34 C
Phnom Penh

សហជីព​ធំៗ​បដិសេធ​ការ​បោះ​ឆ្នោត​អំពី​ប្រាក់​ខែ​អប្បបរមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ សហជីព​នានា​តំណាង​ឲ្យ​កម្មករ​កាត់ដេរ​ប្រហែល​៧០០.០០០​នាក់​របស់​ប្រទេស​កម្ពុជា​មិន​បាន​ឈាន​ដល់​មតិរួម​ជា​ថ្មី​ទៀត​អំពី​ការ​ដំឡើង​ប្រាក់​ប៉ុន្មាន​ដែល​ត្រូវ​ស្នើ​ឡើង​ក្នុង​ការ​ចរចា​នា​ពេល​ខាង​មុខ​ជាមួយ​និយោជក ដោយ​សហជីព​ដ៏​ធំ​មួយ​មិន​ព្រម​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​សម្ងាត់។

មេដឹកនាំ​មកពី​សហជីព​ធំៗ​ជាង​១២​សហជីព​ក្នុង​វិស័យ​នេះ​បាន​ជួប​គ្នា​ជា​លើក​ទី​៣​ក្នុង​សប្តាហ៍​នេះ ក្នុង​ការ​ប្រឹងប្រែង​ឲ្យ​មាន​ការ​ព្រមព្រៀង​គ្នា​អំពី​ប្រាក់​ខែ​អប្បបរមា​ថ្មី ដែល​ពួកគេ​នឹង​ស្នើ​ទៅ​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​ត្រី​ភាគី។ គណៈកម្មាធិការ ដែល​មាន​សមាសភាព​តំណាង​សហជីព និយោជក និង​រដ្ឋាភិបាល នឹង​ចាប់​ផ្តើម​ចរចា​នៅ​ថ្ងៃ​សុក្រ ថា​តើ​ត្រូវ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ចំនួន​ប៉ុន្មាន ដែល​សព្វ​ថ្ងៃ​ទទួល​បាន​ត្រឹម​១២៨​ដុល្លារ។

មាន​សម្ពាធ​លើ​សហជីព​បន្ទាប់ពី​មាន​ការ​ព្រមាន​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​កាលពី​ថ្ងៃ​អង្គារ​ថា សហជីព​ត្រូវតែ​ព្រមព្រៀង​លើ​តួលេខ​តែ​មួយ បើ​ពុំនោះ​ទេ ពួកគេ​នឹង​មិន​មាន​សំឡេង​ក្នុង​ការ​ចរចា​របស់​គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​ការងារ។

ទោះជា​មាន​ការ​គំរាម​ក្តី ក៏​ភាគច្រើន​នៃ​សហជីព​ឯករាជ្យ​កាលពី​ថ្ងៃ​ពុធ​បាន​បោះ​ឆ្នោត​អនុវាទ​ក្នុង​ចំណោម​សហជីព​អំពី​ប្រាក់​ខែ​អប្បបរមា​ថ្មី​ដែល​ត្រូវ​គាំទ្រ។

លោក គង់ អាទិត្យ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខាវឌូ) បាន​និយាយ​ថា “ស៊ីខាវឌូ មិន​សប្បាយ​ចិត្ត​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ ដូច្នេះ​យើង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​នេះ​ទេ។ យើង​មិន​មិន​ត្រូវ​ការ​បោះ​ឆ្នោត​ទេ យើង​ត្រូវ​ការ​រក​មតិរួម”។

លោក អាទិត្យ បាន​និយាយ​ថា ការ​បោះ​ឆ្នោត​សម្ងាត់​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​លោក ជួន មុំថុល ទីប្រឹក្សា​ក្រសួង​ការងារ ដែល​ដឹកនាំ​សហជីព​ដ៏​ធំ​គាំទ្រ​រដ្ឋាភិបាល ហើយ​ថា សហជីព​ឯករាជ្យ​មួយ​ចំនួន​នឹង​បន្ត​ព្យាយាម​សម្រេច​លើ​តួលេខ​ថ្មី​របស់​ខ្លួន​ផ្ទាល់។

លោក​បាន​និយាយ​ថា “យើង​នឹង​ព្យាយាម​ស្វែងរក​តួលេខ​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ខ្ញុំ​គិត​ថា វា​នឹង​មិន​ពិបាក​ទេ​ក្នុង​ចំណោម​សហជីព​ឯករាជ្យ”។

ស៊ីខាវឌូ ដំបូង​ឡើយ បាន​ជំរុញ​ចង់​បាន​ប្រាក់​ខែ​២០៧​ដុល្លារ ប៉ុន្តែ​នៅ​ដើម​សប្តាហ៍​នេះ បាន​បញ្ចុះ​ការ​ទាមទារ​របស់​ខ្លួន​មក​នៅ​ត្រឹម​១៧៨,៧០​ដុល្លារ​វិញ។ ទោះ​ជា​បែប​នេះ​ក៏ដោយ ក៏​សហជីព​និយម​រដ្ឋាភិបាល​មួយ​ចំនួន​បាន​គាំទ្រ​តួលេខ​ទាប​ជាង​នេះ​ច្រើន។

លោក មុំថុល បាន​និយាយ​ថា ការ​បោះ​ឆ្នោត​សម្ងាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជ្រើសរើស​រវាង​ជម្រើស​៥ ចន្លោះ​ពី​១៥០​ដុល្លារ​និង​១៧៨​ដុល្លារ ហើយ​ថា​សហជីព​ភាគ​ច្រើន ៩​ក្នុង​ចំណោម​១៤ បាន​បោះ​ឆ្នោត​យក​១៥៨​ដុល្លារ។

លោក​បាន​បន្ថែម​ថា “ភាគច្រើន​បាន​យល់​ព្រម​ទទួល​យក​ចំនួន​នេះ ដូច្នេះ​ប្រហែល​ខ្ញុំ​ត្រូវ​ស្រប​តាម​ហ្នឹង”។ លោក​បាន​បន្ថែម​ថា លោក​នឹង​ព្រាង​លិខិត​មួយ​ច្បាប់​ទៅ​ក្រុម​ប្រឹក្សា​ការងារ ដើម្បី​ស្នើ​១៥៨​ដុល្លារ តាម​សំណើ​ប្រាក់​ខែ​ជា​ផ្លូវការ​របស់​សហជីព។

លោក​បាន​និយាយ​អំពី​ការ​បដិសេធ​របស់​ស៊ីខាវឌូ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​នេះ​ថា “ឥរិយា​បថ​បែប​នេះ​បំបែក​សហជីព។ សហជីព​ត្រូវការ​សាមគ្គីភាព។ [ការ​ដំឡើង​ប្រាក់​ដែល​ស្នើ​ឡើង] តិច ឬ ច្រើន មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ សាមគ្គីភាព”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស