31 C
Phnom Penh

ក្រុមប្រឆាំង​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋអាេមរិក​​​នឹង​​​តវ៉ា​​​ប្រឆាំង​​​លោក ហ៊ុន សែន នៅ​​​ក្នុង​​​ទីក្រុងញូវយ៉ក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​​​ដឹក​​​នាំ​​​ក្រុម​​​ប្រឆាំង​មួយ​​​មាន​​​មូលដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ដែល​​​ជួយ​​​ផ្តល់​​​ហិរញ្ញ​​​វត្ថុ​​​ដល់​​​យុទ្ធនាការឃោសនា​​​​បោះឆ្នោត​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាលពី​​​​​​​ឆ្នាំ​​​២០១៣​​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិល​​​មិញ​​​ថា នឹង​​​មាន​​​​​​ការ​​​តវ៉ា​​​ប្រឆាំង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន អំឡុង​​​ដំណើរ​​​​​​នាចុងសប្តាហ៍​​​របស់​​​លោក​​​ ទៅ​​​កាន់​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​ក្នុង​​​​​​ទី​​​ក្រុង​​​ញូវ​​​យ៉ក ដោយ​​​ធ្វើឲ្យ​​​មាន​​​ការ​​​កម្រើក​​​​​​ឡើង​​​វិញ​​​នូវ​​​ការ​​​តវ៉ា​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​​​ដែលស្រែកថា​​​​ “ហ៊ុន សែន អើយ​ ចុះ​​​ចេញ​ទៅ​​​​”។

លោក ហ៊ុន សែន គ្រោង​​​ថ្លែង​​​នៅ​​​ក្នុង​​​កិច្ច​ប្រជុំ​​​​កំពូល​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​ថ្ងៃ​​​សៅរ៍ ហើយ​​​លោក ទូច វិបុល​​​ ប្រធាន​​​មូល​​​និធិ​​​សង្គ្រោះជាតិ​​​ខ្មែរ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​លោក​​​នឹង​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​ទី​​​ស្នាក់​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ ដើម្បី​​​អំពាវ​​​នាវ​​​ឲ្យ​​​អង្គការ​​​នេះ​​​ធ្វើ​​​អន្តរាគមន៍​​​នៅកម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​ចង់​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ចាប់​​​ផ្តើម​​​សើុប​​​អង្កេត​​​​​​លើ​​​បទល្មើស​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​​​​ដោយ​​​គណបក្ស​​​កាន់​​​អំណាច​​​​​​នៅ​​​កម្ពុជា​​​។ មាន​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​យ៉ាង​ធ្ងន់​​​ធ្ងរ​​​នៅ​​​កម្ពុជា ហើយ​​​​ពលរដ្ឋ​គ្រប់​​​រូប​​​សុទ្ធ​​​តែ​​​ដឹង​​​រឿង​​​េនះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​ក៏​​​ចង់​​​ឲ្យ​​​អង្គការ ​​​សហប្រជាជាតិ​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​​​​​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ​​​ផង​​​ដែរ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា​​​វា​​​សេរី និងយុត្តិធម៌។ ​​​លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា នឹ​​​ង​​​មាន​​​សង្គ្រាម ​​​ប្រសិន​​​បើ​​​លោក​​​​​​ចាញ់​​​ការ​​​បោះ​​​ឆ្នោត​​​ ហេតុ​​​ដូច្នេះ​​​យើង​​​ ទទូច​​​សុំ​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​​​​ធានា​​​នូវ​​​ការ​​​ផ្ទេ​រ​​​​​អំណាច​​​​​​ដោយ​​​សន្តិវិធី​​​បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​”។

ប៉ុន្តែ លោក​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា​​​ មូល​​​និធិ​​​សង្គ្រោះ​​​ជាតិ​​​ខ្មែរ​​​គ្មាន​​​ទំនាក់​​​​​​ទំនង​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​ ទោះ​​​បីជា​​​មាន​​​ឈ្មោះ​​​ស្រដៀង​​​គ្នា​​​ និង​​​ទោះបីជា​អង្គការ​របស់​​​លោក​បានធ្វើ​ឲ្យ​មានការ​កម្រើក​ឡើង​វិញនូវការ​តវ៉ា​ស្រែកថា ​​​​”ហ៊ុន សែន ​​​អើយ​ ​​​ចុះ​​​ចេញ​​​ទៅ​​​” ដែល​​​ជា​​​ពាក្យ​​​ពេញនិយម​អំឡុង​​​ការ​​​តវ៉ា​​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​កាលពីឆ្នាំ​២០១៣​​​ក៏​​​ដោយ​​​។

លោក​​​ ទូច​​​ វិបុល បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “នៅក្នុង​​​ឆ្នាំ​​​២០១២ និង​​​ឆ្នាំ​​​២០១៣​​​យើង​​​បាន​​​រៃអង្គាស​​​មូល​​​និធិ​​​ដើម្បី​​​ជួយ​​​គាំទ្រ​​​លទ្ធិប្រជាធិបតេយ្យ​​​នៅកម្ពុជា​​​។ ​​​ងាក​​​ត្រឡប់​​​ទៅ​​​អំឡុង​​​ពេល​​​នោះ​​​វិញ​​​ វា​​​គឺ​​​ជា​​​ចលនា​​​គាំទ្រ​​​ លោក កឹម សុខា និង​​​ លោក​​​ សម រង្ស៊ី [មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះជាតិ​​​] ដើម្បី​​​​គាំទ្រ​​​លទ្ធិប្រជាធិបតេយ្យ​​​។ ការ​​​តវ៉ា​​​នេះ​​​​​​មិន​​​មែន​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​ពួក​​​គាត់​​​ទេ​​​”។

លោក សុខ ឥសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មិន​​​​​​មែន​​​​​​ជា​​​លើក​​​ទី​​​១​​​ទេ​​​ដែល​​​អាណិកជន​​​ខ្មែរ​​​រស់​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​​​​​​​បាន​​​តវា៉​​​ប្រឆាំង​​​លោក ​​​ហ៊ុន ​​​សែន អំឡុង​​​ដំណើរ​​​បំពេញ​ការងារ​​​​​របស់​លោក​​​​ទៅ​​​កាន់​​​អង្គការ​​​សហប្រជា​​​ជាតិ ហើយ​​​​​​​​​ថា ការ​​​​ចេញ​​​មក​​​តវ៉ា​​​បែប​​​នេះ​​​មានទ្រង់​​​ទ្រាយ​​​​​​តូចតាច​ប៉ុណ្ណោះ​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ពួក​​​គាត់​​​​​​ជា​​​ក្រុម​​​ចេញ​ពី​​​អតីត​សាធារណរដ្ឋ​​​ខ្មែរ​​​ ដឹក​​​នាំ ដោយ​ លន់ នល់ ហេតុ​​​ដូច្នេះ​​​ពួកគាត់​​​នៅ​​​មាន ​​​កំហឹង​​​​​​ចំពោះ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។ ​​​វាគ្មាន​​​អ្វី​​​ចម្លែក​​​ទេ​​​ ព្រោះ​​​ថា បង​​​ប្អូន​​​នៅ​​​ក្រៅ​​​ប្រទេស​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​​​​​​​ស្ថាន​​​ភាព​​​ផ្ទៃ​​​ក្នុង​​​​នៅ​​​កម្ពុជាក្នុង​ពេល​​​បច្ចុប្បន្ន​​​​​​ឡើយ​​​”។

លោក​​​ ទូច វិបុល បាន​​​បដិសេធ​​​ការ​​​ដែល​​​ថា ក្រុម​​​របស់​​​លោក​​​មានសមាសភាពចេញពី​​​​អតីត​មន្ត្រី​​​​​​សម័យ​​​ លន់ នល់ ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​វា​​​មិន​​​ពិត​​​ទេ​​​។ យើង​​​គ្រាន់​​​តែជា​​​អាណិក​​​ជន​​​ខ្មែរ​​​រស់​​​នៅសហរដ្ឋ​​​អាមេរិក​​​ប៉ុណ្ណោះ​​​។ ពួក​​​យើង​​​ភាគ​​​ច្រើន​​​គឺ​​​ជា​​​ក្មេង​​​ជំនាន់​​​ក្រោយ​​​ ហើយ​​​យើង​​​​​​ចេញ​​​មក​​​នេះ​​​ដើម្បី​​​សំដែង​​​ក្តី​​​ព្រួយ​​​បារម្ភ​​​របស់​​​យើង​​​អំពី​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​”។

លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង ​​​បាន​​​​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​មូល​​​និធិ​​​សង្គ្រោះ ​​​ជាតិ​​​ខ្មែរ​​​​​ធ្លាប់​​​បាន​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ព​​​ី​​​ឆ្នាំ​​​២០១៣​​​ក្តី តែ​​​មូល​​​និធិ​​​នេះ​​​លែង​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ឲ្យបក្ស​​​របស់​​​លោក​​​ទៀត​​​ហើយ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ប្រសិន​​​បើ​​​អង្គការ​​​នេះ​​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​លោក ​​​ហ៊ុន ​​​សែន វា​​​នឹង​​​មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​​​​ដល់​​​ទំនាក់​​​ទំនង​​​ល្អូក​​​ល្អិន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗរបស់​​​លោក​​​ជា​​​មួយ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា”មូលនិធិ​​​សង្គ្រោះជាតិ​​​ខ្មែរ​​​គឺ​​​ខុស​​​គ្នា​​​ដាច់​​​ស្រឡះ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ ធ្លាប់​មាន​​​ការយល់​​​ច្រឡំ​​​កាល​​​ពី​​​ពេល​​​មុន​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​បាន​​​ទទួល​​​ប្រាក់​​​ពី​​​អង្គការ​​​នេះ​​​ទេ​។ យើង​​​គ្មាន​​ទំនាក់​​​ទំនង​​​នឹង​​​គ្នា​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ពួក​​​គាត់​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ប្រជាធិបតេយ្យ​​​​​​ នៅអាមេរិក​​​ ហេតុ​​​​​​ដូច្នេះ​​​ពួក​​​គាត់​​​អាច​​​ធ្វើ​​​អ្វី​​​ក៏​​​បាន​​​​​​តាម​​​ចិត្ត​​​ចង់​​​ ក្រោម​​​ច្បាប់​​​សហរដ្ឋ​​​អាមេរិក​​​។ ​​​ពួក​​​គាត់​​​មួយ​​​ចំនួន​​​គឺជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ប៉ុន្តែ យើង​​​មាន​​​អ្នក​​​គាំទ្រ​​​រាប់​​​មិនអស់​​​ ហើយ​​​មិន​​​អាច​​​បញ្ជា​​​ឲ្យ​​​ពួក​​​គាត់​​​ធ្វើ​​​រឿង​​​នេះ​​​រឿងនោះ​បាន​​​​​​​ឡើយ ជា​​​ពិសេសនៅ​​​ពេល​​​ពួក​​​​​​­គាត់​​​​នៅ​​​ក្រៅ​​​ប្រទេស”៕​​​ ស៊ុយឈាង​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស