41.3 C
Phnom Penh

​​ពាណិជ្ជករ​​ជនជាតិ​អង់គ្លេស ​ដែល​​​​​ជាប់​​​​​​​ចោទ​ពីបទ​​ក្លែង​បន្លំ​ ត្រូវ​​​​ចៅ​ក្រម​​​​​បណ្ដេញ​ចេញ​ក្រៅតុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​ម្នាក់​​ដែល​បាន​ជាប់​ពន្ធនាគារ​​​អស់​រយៈ​ពេល​ជាង​២ឆ្នាំ​កន្លះ​ដោយ​គ្មាន​​សវនា​ការ​កាត់​ទោស ត្រូវ​បាន​​​បណ្ដេញ​ចេញ​ក្រៅ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ ក្នុង​​ថ្ងៃ​ដំបូង​នៃ​សវនាការ​ជំនុំជម្រះ​​ទោស​​របស់​​​​ខ្លួន​​​កាលពី​ម្សិលមិញ បន្ទាប់ពី​​​គាត់​​ចោទ​ប្រកាន់​​​តុលាការ​ថា​បាន​ប្រព្រឹត្ត​កំហុស​មិន​​​​​​អាច​ទទួល​យក​​បាន ហើយ​​គំរាម​ដើរ​ចេញ​។

cam-photo-fryett-jensជាប់​ចោទ​ពីបទ​ក្លែង​ឯកសារ​ និង​​ឈូស​ឆាយ​​ដីព្រៃ​​ក្នុង​ខេត្ត​បន្ទាយ​មាន​​ជ័យដោយ​ខុស​ច្បាប់ លោក ក្រេក ហ្វ្រីយ៉េត (Gregg Fryett) ​​​​​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា គាត់​ត្រូវ​បាន​​​​​មន្ត្រី​​​ទម្លាក់​កំហុស​​​លើ ដោយ​ក្នុង​នោះ​រួម​មាន​​​​​ទាំង​លោក អាំង មាលតី អតីត​ប្រធាន​​សាលា​ដំបូង​រាជធានី​​ ដែល​ពេល​នេះ​កំពុង​ជាប់​ពន្ធនា​​​គារ​​ពីបទ​​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ផង។

បន្ទាប់ពី​មាន​ ”​កំហុស​បច្ចេកទេស” ​​បង្ក​ឡើង​ដោយ​មន្ត្រី​ពន្ធនាគារ​​ដែល​ធ្វើ​ឲ្យ​គាត់​ខក​ខាន​​​ការ​ចាប់​ផ្ដើម​នីតិវិធី​ លោក ​ក្រេក ហ្វ្រីយ៉េត បាន​​រិះគន់​ចៅក្រម​ជំនុំជម្រះ​​ ជួន សុខ​រាសី​ ខ្លាំងៗ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​មួយ​រូប​មក​ពី​អង្គភាព​ប្រឆាំង​អ​ំពើ​ពុក​រលួយ (ACU) ដែល​បាន​​ស៊ើបអង្កេត​ករណី​នេះ​ ​ធ្វើ​ជា​អ្នក​បក​ប្រែ​របស់​​គាត់។

គាត់​និយាយ​ថា ​”​​គាត់​មិន​ត្រូវ​បាន​​អនុញ្ញាត​​​​ឲ្យ​បក​ប្រែ​ទេ។ គាត់​ជា​មន្ត្រី​នគរ​បាល ខ្ញុំ​មិន​អាច​ទទួល​យក​អ្នក​បក​ប្រែ​នេះ​បាន​ទេ។ តាម​​​​មាត្រា​៣៣០​​ [នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​] គាត់​​​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​​ទេ។ ទាំង​នេះ​​​ជា​ច្បាប់​របស់​អ្នក​ឯង”។

​ចៅក្រម​​ ជួន សុខ​រាសី ​បាន​​មាន​​ប្រសាសន៍​​​​កាត់​​ដោយ​ប្រាប់​​លោក ក្រេក ហ្វ្រីយ៉េត ថា តុលាការ​​​បាន​សម្រេច​យក​អ្នក​បក​ប្រែ​​នេះ​ហើយ ហើយ​នោះ​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ​។ ពេល​នោះ​អ្នក​ទាំង​ពីរ​​​ក៏​បាន​ដំឡើង​​​​សំឡេង​ដាក់​គ្នា​កាន់​តែ​ខ្លាំង​។

ចុង​បញ្ចប់​​​ លោក ក្រេក ហ្វ្រីយ៉េត ​ដែល​​ហាក់​ដូច​ស្រឡាំងកាំង ​​បាន​និយាយ​​ដោយ​ផ្ទាល់​​​​​​​ទៅ​កាន់​​អ្នក​បក​ប្រែ​វ័យ​​ក្មេង​មក​ពី​​អង្គភាព​​ប្រឆាំង​អំពី​ពុក​រលួយ​ដែល​ឈរ​អែប​​​​​គាត់​ ខណៈ​ព្យាយាម​​​​បញ្ជូន​សារ​របស់​ចៅក្រម​​​។ ​គាត់​​បាន​​ប្រាប់​អ្នក​បក​ប្រែ​ថា ”ទៅ​អង្គុយ​ទីនោះ​ទៅ។ សូម​ទោស​លោក វា​មិន​មែន​​ជា​របស់​ផ្ទាល់​ខ្លួន​ទេ​”។

“បើ​ ដេវីដ ឆាយ​ណាវ៉ា មិន​​ធ្វើ​ជា​អ្នក​ប្រែ​របស់​ខ្ញុំ​ទេ សវនាការ​នេះ​​នឹង​មិន​បន្ត​ទៅ​មុខ​​ដោយ​មាន​ការ​ចូល​រួម​របស់​ខ្ញុំឡើយ​។ សុំ​​អស់​​យោបល់ប៉ុណ្ណឹង​” ​នេះ​ជា​​អ្វី​ដែល​គាត់​និយាយ​​​​សំដៅ​​ដល់​មេធាវី​​​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ ម្នាក់​ដែល​ត្រូវ​​បាន​​ដក​​សិទ្ធិ​វិជ្ជា​ជីវៈ​មេធាវី និង​ដែល​​បាន​រាប់​អាន​លោក ក្រេក ហ្វ្រីយ៉េត ជា​មិត្ត​ភក្ដិ​នៅ​ក្នុង​ពន្ធនាគារ​ បន្ទាប់ពី​គាត់​ (ដេវីដ​ ឆាយណាវ៉ា) ត្រូវ​បាន​​ដាក់​ពន្ធនាគារ​ពីបទ​​ប្រើ​អំពើ​ហិង្សា​នៅ​កន្លែង​​កើត​​មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​​។

ពេល​នោះ​ចៅក្រម ជួន​ សុខ​រាសី ​​បង្គាប់​​​​ឲ្យ​នគរ​បាល​យុត្តិធម៌​នាំ​ខ្លួន​​ចុង​ចោទ​រូប​នេះ​ចេញ​ទៅ​ក្រៅ។ លោក​​ថ្លែង​ថា ”​នេះ​ជា​ការ​សម្រេច​របស់​តុលាការ​។ បើ​អ្នក​ឯង​មិន​ចង់​ស្ដាប់​ទេ អ្នក​ឯង​អាច​ចេញ​ក្រៅ​បាន។ តុលា​ការ​​​​​មិន​ត្រូវ​ការ​អ្នក​ឯង​​​​ដើម្បី​​​​បន្ត​​នីតិវិធី​ទេ”។

សវនាការ​​កាលពី​ម្សិលមិញ​លើ​សំណុំ​រឿង​​​ប្រឆាំង​ក្រុមហ៊ុន​ International Green Energy (IGE) ​របស់លោក ក្រេក ហ្វ្រីយ៉េត ​គឺ​ជា​លើក​ដំបូង​​​ហើយ​ចាប់​តាំង​ពី​លោក អាំង មាលតី​ ត្រូវ​បាន​ដក​ពី​តំណែង​កាលពី​ខែ​កុម្ភៈ​ អំឡុង​​​មាន​ការ​​ចោទ​ប្រកាន់​ពី​បទ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​​ដោះ​ស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​។

បុគ្គលិក​ពីរ​នាក់​​របស់​ក្រុម​ហ៊ុន IGE មេធាវី​​​​មួយ​រូប និង​មន្ត្រី​ខេត្ត​បន្ទាយ​មាន​ជ័យ ​មួយ​រូប​ក៏​​បាន​រង​ការ​ចោទ​ប្រកាន់​នៅ​​ក្នុង​សំណុំរឿង​នេះ​ដែរ​ ដោយ​​ជាប់​ចោទ​​ពីបទ​ក្លែង​ឯកសារ​សាធា​រណៈដើម្បី​គ្រប់គ្រង​ដី​​ដែល​ជា​កម្ម​សិទ្ធិ​​​របស់​លោកស្រី ម៉ៅ ម៉ាឡៃ ភរិយា​​របស់​​ឧប​នា​យក​រដ្ឋមន្ត្រី​ កែ គឹម​យ៉ាន ហើយ​បន្ទាប់​មក​​បាន​ឈូស​ឆាយ​ដី​​​​នោះ​ដោយ​ខុស​ច្បាប់​។

​ទោះ​ជា​យ៉ាង​ណា លិខិត​មួយ​ច្បាប់​នៅ​​ឆ្នាំ​២០១២ ចេញពី​​លោក​ អ៊ុង អឿន ​អភិបាល​ខេត្ត​​​បន្ទាយ​មាន​ជ័យ​ នាពេល​​នោះ​​ផ្ញើ​ជូន​​លោក​​​​​​​​​​​​​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​​​លើ​​ក្រុម​ហ៊ុន​នេះ​​ប្រហែល​ជា​គ្មាន​មូលដ្ឋាន​ទេ។ ​លិខិត​នោះ​បាន​បញ្ជាក់​ថា លោក អាំង មាលតី ​​បាន​ឃុបឃិត​ជាមួយ​លោក វណ្ណ សុផាណ្ណា ​នាយ​អធិការដ្ឋាន​​​រដ្ឋបាល​ព្រៃ​ឈើខាង​ជើង​​បឹង​ទន្លេ​សាប និង​លោក តួ ទៀន​តឿ អតីត​អភិបាល​រង​ខេត្ត​​​ ដើម្បី​ដក​ហូត​គ្រឿង​ចក្រ​​មាន​តម្លៃ​រាប់​សែន​ដុល្លារ​​របស់​​ក្រុមហ៊ុន IGE “ដោយ​ខុស​ច្បាប់​” បន្ទាប់ពី​​ក្រុមហ៊ុន Sustainable Agro Energy ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ IGE បាន​ស្ថិ​ត​ក្រោម​ការ​ស៊ើបអង្កេត​ដោយ​ការិយា​​ល័យ​​​​​បទល្មើស​​ក្លែង​បន្លំ​កម្រិត​ធ្ងន់​ ​​(Serious Fraud Office) របស់​ចក្រភព​អង់គ្លេស​។ ​​

១​ខែ​ក្រោយ​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​​​រលួយ​បាន​ចាប់​ផ្ដើម​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន ​​IGE ហើយ​៦ខែ​ក្រោយ​មក​បាន​​ឃាត់​ខ្លួន​មនុស្ស​​​ជា​លើក​ដំបូង​ក្នុង​សំណុំរឿង​នេះ ដោយ​ឃុំ​ខ្លួន​​​​​បុគ្គលិក​ពីរ​នាក់​របស់​ក្រុមហ៊ុន IGE ដែល​មាន​​ឈ្មោះ សឿន ដេនី និង​​ឈ្មោះ អុ៊ំ សំអាន។ ពេល​នេះ​ពួកគេ​​បាន​ជាប់​​ពន្ធនា​គារ​យូរ​ជាង​១៨ ​​​ដែល​​បុគ្គល​ម្នាក់​ៗ​អាច​ត្រូវ​​បាន​ឃុំខ្លួន​បណ្ដោះ​​​​​អាសន្ន​ ដូច​លោក ក្រេក ហ្វ្រីយ៉េត ​ដែល​ត្រូវ​បាន​​​​ចាប់​ខ្លួន​កាលពី​ខែ​មីនា ឆ្នាំ​២០១៣​ដែរ។

​កាល​ពី​ម្សិល​មិញ លោក ហ្វ្រីយ៉េត បាន​និយាយ​​ពី​បន្ទប់​ឃុំឃាំង​ក្នុង​តុលាការ​ថា ​គាត់​បាន​ជួប​ជាមួយ​ទូត​អង់គ្លេស​ កាលពី​ថ្ងៃ​អង្គារ ហើយ​​​ត្រូវ​បាន​ធានា​អះអាង​​ថា ​​គាត់​​​មាន​ហេតុ​​ផល​​អាច​ប្រឆាំង​នឹង​ទង្វើ​របស់​តុលា​​ការ​បាន​​។

គាត់​និយាយ​ថា ​”​​ពួកគេ​​បាន​​ទទួល​ការ​​ប្រឹក្សា​​​​​ផ្លូវ​ច្បាប់ ហើយ​មនុស្ស​ទាំង​នេះ​កំពុង​ឃុំខ្លួន​ខ្ញុំ​ដោយ​ខុស​ច្បាប់​លើស​រយៈ​ពេល​ដែល​ច្បាប់​​កំណត់​​ចាប់​តំាំង​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៤។ ​​​ពួកគេក៏​​បាន​បញ្ជាក់​ដែរថា ខ្ញុំ​​មាន​សិទ្ធិ​ជ្រើស​រើស​អ្នក​បក​ប្រែ​ដោយ​ខ្លួន​ឯង​”។

អនុប្រធាន​កុង​ស៊ុល​​ ស៊ីភែន សែល​វើរ៉ាត​ណាម (Theepan Selvaratnam) ​ប្រចាំ​នៅ​ស្ថាន​ទូត​​​នេះបាន​បញ្ជាក់​ថា លោក​ ក្រេក ហ្វ្រីយ៉េត ពិត​​​​​ជា​ទទួល​បាន​ជំនួយពី​កុង​ស៊ុល​មែន ប៉ុន្តែ​បាន​បដិសេធ​មិន​​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ។

លោក សុក សំអឿន ​មេធាវី​​តំណាង​ឲ្យ​លោក សឿន ដេនី និង​លោក អ៊ុំ សំអាន ​​ក៏​បាន​​​​​ស្នើ​​ឲ្យ​តុលាការ​ពិចារណា​អង្គហេតុ​ដែល​​​​ពួកគាត់​ត្រូវ​បាន​ឃុំខ្លួន​​ដោយ​ខុស​ច្បាប់​ផង​ដែរ ​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។ នៅ​ខាង​​​ក្រៅ​តុលាការ​កាលពី​​ម្សិលមិញ លោក ​​​សឿន ដេនី ​បាន​ថ្កោល​ទោស​​ចំពោះ​​បទ​ចោទ​​​​ប្រកាន់​​​ក្លែង​បន្លំ​មក​លើ​រូប​គាត់ ហើយ​បាន​អះអាង​ថា ​​​​ដី​ដែល​អ្នក​​ទាំង​ពីរ​​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​ឈូស​ឆាយ​ដោយ​ខុស​ច្បាប់​នោះ ​​​មាន​​​ដាំដំឡូង​​​​មី មុន​ពេល​ពួកគាត់​​គ្រប់គ្រង​វា​​បន្ត។

គាត់​និយាយ​ទៀត​ថា ​​”តើ​ខ្ញុំ​​​ជា​អ្នក​ទទួល​កំហុស​ជំនួស​គេ? ខ្ញុំ​គ្រាន់​តែ​ជា​បុគ្គលិក​ម្នាក់​ប៉ុណ្ណោះ។ តើ​ខ្ញុំ​ដឹង​​ស្អី​​ខ្លះ​​​ពាក​់​ព័ន្ធ​ឯកសារ​ដី​ធ្លី​? ​​​​លោក ក្រេក គឺ​ជា​​វិនិយោគិន​ពិត​ប្រាកដ​​ដែល​នាំ​​លុយ​រាប់​លាន​ដុល្លារ​មក​កម្ពុជា ហើយ​​​​​​​​​អ្នក​ដែលជា​ឃាតករគឺ​លោក អាំង មាលតី និង​​​​​បក្ខ​ពួក​របស់​គាត់​”។

លោក អ៊ុង អឿន ​អតីត​អភិបាល​ខេត្ត​​ដែល​​​​​​​ហត្ថលេខា​របស់​គាត់​មាន​នៅ​លើ​លិខិត​ចោទ​​​​ប្រកាន់​​​លោក អាំង​ មាលតី ​ពីបទ​​ប្រព្រឹត្ត​អំពើ​​ខុស​​ច្បាប់​ បាន​អះអាង​​​ថា បន្ទាប់​ពី​​ព្រាង​លិខិត​​​​នោះ​រួច គាត់​​​​បាន​សម្រេច​ចិត្ត​មិន​បញ្ជូន​វា​ទេ​ ហើយ​ថា ​លោក អ៊ុក កែវរតនៈ ដែល​ជា​​លេខា​​​របស់គាត់ប្រាកដ​ជាអ្នក​បញ្ជូន​លិខិត​នោះ​​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​​គាត់។

លោក អ៊ុក​ កែវរតនៈ ត្រូវ​បាន​ចាប់​ខ្លួន​កាល​​​ពី​ខែ​មករា ឆ្នាំ​២០១៤ ​និង​ត្រូវ​បាន​ចោទ​ប្រកាន់​​​ពី​បទ​​ក្លែង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ហើយ​លក់​វា​​ឲ្យ​ទៅ​​ក្រុម​ហ៊ុន IGE។ នៅ​ឯ​​សវនាការ​​កាល​​​​​​​​ពី​ម្សិលមិញ លោក អ៊ុក កែវរតនៈ ​និយាយ​ថា គាត់​​មិន​បាន​​​ពាក់​ព័ន្ធ​អ្វី​ឡើយក្រៅ​តែ​ពី​​​មើល​កែ​​កំហុស​លិខិត​នោះ ហើយ​បញ្ជូន​វា​ទៅ​ឲ្យ​អតីត​​​ចៅហ្វាយ​នាយ​របស់​ខ្លួន​វិញ។

គាត់បានលើក​ឡើង​បន្ត​ថា លិខិត​នោះ​​​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​​​គោលដៅ​របស់​លោក ​​អាំង មាលតី។ “​លោក អាំង មាលតី មាន​គំនុំ​​ជាមួយ​អតីត​អភិបាល​ខេត្ត​ ហើយ​​បាន​ប្រឌិត​សំណុំរឿង​នេះ​ឡើង​​ដើម្បី​​ធ្វើ​បាប​គាត់ ប៉ុន្តែ​​​​ដោយ​ពួកគេធ្វើ​អ្វី​គាត់​មិន​កើត ពួកគេ​ក៏​មក​ធ្វើ​​បាប​ខ្ញុំ។ អង្គហេតុ​គឺ​ថា លោក អាំង មាលតី ​បាន​ប៉ុនប៉ង​ជំរិត​ទារ​ប្រាក់​ពី​លោក ក្រេក ប៉ុន្តែ​លោក ក្រេក មិន​ព្រម​ឲ្យ​​ ទើប​បាន​ជា​គាត់​​ប្រឌិត​​​​ករណី​នេះ​ឡើង​តែម្តង​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស