច​ ​​សំឡេង​របស់​ពួកគាត់​នឹង​ត្រូវ​បាន​​ស្ដាប់​ឮ។ សម្ដេច​នាយក​គឺ​ជា​​ប្រមុខ​នៃ​​រដ្ឋមន្ត្រី​ ហើយ​សម្ដេច​ចង់​ដឹង​ពី​ប្រជារាស្ត្រ​ និង​​ប្រតិកម្ម​របស់​​​ពួកគាត់​ចំពោះ​គោល​នយោបាយ​របស់​សម្ដេច​។ ​វា​កាន់​តែ​មាន​តម្លាភាព​ និង​​ប្រសិទ្ធភាព​សម្រាប់​​​​រដ្ឋ​ការនេះ​​”។

កាលពី​ខែ​ឧសភា​ឆ្នាំ​មុន ​ពេល​​ទំព័រ​ហ្វេស​​​​ប៊ុក​របស់​លោក​ ហ៊ុន សែន ​មាន​២៦៥.០០០​ Like សារ​បង្ហោះ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​​ត្រូវ​បាន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អូស្ត្រាលី ​យក​ធ្វើ​​ជា​ការ​បញ្ជាក់​ជុំវិញ​កិច្ចព្រមព្រៀង​​របស់​កម្ពុជា ជាមួយ​អូស្ត្រាលី​ ក្នុង​ការ​ទទួល​តាំង​លំនៅ​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​។

​រហូត​មក​ទល់​ពេល​នេះ មន្ត្រី​នៅ​តែ​​បន្ត​បដិសេធ​ថា សេចក្តី​ប្រកាស​​នានា​​នៅ​លើ​ទំព័រ​​​​ហ្វេសប៊ុក​នោះ​មិន​អាច​សន្មត​ថា​ជា​របស់​លោក ហ៊ុន សែន បាន​ឡើយ​។ ទោះ​ជា​យ៉ាង​​​​ណា លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ទំព័រ​ហ្វេស​ប៊ុក​នោះ​ត្រូវ​បាន​គ្រប់​​​គ្រង​ដោយ​លោក ហ៊ុន សែន និង​ខុទ្ទកា​ល័យ​​របស់​លោក​ជា​យូរ​មក​ហើយ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ”​តាមពិត​សម្ដេច​​ប្រើ​ហ្វេសប៊ុក​តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ​មិន​ដែល​មាន​ការ​ប្រកាស​ទទួល​ស្គាល់​​វា​ជា​ផ្លូវ​ការ​ទេ​” ដោយ​ទទួល​ស្គាល់​ថា ជោគ​ជ័យ​​ក្នុង​ការ​ទាក់​ទាញ​បាន​​១​លាន​​ Like ​បណ្ដាល​ឲ្យ​ឈាន​ដល់​ការ​​សម្រេច​ប្រកាស​ទទួល​ស្គាល់​វា​ជា​​ផ្លូវ​ការ​។

លោក​បាន​មាន​ប្រ​សាសន៍​បន្ត​ថា ”​ដំបូង​ឡើយ យើង​ចាប់​ផ្ដើម​វា​គ្រាន់តែ​ជា​ការ​សាក​ល្បង​ប៉ុណ្ណោះ​។ បន្ទាប់​មក​យើង​ឃើញ​ថា វា​បាន​ទាក់​ទាញ​ប្រជាប្រិយភាព និង​​ពេញ​និយម​​​​​​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដូច្នេះ​ហើយយើង​ក៏​ប្រកាស​​ទទួល​ស្គាល់​វា​ជា​​ផ្លូវ​ការ​ដើម្បី​ពង្រីក​ការ​ទំនាក់​ទំនង​​​រវាង​ថ្នាក់​ដឹកនាំ​កំពូលៗ​ និង​ប្រជាពលរដ្ឋ​”។

​កាលពី​ខែ​វិច្ឆិកា លោក សម រង្ស៊ី បាន​​រៀបចំពិធី​មួយ​នៅ​ទីស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អបអរ​​​​សាទរ​ដែល​ទំព័រ​​ហ្វេស​ប៊ុករបស់​លោក​ទទួល​បាន Like ទី១លាន ហើយ​បច្ចុប្បន្ន​​​​មាន​អ្នក​គាំទ្រ​​​ចំនួន​១,៦៨​លាន​នាក់​តាម​​គេហ​​ទំព័រ​​​ទំនាក់​ទំនង​សង្គម​មួយ​នេះ​។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​កាល​​​ពី​ម្សិលមិញ​​​ថា លោក​​​សូមអប​​​អរ​​​សាទរលោក ហ៊ុន សែន ​ចំពោះ​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​ដែល​​​លោក​​​ចាត់​​​ទុក​​​ថា ”មាន​​ភាព​ទាក់​​​ទាញ​​​​​​ខ្លាំង និង​​​​ដំណើរ​​​ការ​​​បាន​​​ល្អ” ប៉ុន្តែលោក​​​ជឿ​​​ថា បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​​​​​​​មាន​​​សារៈ​សំខាន់​​​​​​សម្រាប់​​​គណបក្ស​​​របស់​​​លោក​ច្រើន​ជាង​​​សម្រាប់​​គណបក្ស​​​របស់​​​លោក​​​ ហ៊ុន សែន ។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ហ្វេសប៊ុក​​​មាន​​​សារៈសំខាន់​​​ណាស់​​​សម្រាប់​​​យើង ​ដោយ​​សារ​តែ​​​​គណបក្ស​​​ប្រឆាំង​​​គ្មាន​​​ស្ថានីយ​ទូរ​ទស្សន៍​​​។​​ស្ថានីយទូរទស្សន៍​​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​គ្រប់​​​គ្រង​​​​ផ្ទាល់​ដោយ​​​គណបក្ស​​​កាន់​​​អំណាច​​​ ហើយ​​​​​​វា​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ទស្សនៈ​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ ដូច្នេះ​​​វា​​​​ជាស្ថាប័ន​​​ទំនាក់​​​ទំនង​តាម​​​​អេឡិចត្រូនិក​​​តែ​​​មួយ​​​គត់​​​ដែល​​​អាច​​​ផ្សព្វ​ផ្សាយ​​​​ទៅ​ដល់​ពល​​​រដ្ឋ​​​​បាន​​​​យ៉ាង​​ច្រើន​”។

អ្នក​​​អង្កេត​​​ការណ៍​​​ជា​​​ច្រើន​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ខ្លួន​​​ឯង​​​ផ្ទាល់​​​ បាន​​​សន្មតថា គណ​​បក្ស​​​​ប្រឆាំ​ងទទួល​បាន​​​​លទ្ធ​ផល​ដ៏​​​​ល្អ​​​នៅ​ក្នុង​ការ​​​បោះឆ្នោត​​​ជ្រើស​តាំង​តំណាង​រាស្ត្រ​​​​ឆ្នាំ​​​២០១៣​​​ ​គឺ​មក​ពី​វត្ត​មាន​​តាម​​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​​​របស់​​​ខ្លួន​​​ដែល​​​​​បាន​បំបែក​​​​មូល​ដ្ឋាន​​គាំទ្រ​រឹង​មាំ​​​​​​រាប់​ទស​វត្សរ៍​របស់​​​​គណបក្ស​​​ប្រជា​ជន​កម្ពុជា​​​ តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ លោក ហ៊ុន ​សែន បាន​​​ផ្តល់​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បង្កើត​​​ស្ថានីយទូរទស្ស​​ន៍​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រឆាំង​​​លើក​​​ដំបូង​​​ដែល​​​គ្រោង​​​នឹង​​​បើក​​​នៅ​​​ឆ្នាំ​​​នេះ​​​ ប៉ុន្តែ លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា ទូរទស្សន៍​​នឹង​មិន​​​អាច​​​ជំនួស​សារៈ​សំខាន់​​​នៃ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ហ្វេស​​​ប៊ុក​បាន​ឡើយ​​​​សម្រាប់​​​​ប្រជា​ពល​​​រដ្ឋ​​​ដែល​​មាន​​​អាយុ​​​ក្រោម​​​៣៥​​​ឆ្នាំ​​​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​​​ថា “វា​​​នឹង​​​នៅ​​​តែ​​​មាន​​​សារៈសំខាន់​​​ដូច​​​សព្វ​​​ថ្ងៃ​​​ ដោយសារតែ​របៀប​ដែល​វា​​ដំណើរ​ការ​។ ​ក្រុម​​​​ប្រជា​ពល​​​រដ្ឋ​​​​មាន​ខុសៗគ្នា​។ អ្នក​​​លេង​​​ហ្វេស​​​ប៊ុក​​​គឺ​​​ជា​​​យុវវ័យ និង​​ជា​អ្នក​​​​ប្រើ​ទូរស័ព្ទ​​​ហើយ​​​ក៏​ជា​​អ្នក​ដែល​​​មាន​​​ការ​​​អប់​​​រំ​​​​​​ខ្ពស់​ដែរ​​”។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​លោក​សង្ឃឹម​​​ថា ​​​នឹង​​​ទទួល​​​បាន​​​២លាន “Like” នៅ​​​ ឆ្នាំ​​​ក្រោយ​​​ គឺចំ​​​ពេល​​​​​ដែល​ត្រូវ​​​​ជំរុញ​​​ឲ្យ​​​មាន ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​សង្កាត់ ​​​​ឆ្នាំ​​​២០១៧។ ​ផ្ទុុយ​​ទៅ​វិញ ​​​ទំព័រ​​​ហ្វេស​​​ប៊ុក ​​​ របស់​​​លោក ហ៊ុន សែន ​បាន​​អប​អរ​សាទរ​​ថ្ងៃ​ដំបូង​របស់​ខ្លួន​ដែល​​ត្រូវ​បាន​​​ទទួល​ស្គាល់​ជា​​​​គណនី​​​ផ្លូវ​​​​ការ​​អម​ដោយ​សារ​​អំពាវ​នាវ​​​​​ប្រឆាំង​ការ​​​ផ្លាស់​​​ប្តូរ​​​។

សារ​មួយដែល​បង្ហោះ​លើ​ទំព័រ​​​ហ្វេសប៊ុក​​​ផ្លូវការ​នេះ​មានខ្លឹមសារដូច្នេះ​ថា​ ”ផ្លាស់​​​ប្តូរ​​​ដើម្បី​​​សង្គម​​​ជាតិ​​​រីក​​​ចម្រើន​​​ ស្រប​​​ពេល​​​ដែល​​​ប្រទេស​​​ជាតិ​​​កំពុង​​​អភិវឌ្ឍ​​​​​ទៅមុខ​​​ គឺ​​​យើង​​​ត្រូវ​​​​​តែ​​​ដើរ​​​ឲ្យ​​​ទាន់​​​ពេល​​​វេលា​​​នៃ​​​ការ​​​ផ្លាស់​​​ប្តូរ​​​។ ​សម្តេច​​​តេជោ ហ៊ុន សែន បាន​​​គិត​​​គូរ​​​ និង​​​មាន​​​ចក្ខុវិស័យ​​​ច្បាស់​​​លាស់​​​ អំពី​​​តម្រូវ​​​ការ​​​ដែល​​​ជា​​​ផល​​​ប្រយោជន៍​​​ចាំ​​​បាច់​​​សម្រាប់​​​ប្រជា​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ផង​​​ និង​​​សម្រាប់​​​ជន​​​បរទេស​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ និង​​​ប្រកប​​​ការ​​​ងារ​​​ផ្សេង​​​ៗ​​​នៅ​​​ក្នុ​​​ងប្រទេស​​​កម្ពុជា​​​ផង​​​។ គណបក្ស​​​ប្រឆាំង​​​​​នៅ​​​​​​កម្ពុជា​​​​​​ តែង​​​តែ​​​និយាយ​​​អំពី​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដែល​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​ការ​​​ផ្លាស់​​​ប្តូរ​​​នៅ​​​មជ្ឈិម​​​បូពា៌​​​ ដែល​​​កំពុង​​​ផ្ទុះ​​​សង្គ្រាម​​​ បង្ក​​​វិនាស​​​កម្ម​​​ និង​​​អំពើ​​​ភេរវកម្ម​​​​​​បំផ្លាញ​​​ជីវិត​​​មនុស្ស និង​​​ទ្រព្យ​​​សម្បត្តិ​​​យ៉ាង​​​ច្រើន​​​។ នេះ​​​គឺ​​​ជា​​​ការ​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​​​រក​​​ភាព​​​ហិន​​​ហោច​​​ដែល​​​កម្ពុជា ​​​មិន​​​​​​ស្វាគមន៍​​​ជា​​​ដាច់​​​ខាត​​​”៕ សុខុម និង ស៊ុយឈាង​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស