ពលករមួយក្រុមមានគ្នា៩០នាក់បានធ្វើការតវ៉ាកាលពីម្សិលមិញនៅខាងក្រៅការិយាល័យក្រុមហ៊ុនជ្រើសរើសពលករមួយដែលពួកគាត់និយាយថា បានបោះបង់ពួកគាត់ចោលនៅច្រកព្រំដែនកាលពីព្រឹកថ្ងៃសៅរ៍ ហើយបានបោកប្រាស់ពួកគាត់យកប្រាក់អស់រាប់ពាន់ដុល្លារ បង់ដើម្បីបានទៅធ្វើការងារនៅក្នុងប្រទេសថៃ។

យោងតាមពលករអាយុ៣៥ឆ្នាំឈ្មោះ ដូច ភ័ស្ស បានឲ្យដឹងថា ពលករទាំងអស់ដែលបានចុះឈ្មោះជាមួួយក្រុមហ៊ុនជ្រើសរើសពលករ ជិនវណ្ណដា មេនផៅវើរ (Chin Vanda Manpower) បានមកដល់ខាងក្រៅការិយាល័យ ក្រុមហ៊ុនស្ថិតក្នុងខណ្ឌសែនសុខកាលពីព្រឹកម្សិលមិញ បន្ទាប់ពីពួកគាត់ទាំង៦៣នាក់ត្រូវបានយកមកទុកចោលនៅផ្ទះសំណាក់មួយនៅច្រកព្រំដែនអន្តរជាតិដូង ក្នុងខេត្តបាត់ដំបងដោយមានអ្នកសម្របសម្រួលឈ្មោះ សេង សាឡែន ។
ដូច ភ័ស្ស បាននិយាយថា “យើងបានរង់ចាំយ៉ាងយូរនៅព្រំដែនដោយគ្មានទទួលបានដំណឹងល្អអ្វីសោះ បន្ទាប់មកទើបយើងដឹងថា ក្រុមហ៊ុនបានបោកប្រាស់ពួកយើង។ ខ្ញុំដឹងថា ពួកគេបោកប្រាស់ខ្ញុំ ពីព្រោះពួកគេគ្រាន់តែនាំពួកយើងទៅព្រំដែនដោយគ្មានឯកសារអ្វីឡើយ ហើយអ្នកតំណាងរូបនេះបានភូតកុហក ហើយបន្ទាប់មកបានគេចខ្លួនបាត់”។
កម្មករទាំងអស់ដែលបាននិយាយថា ខ្លួនបានបង់ប្រាក់ចន្លោះ ពី២៥០ដុល្លារទៅ៤០០ដុល្លារដល់ក្រុមហ៊ុន ដែលគ្រប់គ្រងដោយលោក ជិន វណ្ណដា បានត្រឡប់មករាជធានីភ្នំពេញវិញតាមរថយន្តក្រុងកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ បន្ទាប់ពីពួកគាត់ដឹងថា លោក សាឡែន មិនបានត្រឡប់មករកពួកគាត់។ ក្រុមនេះបានមកដល់ការិយាល័យក្រុមហ៊ុនកាលពីម្សិលមិញ ដោយឃើញក្រុមហ៊ុននេះទទេស្អាត ស្លាកសញ្ញាក្រុមហ៊ុនត្រូវបានដោះចេញបាត់។
ការហៅទូរស័ព្ទទៅកាន់លេខក្រុមហ៊ុនកាលពីម្សិលមិញ មិនមានអ្នកទទួលទេ។
យោងតាមលោក ឆាង ម៉ៅ អាយុ២៨ឆ្នាំបានឲ្យដឹងថា ទោះយ៉ាងណា ខណៈដែលពលករទាំងនោះបានឈរនៅខាងក្រៅការិយាល័យ ពួកគាត់មួយចំនួនបានប្រទះឃើញលោក សាឡែន កំពុងជិះម៉ូតូ ហើយក៏បានឃាត់ខ្លួនគាត់តែម្តង។
លោកបាននិយាយថា “ព្រឹកនេះ យើងបានឃើញលោក សាឡែន ជិះម៉ូតូដោយចៃដន្យបន្ទាប់មកយើងបានចាប់ខ្លួនគាត់តែម្តង”។
និយាយទៅកាន់អ្នកយកព័ត៌មាន ខណៈដែលពលករឈរនៅជុំវិញ លោក សាឡែន បានបដិសេធថាមិនបានបោកប្រាស់ពួកគាត់ទេ ហើយបានអះអាងថា លោកមិនបានត្រឡប់ ទៅផ្ទះសំណាក់វិញ ពីព្រោះលោកមិនទទួលបានប្រាក់ពីលោក វណ្ណដា សម្រាប់ចំណាយថ្លៃទិដ្ឋាការរបស់ពលករ និងការចំណាយផ្សេងៗទៀត។
លោក សាឡែន បាននិយាយថា “ចៅហ្វាយរបស់ខ្ញុំនិយាយថា គាត់នឹងផ្ទេរប្រាក់ឲ្យខ្ញុំដើម្បីបង់ថ្លៃផ្ទះសំណាក់ និងថ្លៃអាហារសម្រាប់ពលករចំណាកស្រុកទាំងនេះ ប៉ុន្តែ គាត់ចេះតែពន្យារពេលក្នុងការផ្ទេរប្រាក់ឲ្យខ្ញុំ។ ខ្ញុំមិនបានត្រឡប់ទៅជួបពលករចំណាកស្រុកវិញ ដោយសារចៅហ្វាយរបស់ខ្ញុំមិនបានផ្ទេរប្រាក់ឲ្យខ្ញុំ”។
នៅពេលទាក់ទងកាលពីរសៀលម្សិលមិញ លោក ភ័ស្ស បាននិយាយថា លោកបានដឹកលោក សាឡែន ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ ហើយថា ពួកគាត់បានឃុំខ្លួនបុរសរូបនេះ។
គេមិនអាចទាក់ទងក្រុមមន្ត្រីនៅនាយកដ្ឋាននេះបានទេ៕ សារុន