28.4 C
Phnom Penh

បុរស​​​ម្នាក់​​​ត្រូវ​​​បាន​​​​ចាប់ខ្លួនពាក់ព័ន្ធ​​​ករណី​​​​ប្លន់​ប្រដាប់​អាវុធដ៏​​​សាហាវ​​​​នៅ​​​ក្នុង​​​​ខេត្ត​កំពង់​ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​បាន​ឲ្យ​ដឹង​​​ថា ​បុរស​ម្នាក់​​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ម្សិល​​​​មិញ ដោយ​សង្ស័យ​ថា​មាន​​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​ប្លន់​ប្រដាប់​​​អាវុធ​ដ៏​សាហាវ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​ក្នុង​ខេត្ត​​កំពង់ស្ពឺ​​​​កាល​​ពី​​យប់​​ថ្ងៃ​អង្គារ ​ដែល​បណ្ដាល​ឲ្យ​ក្មេងស្រី​ជំទង់​ម្នាក់​​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​។

លោក ណុន តារា មេបញ្ជាការ​រង​កង​​រាជ​អាវុធ​ហត្ថ​​ស្រុក​សំរោងទង ​មាន​ប្រសាសន៍​ថា បុរស​បី​នាក់​​​​​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៤៧​ពីរ​ដើម និង​កាំភ្លើង​ខ្លី​ម៉ាក​ឡុក​មួយ​ដើម បាន​សម្រុក​ចូល​​ស្ថានីយ​ប្រេង​ឥន្ធនៈ​ ហ៊ុយ សុខ​​​លាង ​និង​​កន្លែង​​​វេរលុយ​វីង ក្នុង​ឃុំ​រលាំង​គ្រើល​ ខណៈ​ដែល​​ក្រុម​គ្រួសារ​នេះ​​កំពុង​​បិទ​ទ្វារ​។

លោក តារា ​ថ្លែង​ថា “នៅ​ម៉ោង​ប្រហែល​​៨យប់​ម្សិលមិញ មុន​ពេល​​ក្រុម​គ្រួសារ​នេះ​បាន​បិទ​ស្ថានីយ​​ប្រេង​ឥន្ធនៈ​ ស្ត្រី​ជា​ប្រពន្ធ​​បាន​​​បើក​ភ្លើង​ដើម្បី​ពិនិត្យ​មើល​ជុំវិញ​ស្ថានីយ​…​ប៉ុន្តែ​ភ្លាម​នោះ​ ជន​សង្ស័យ​ម្នាក់​បាន​លេច​មុខ​ ហើយ​បាន​ប្រវាយ​ប្រតប់ជាមួយ​​​ស្ត្រី​ជា​ប្រពន្ធ​​​រូប​នេះ​”។

លោក​បាន​មាន​ប្រសាសន៍ថា ពេល​នោះ​ជន​សង្ស័យ​ពីរ​នាក់​ទៀត​​​​ប្រដាប់​ដោយ​កាំភ្លើង​​​​អាកា​មួយ​​ដើម និង​កាំភ្លើង​ខ្លី​មួយ​ដើមបាន​​រត់​ចូល​ទៅក្នុង​ស្ថានីយ​  ហើយ​បាន​វាយ​កូន​ស្រី​​ពីរ​នាក់​របស់​ម្ចាស់​ស្ថានីយ​ឈ្មោះ ឡេង រដ្ឋា ​អាយុ​៤៨​ឆ្នាំ និង​ ហ៊ុយ សុខលាង អាយុ​៤៦​ឆ្នាំ។ ​​​ពួកគេ​បាន​វាយកញ្ញា​​ ឡេង ឡៃអុីន​ អាយុ​​១៩​ឆ្នាំ​​ត្រូវ​ត្រង់​ក្បាល​​​មុន​ពេល​​បាញ់​​​សំដៅ​​ទៅ​​រក​នាង​។ កូនស្រី​ម្នាក់​​ទៀត​រង​របួស​ស្រាល​​​​តែ​ប៉ុណ្ណោះ​ ហើយ​លោក​ តារា បាន​បន្ថែម​​ថា លោក​មិន​បាន​កត់​ឈ្មោះ​​របស់​នាង​​ទេ។

លោក តារា បាន​ថ្លែង​ថា “​ជន​សង្ស័យ​ម្នាក់​បាន​យក​ស្វាយ​កាំភ្លើង​វាយ​ [កញ្ញា ឡៃអុីន] បណ្ដាល​​​ឲ្យ​រង​របួសក្បាល​​ធ្ងន់ធ្ងរ​ ហើយ​បន្ទាប់​​​​មក​​បាន​បាញ់​ឡើង​លើ​​ជាច្រើន​គ្រាប់​ទៀត​។ កញ្ញា ឡេង​ ឡៃអុីន បាន​ស្រែក​ឲ្យ​ជួយ ដូច្នេះ​ហើយ​​ជន​សង្ស័យ​ម្នាក់​បាន​បាញ់​សំដៅ​នាង​តែ​ម្ដង ប៉ុន្តែ​​គ្រាប់​កាំភ្លើង​នោះ​បាន​ត្រូវ​បញ្ឆិត​​​​ខ្នង​នាង​តែប៉ុណ្ណោះ​”។

បន្ទាប់​មក ក្រុម​ចោរ​​បាន​បញ្ជា​ឲ្យ​អ្នកស្រី សុខលាង និង​​ កញ្ញា ឡៃអុីន បើក​ទូដែក​។ ពួកគេ​ទាំង​បី​យក​​បានលុយ​​សរុប​ប្រហែល​​៨.៥៥០​ដុល្លារ​ មាសពីរ​តម្លឹង​ និង​គ្រឿង​អលង្ការ​មួយ​ចំនួន​ទៀត​ គិត​ជា​ប្រាក់​​៣.០៨០​​ដុល្លារ​។ លោក តារា បានលើកឡើង​ថា កញ្ញា ​​ឡៃអុីន កំពុង​សម្រាក​ព្យាបាល​​​​របួស​ក្បាល​នៅ​​​​គ្លីនិក​មួយ​ក្នុង​មូលដ្ឋាន​។

លោក ស្វាយ យឿន​ នាយ​រង​​ការិយា​ល័យ​​​​នគរ​បាល​យុត្តិធម៌​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​កាល​ពី​រសៀល​​ម្សិលមិញ ហើយ​កំពុង​​ត្រូវ​បាន​សាក​សួរ​​បន្ទាប់​ពី​​​តាម​ដានឃើញ​ស្នាមជើង​​​ចូល​ក្នុង​ផ្ទះ​មួយ​​ចម្ងាយ​ប្រហែល​​២គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​។

លោក ស្វាយ យឿន ​ថ្លែង​ថា “​ បន្ទាប់​ពី​យើង​​​​បានទៅ​ពិនិត្យ​នៅ​កន្លែង​កើត​ហេត​ុ យើង​​​​ក៏​បាន​​​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​ប្រាំមួយ​​​​​​ដែល​បាញ់​ចេញ​ពី​កាំភ្លើង​​អាកា​៤៧ និង​សម្បក​​​​គ្រាប់​មួយ​គ្រាប់​ទៀត​បាញ់​ចេញ​ពី​​​​កំាភ្លើងខ្លី​ម៉ាក​ឡុកនៅ​ក្បែរគ្នា​នោះ​ដែរ​​៕ សារុន​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស