27 C
Phnom Penh

កម្មករ​​​កុមារ​ដែល​​​ត្រូវ​​​បាន​​​សង្គ្រោះ ​​​នឹងត្រូវ​​ប្រគល់​ឲ្យ​ឪពុកម្តាយ​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា កុមារ​ដើរ​លក់​​​របស់​របរ​តាម​ផ្លូវ​​២២​នាក់​​​​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​ប្រតិ​​​បត្តិការ​​របស់​នគរ​បាល​ក្នុង​រាជធានី​ភ្នំពេញ ​នឹង​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​​វិញ​ឆាប់ៗ​នេះ​ បន្ទាប់​​​​ឪពុក​​ម្ដាយ​របស់​ពួកគ​ធ្វើ​កិច្ច​សន្យា​ថា ​នឹង​មិន​លក់​កូន​ប្រុស​​​កូនស្រី​របស់​ខ្លួន​ឲ្យ​​​ធ្វើ​ជា​កម្មករ​ទៀត។

កុមារ​ទាំង​នេះ​ត្រូវ​បានរក​ឃើញ​ និងត្រូវ​បានជួយ​​​សង្គ្រោះ​​​​កាលពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​ពេល​នគរ​បាល​​ឆ្មក់​ចូល​ផ្ទះ​មួយ​ស្ថិតនៅ​​​​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ​ហើយ​បាន​ចាប់​ខ្លួន​​ស្ត្រី​ឈ្មោះ ខេន វណ្ឌី អាយុ​៣០​ឆ្នាំ និង​ប្ដី​​ឈ្មោះ ជា សាឌី អាយុ​២៨​ឆ្នាំ។

នគរ​បាល​ឲ្យ​ដឹង​ថា កុមារ​ទាំង​២២​នាក់​នេះ​ត្រូវ​បាន​បង្ខំ​​ឲ្យ​ធ្វើ​ការ​ជា​អ្នក​ដើរ​លក់​ផ្លែ​ឈើ​នៅ​តាម​បៀរហ្គាឌិន និង​ភោជនីយដ្ឋាន​​នានា​ក្នុង​រាជធានី​ បន្ទាប់ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​បាន​ព្រមព្រៀង​តាម​រយៈ​ឈ្មួញ​កណ្ដាល​​​ ​ដើម្បី​ទទួល​បាន​ប្រាក់​ពី​​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​​​នេះជា​ថ្នូរ​នឹងកម្លាំង​​​ពលកម្ម​​​របស់​​​កូនៗខ្លួន​។

លោក យូ សុភ័ក្ត្រ តំណាង​​មន្ទីរ​សង្គម​កិច្ច​រាជធានី​ដែល​បាន​ចុះ​ទៅ​ជាមួយ​នគរ​បាល​ អំឡុង​​ការ​ឆ្មក់​ចូល​កាលពី​ថ្ងៃ​​អង្គារ បាន​មាន​ប្រសាសន៍​ថា “​ក្មេង​ប្រុស​១១​នាក់​កំពុង​ស្នាក់​​​នៅ​អង្គ​ការ​​​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE)​ ហើយ​ក្មេង​ស្រី​១១​នាក់​ទៀត​កំពុង​ស្នាក់​នៅ​អង្គ​ការ​ Hope for Justice”។

លោក​បាន​ថ្លែង​ថា “​មុន​​ពេល​យើង​ប្រគល់​​ ពួកគេ​ឲ្យ​ឪពុក​ម្ដាយ​វិញ យើង​​ចាំបាច់​ត្រូវ​​ឲ្យ​ឪពុក​ម្ដាយ​ទាំង​នោះ​បំពេញ​បែប​បទ​​​នៅ​ក្នុង​កិច្ច​សន្យា​របស់​យើង​”។ លោក​បាន​បន្ថែម​ថា មន្ត្រី​សង្គម​កិច្ច​រាជធានី​កំពុង​ធ្វើការ​ដើម្បី​ស្វែង​រក​ឪពុកម្តាយ​​​របស់​​​ក្មេង​​​ៗ​​​ទាំង​​​នេះ​​​នៅឡើយ​​​។

​លោកស្រី​​ លក្ខិណា ដេ ប៉ាលី យេ​​​ (Leakhena des Pallieres) ប្រធាន​ផ្នែកកិច្ចការ​​សង្គម​​របស់​អង្គការ​ PSE បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​ដែល​​កំពុង​​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​អង្គការ​របស់​លោកស្រី​ អាច​នឹង​​​ជួបជុំ​ជាមួយ​​ឪពុក​ម្ដាយ​របស់​ពួកគេនៅ​​​​ថ្ងៃ​សុក្រ​។

លោកស្រី​បាន​ថ្លែង​ថា “​សុខភាព​របស់​ពួក​​​គេ​​​គ្មាន​បញ្ហាទេ​ ហើយ​​​នៅ​​​​ថ្ងៃ​សុក្រ​ ប្រសិន​បើ​​ឪពុក​ម្ដាយ​របស់​ពួកគេធ្វើ​កិច្ច​សន្យា​​ជា​​​មួយ​មន្ទីរ​សង្គម​កិច្ច​ នោះ​យើង​នឹង​ប្រគល់​ពួកគេ​ទៅ​ឲ្យ​​ឪពុក​ម្ដាយ​​វិញ”​។

លោកស្រី ណា នាង អនុប្រធាន​នាយក​​​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រសួង​មហា​​​ផ្ទៃ ​​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​បញ្ចប់​ ការ​សាកសួរ​​ វណ្ឌី និង សាឌី ហើយ​កាលពី​ល្ងាច​ម្សិលមិញ​ ហើយ​នឹង​បញ្ជូន​ប្ដី​ប្រពន្ធ​ទាំងពីរនាក់​នេះទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​។

លោក​ស្រី​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​ថា ” អំឡុង​ការ​សាក​​​សួរ​ កុមារ​ទាំង​នេះ​បាន​ប្រាប់​ពួកយើង​ថា ជន​សង្ស័យ​បានឲ្យ​លុយ​ទៅ​ឪពុក​ម្ដាយ​​របស់ ខ្លួន​ចំនួន​១៥០.០០០​រៀល​ទៅ​​​​២០០.០០០​រៀល​​​​សម្រាប់​ការ​ធ្វើ​ការ​រយៈ​​ពេល​​១​ខែ”។

លោក​​ អេរិក មែល​ដ្រាំ (Eric Meldrum) ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​អង្គការ Agape International Missions ដែល​បាន​ជួយ​ក្នុង​ប្រតិបត្តិការ​របស់​នគរ​បាល​​ បាន​សរសើរ​ផែន​ការ​​ក្នុង​ការ​​ឲ្យ​ឪពុក​ម្ដាយទាំង​នោះធ្វើ​​កិច្ច​សន្យា​ថា នឹង​មិនកេងប្រវ័ញ្ច​កម្លាំង​ពល​កម្ម​កូនៗ​របស់​ខ្លួន​ទៀត​​។

លោក​បាន​ថ្លែង​ថា “​វា​ពិត​ជាមាន​​ប្រសិទ្ធ​​​ភាព​បំផុត​ទាក់​ទង​​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ហើយ​ខ្ញុំ​គិតថា វា​ក៏ជា​វិធីសាស្ត្រ​​​​ប្រកប​ដោយប្រសិទ្ធភាព​ផង​ដែរ​​ទាក់​ទង​កុមារ​ដែល​ត្រូវ​បាន​ជួញ​ដូរ”។

លោក​​ ជេម សាត់ធើឡែន (James Sutherland) អ្នក​សម្រប​សម្រួល​ផ្នែក​ទំនាក់​ទំនង​នៅ​អង្គការ​ Friends International ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​ការ​​ពារ​​កុមារ​បាន​សម្ដែង​មន្ទិល​សង្ស័យ​អំពី​ប្រសិទ្ធភាព​នៃ​កិច្ច​សន្យា​បែប​នេះ​ ដោយ​លើក​ឡើង​ថា ​ពួកគេ​មិន​​​បាន​​​​​​សិក្សា​​​ឲ្យ​​​បាន​​​សីុជម្រៅ​​​ពីមូល​​​ហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​​មាន​ការ​ជួញដូរ​កុមារ​​​ ពោលគឺ​ភាព​​ក្រីក្រ​ជា​ដើម​។

លោក​បាន​​និយាយ​ថា “​ប្រសិន​បើ​​អ៊ីចឹង​​​មែន ‘សូម​កុំ​ធ្វើ​​​​បែបនេះ​​​ទៀត​’​ អាច​ថា​គ្រួសារ​​​ទាំង​នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​កុមារ​ទាំង​នេះ​​​ប្រឈម​​ហានិភ័យ​ម្ដង​ទៀត​។ អ្នក​ចាំាបាច់​ត្រូវ​សិក្សាជាមុនរក​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ពួកគាត់​ធ្វើ​បែប​​​​នេះ​​​​​​​​”៕ សារុន​ (រាយការណ៍​បន្ថែម​ដោយ Anthony Jensen)​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស