យោងតាមនគរបាលបានឲ្យដឹងថា កម្មករកុមារជាង២០នាក់ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរ ប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនប្ដីប្រពន្ធពីរនាក់ដែលបានបង្ខំកុមារទាំងនេះឲ្យធ្វើការជាអ្នកលក់ផ្លែឈើជាថ្នូរនឹងការចំណាយប្រាក់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេ។
លោក ឯម សារាវុធ អធិការនគរបាលខណ្ឌបានមានប្រសាសន៍ថា មន្ត្រីមកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋានបានឆ្មក់ចូលផ្ទះរបស់ប្ដីប្រពន្ធនេះនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ទីដែលពួកគេបានរកឃើញកុមារ២២នាក់ដែលត្រូវបានឃុំខ្លួនក្នុងកន្លែងដែលមានមនុស្សណែនណាន់តាន់តាប់។
លោកបានមានប្រសាសន៍ថា “នៅព្រឹកនេះ នគរបាលនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងនគរបាលខណ្ឌបានចាប់ខ្លួនជនសង្ស័យពីរនាក់ដែលបានកេវប្រវ័ញ្ចពលកម្មកុមារ។ យើងបានរកឃើញកុមារ២២ នាក់នៅក្នុងផ្ទះដែលកំពុងដេកលង់លក់ ពីព្រោះពួកគេនឿយហត់អស់កម្លាំងពីការដើរលក់នៅតាមផ្លូវកាលពីយប់មិញ”។
លោក សារាវុធ បានថ្លែងថា កុមារទាំង២២នាក់នេះត្រូវបានបង្ខំឲ្យធ្វើជាអ្នកលក់ផ្លែឈើនៅតាមបៀហ្គាឌិន និងភោជនីយដ្ឋាននានាក្នុងរាជធានីបន្ទាប់ពីឈ្មួញកណ្ដាលបានព្រមព្រៀងជាមួយឪពុកម្ដាយរបស់ពួកគេដែលទទួលបានប្រាក់ពីជនសង្ស័យទាំងនេះជាថ្នូរនឹងការឲ្យកូនៗរបស់ពួកគេធ្វើការងារ។ លោកបានមានប្រសាសន៍ថា “មុនពេលកុមារទាំងនេះត្រូវបានបញ្ជូនទៅឲ្យជនសង្ស័យទាំងពីរនាក់នេះ មេខ្យល់បានធ្វើកិច្ចសន្យាជាមួយឪពុកម្ដាយរបស់ពួកគេ។
អធិការនគរបាលរូបនេះបានថ្លែងថា ជនសង្ស័យទាំងពីរនាក់ត្រូវបានសាកសួរកាលពីល្ងាចម្សិលមិញនៅទីស្នាក់ការកណ្ដាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស។
លោកស្រី ណា នាង អនុប្រធាននាយកដ្ឋាននេះបានបង្ហាញអត្តសញ្ញាណប្ដីប្រពន្ធទាំងពីរនាក់នេះថា ឈ្មោះ ខេន វណ្ឌី អាយុ៣០ និងប្ដីរបស់គាត់ឈ្មោះ ជា សាឌី អាយុ២៨ឆ្នាំ។ លោកបានបន្ថែមថា ពួកគេនឹងត្រូវឃុំខ្លួនមួយយប់ ហើយនឹងត្រូវសាកសួរបន្ថែម នៅថ្ងៃនេះ។
លោកស្រីបានថ្លែងថា “មុនឈានដល់ការចាប់ខ្លួនពួកគេ នគរបាលបានតាមដានប្ដីប្រពន្ធនេះជាយូរមកហើយ។ យើងមានការសង្ស័យលើពួកគេ។យើងបានចាប់ផ្ដើមធ្វើការស៊ើបអង្កេត ពីព្រោះក្នុងពេលកន្លងមកយើងមិនដែលឃើញមានកុមារច្រើនបែបនេះដើរលក់ដូច្នេះទេ យើងចាប់ផ្ដើមឆ្ងល់ថាតើហេតុអ្វីបានជាមានកុមារច្រើនយ៉ាងនេះ”។
លោកស្រី ណា នាង បានថ្លែងថា នគរបាលបានរកឃើញផ្ទះនេះតាមរយៈការដើរតាមកុមារទាំងនេះត្រឡប់មកផ្ទះបន្ទាប់ពីធ្វើការងារ។ អ្នកស្រីបានថ្លែងថា អ្នកថែរក្សាពួកគេប្រឈមនឹងការចោទប្រកាន់ពីបទដាក់អនីតិជនឲ្យស្ថិតក្នុងលក្ខខណ្ឌការងារបណ្ដាលឲ្យខូចដល់សុខភាពតាមមាត្រា៣៣៩នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអតិបរមា៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១០.០០០.០០០លានរៀល។
លោក យូ សុភ័ក្ត្រ ដែលបានទៅជាមួយនគរបាលអំឡុងការឆ្មក់ចូលក្នុងនាមជាអ្នកតំណាងមន្ទីរសង្គមកិច្ចរាជធានី បានមានប្រសាសន៍បន្ថែមថា ផ្ទះរបស់ប្ដីប្រពន្ធនេះមាន ទីធ្លាធំទូលាយ ប៉ុន្តែពេញទៅដោយទំនិញសម្រាប់ឲ្យកុមារទាំងនេះដើេរលក់ ដោយពួកគេមាន ពេលដេកតិចតួចប៉ុណ្ណោះ។
លោកបានថ្លែងថា “ខ្ញុំឃើញថា ផ្ទះនេះងងឹតឈឹង ហើយមិនមានខ្យល់អាកាសចេញចូលដើម្បីឲ្យកុមារទាំងនេះដកដង្ហើមបានស្រួលឡើយ”។ លោកបានបន្ថែមថា កុមាររងគ្រោះទាំងនេះមានអាយុចន្លោះពី៦ឆ្នាំដល់១៧ឆ្នាំ ហើយថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេរស់នៅភ្នំពេញឡើយ។
លោក សុភ័ក្ត្រ បានថ្លែងថា កុមារទាំងនេះបានប្រាប់លោកថា ចំនួនម៉ោងដែលពួកគេតម្រូវឲ្យធ្វើការអាស្រ័យលើចំនួនទឹកប្រាក់ដែលឪពុកម្ដាយរបស់ពួកគេទទួលបានពីប្ដីប្រពន្ធទាំងពីរនាក់នេះ ដោយកុមារមួយចំនួនអះអាងថា ពួកគេបានធ្វើការរយៈពេលជាង២ខែមកហើយ។
លោកបានថ្លែងថា “នៅម៉ោងប្រហែល៤ល្ងាចរៀងរាល់ថ្ងៃ ជនសង្ស័យទាំងនេះបានយកម៉ូតូឌុបកុមារទាំងនេះទៅតាមភោជនីយដ្ឋាននានា ទីដែលពួកគេបានដើរលក់ផ្លែឈើរហូតដល់ម៉ោង៥ទៀបភ្លឺ នៅពេលនោះពួកគេយកម៉ូតូមកឌុបកុមារទាំងនេះទៅផ្ទះវិញ”។
លោក ម៉ៃ ណូលីន (Mike Nowlin) នាយករងប្រចាំប្រទេសនៃអង្គការ Hagar International បានមានប្រសាសន៍ថា បើទោះណាជាការឆ្មក់ចូលនេះមានការប្រសើរឡើងពាក់ព័ន្ធគោលនយោបាយកន្លងមករបស់អាជ្ញាធរក្នុងការដើរប្រមូលអ្នកលក់នៅតាមផ្លូវ ហើយបញ្ជូនពួកគេទៅមណ្ឌលសង្គមកិច្ចរាជធានីក៏ដោយ ក៏ជីវភាពរស់នៅរបស់ក្រុមគ្រួសារកុមារទាំងនេះនៅតែបន្តធ្វើឲ្យពួកគេងាយរងគ្រោះចំពោះការរំលោភបំពានដែរ។
លោកបានថ្លែងថា “ប្រសិនបើពួកគេមានចំណូលខ្ពស់ ឬមានលទ្ធភាពក្នុងការទំនុកបម្រុង គ្រួសារ ពួកគេប្រហែលជាមិនសម្រេចចិត្តលក់កូនៗរបស់ខ្លួនឲ្យទៅធ្វើការងារបែបនេះឡើយ”។ លោកបានបន្ថែមថា “ប៉ុន្តែការមិនមានកម្មវិធីសុខុមាលភាពថ្នាក់ជាតិ មិនមានដំណោះស្រាយងាយស្រួលទេ។ ទីបំផុត វាជាបញ្ហាសេដ្ឋកិច្ច ហើយមនុស្សធ្វើដូច្នេះដើម្បីចិញ្ចឹមគ្រួសាររបស់ខ្លួន”៕ សារុន (រាយការណ៍បន្ថែមដោយ Anthony Jensen)