យោងតាមសេចក្តីសម្រេចមួយដែលទទួលបានកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ជិតបីខែបន្ទាប់ពីការបង្កើតគណៈកម្មាធិការថ្មីមួយ ដើម្បីស៊ើបអង្កេតឡើងវិញនូវឃាតកម្មលើមេដឹកនាំសហជីពសេរី លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត សមាជិករបស់ខ្លួនបានទទួលការតែងតាំងកាលពីសប្តាហ៍មុន។
ការស្លាប់មេដឹកនាំសហជីពទាំងបីអ្នក ដែលសុទ្ធតែត្រូវបានបាញ់ដោយឃាតករជិះម៉ូតូក្នុងក្រុងភ្នំពេញរវាងឆ្នាំ២០០៤និងឆ្នាំ២០០៧ ត្រូវបានយកមកកាត់ទោសរួចហើយ។ ទោះជាយ៉ាងនេះក្តី ក្រុមសិទ្ធិមនុស្សបានរិះគន់ការដោះស្រាយករណីទាំងបីដោយរដ្ឋាភិបាល ដោយបញ្ជាក់ថា អ្នករងកំហុសអ្នកផ្សេងត្រូវបានគេចាប់ខ្លួន និងកាត់ទោសពីបទឃាតកម្មទាំងនោះ។
នៅថ្ងៃទី២៥ខែមិថុនា រដ្ឋាភិបាលបានប្រកាសការបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតឃាតកម្មទាំងនេះឡើងវិញ ហើយសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីមួយដែលចុះហត្ថលេខានៅថ្ងៃទី១៥កញ្ញា បានតែងតាំងលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានរបស់គណៈកម្មាធិការនេះ។
លោក មុំ វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងលោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន។ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ជាសមាជិក។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិយាយថា លោកមិនបានដឹងថាតើការសម្លាប់ ដែលបានកើតឡើងជាងមួយទសវត្សរ៍ហើយនោះ នឹងត្រូវស៊ើបអង្កេតរបៀបណាទេ។ លោកបាននិយាយថា “រង់ចាំមើលសិន ពីព្រោះយើងទើបតែបានទទួលរឿងនេះ”។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយថា លោកជឿថា គណៈកម្មាធិការនេះនឹងធ្វើការប្រមូលព័ត៌មាន ដែលមិនបានបញ្ចេញឲ្យដឹងពីមុនមកដោយរដ្ឋាភិបាល។
លោកបាននិយាយថា “យើងបានស៊ើបអង្កេតករណីទាំងនេះហើយ ប៉ុន្តែមានព័ត៌មានខ្លះដែលយើងមិនអាចបញ្ចេញជាសាធារណៈបាន និងមានភាពស្មុគស្មាញជាច្រើនក្នុងករណីទាំងនោះ ដូច្នេះយើងមិនបានបញ្ចប់វាទេ។ ករណីទាំងនេះស្ថិតក្នុងដំណើរការនីតិវិធីនៅឡើយ”៕ និត