35 C
Phnom Penh

សហជីព​ឈាន​ទៅ​មុខ​បន្តិច​ម្តង​​អំពី​ប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​កាត់ដេរ​ប្រហែល​៧០០.០០០ ​នាក់​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ខក​ខាន​ជា​ថ្មី​ទៀត​មិន​ បាន​ឈាន​ដល់​មតិ​រួម​ថា​នឹង​ដំឡើង​ចំនួន​ប៉ុន្មាន​ទៅ​លើ​ប្រាក់​ខែ​អប្បបរមា ​១២៨​ដុល្លារ​បច្ចុប្បន្ន​ក្នុង​ការ​ចរចា​នៅ​ពេល​ខាង​មុខ​ជាមួយ​និយោជក បើ​ទោះជា​ពួកគេ​បាន​បន្ថយ​ការ​ខ្វែង​គំនិត​ក៏​ដោយ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ធ្វើឡើង​ ដោយ​ក្រុម​សិទ្ធិ​កម្មករ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​សហជីព​មួយ​ចំនួន​ដែល​មាន​សម្ពន្ធ​ជាមួយ​រដ្ឋាភិបាល​បាន​ស្នើ​ការ​ ដំឡើង​ពី​១០​ភាគរយ​ទៅ​១៥​ភាគរយ​នៅ​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ពុធ​នោះ សហជីព​ឯករាជ្យ​មួយ​ចំនួន​តូច​បាន​ជំរុញ​ឲ្យ​បាន​ដល់​ទៅ​២០៧​ដុល្លារ ជា​ការ​ចំណាយ​មធ្យម​ប្រចាំ​ខែ​របស់​កម្មករ។

លោក អាត់ ធន់ ដែល​ជា​ប្រធាន​សហជីព​ឯករាជ្យ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក​និង​មេដឹកនាំ​សហជីព​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ថយ​ពី​ចំនួន​២០៧​ដុល្លារ បន្ទាប់ពី​បាន​ព្រមព្រៀង​គ្នា​ថា មុខ​ចំណាយ​មួយ​ចំនួន​ក្នុង​ការ​ស្ទង់​មតិ​នោះ​មិន​ចាំ​បាច់។

លោក​បាន​និយាយ​ថា “មុខ ​ចំណាយ​មួយ​ចំនួន​មិន​មែន​ជា​សេចក្តី​ត្រូវការ​មូលដ្ឋាន ក្នុង​នោះ​មាន​បារី​និង​ស្រា​ហើយ​និង​ទូរស័ព្ទ​ជាដើម។ បន្ទាប់ពី​ដក​មុខ​ចំណាយ​ទាំង​នេះ​ចេញ យើង​បាន​តួលេខ​ត្រឹម​តែ​១៧៨,៧០​ដុល្លារ”។

លោក ធន់ បាន​និយាយ​ថា មេដឹកនាំ​សហជីព​ភាគច្រើន​បំផុត​ក្នុង​ការ​ប្រជុំ​បិទ​ទ្វារ​ចុះ​សម្រុង​គ្នា​នឹង​តួលេខ​នោះ។

“៩០​ភាគរយ​នៃ​សហជីព​ក្នុង​ការ​ប្រជុំ​នឹង​ព្រមព្រៀង​លើ​តួលេខ​១៧៨,៧០ ​ដុល្លារ ព្រោះ​វា​នៅ​ច្រើន​នៅឡើយ ប៉ុន្តែ យើង​នឹង​មាន​ការ​ប្រជុំ​មួយ​លើក​ទៀត​នៅ​ថ្ងៃ​ទី​២៣។ ពេល​នោះ​យើង​ព្រមព្រៀង​លើ​តួលេខ​មួយ យើង​នឹង​សម្រេច​យក​ ហើយ​បញ្ជូន​វា​ទៅ​ក្រសួង​ការងារ”។

ក៏ប៉ុន្តែ លោក​ ជួន មុំថុល ទីប្រឹក្សា​ក្រសួង​ការងារ​ដែល​ជា​ប្រធាន​សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ដែល​ មាន​សម្ពន្ធភាព​នឹង​រដ្ឋាភិបាល​ បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​ថា មាន​ការ​ជឿនលឿន​តិចតួច​កាលពី​សប្តាហ៍​មុន។

លោក​បាន​និយាយ​ថា “យើង​ដឹង​ថា យើង​នឹង​មិន​ទទួល​បាន​ការដំឡើង​ច្រើន​ទេ​ ហេតុអ្វី​បន្ត​ចង់​បាន​តួលេខ​ធំ​មួយ​បែបនេះ? ថ្ងៃ ​នេះ​មនុស្ស​មួយ​ចំនួន​ចង់​បាន​២០៧​ដុល្លារ ១៧៨ដុល្លារ ឬ១៥៨​ដុល្លារ។ ចំពោះ​ខ្ញុំ​ ខ្ញុំ​ចង់​បាន​ប្រហែល​១៤៨​ដុល្លារ។ ដូច្នេះ​ហើយ​យើង​មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​នៅ​ឡើយ​ទេ”។

និយោជក​ភាគ​ច្រើន​ដែល​ស្ទង់​មតិ​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​កាលពី​ខែ​មុន​បាន​និយាយ​ថា ពួកគេ​មិន​អាច​ធ្វើការ​ដំឡើង​​ណា​មួយ​បាន​ទេ។

សហជីព និយោជក និង​រដ្ឋាភិបាល គ្រោង​នឹង​ធ្វើ​ការ​ចរចា​ត្រីភាគី​លើក​ដំបូង​អំពី​ប្រាក់ខែ​នេះ​នៅ​ថ្ងៃ​ សុក្រ។ ក្រសួង​ការងារ​សង្ឃឹម​ថា នឹង​ព្រមព្រៀង​លើ​ការ​ដំឡើង​ប្រាក់ខែ​នៅ​ខែ​ក្រោយ ហើយ​នឹង​ដាក់​ឲ្យ​អនុវត្ត​នៅ​ខែ​មករា៕ និត

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស