លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានលើកឡើងនៅក្នុងសន្និសីទកាសែតមួយកាលពីម្សិលមិញថា លោកស្រីយល់ស្របចំពោះការអំពាវនាវរបស់អ្នកកាន់តំណែងមុនលោកស្រីឲ្យមានការពង្រឹងនីតិរដ្ឋនៅកម្ពុជា ប៉ុន្តែ លោកស្រីបានបន្ថែមថា លោកស្រីមានការស្ញប់ស្ញែង អំឡុងពេលបំពេញការងារលើកដំបូងរបស់លោកស្រី ដោយសារឆន្ទៈរបស់រដ្ឋាភិបាលក្នុងការចូលរួមធ្វើកំណែទម្រង់។

ទោះជាយ៉ាងណា សកម្មជនការពារសិទ្ធិមនុស្សក្នុងស្រុកបានបង្ហាញមន្ទិលថា ការសន្យាគាំទ្ររបស់រដ្ឋាភិបាលចំពោះលោកស្រី រ៉ូណា ស្មីត និងការងារការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺគ្រាន់តែជាការធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ដោយមានសកម្មជនម្នាក់ចាត់ទុកការបំពេញការងាររបស់លោកស្រីថា ជា”ការចាប់ផ្តើមការងារដំបូង”។
ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ធ្វើឡើងនៅពេលលោកស្រីបញ្ចប់ការបំពេញការងាររយៈពេល៩ថ្ងៃ ដែលជាបេសកកម្មលើកដំបូងបន្ទាប់ពីលោកស្រីត្រូវបានជ្រើសរើសកាលពីខែមីនាឲ្យធ្វើជាប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ លោកស្រីគ្រោងធ្វើសេចក្តីរាយការណ៍អំពីអ្វីដែលលោកស្រីទទួលបានជាលើកដំបូងទៅកាន់សម័យប្រជុំលើកទី៣០របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃអង្គារ ។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមានគម្រោងធ្វើការងារបន្ថែមទៀតលើការងាររបស់អ្នកកាន់តំណែងមុនខ្ញុំចំនួនប្រាំរូប។ ខ្ញុំយល់ស្របចំពោះទស្សនៈដែលថា ការពង្រឹងច្បាប់បន្ថែម ការអភិវឌ្ឍ និងការធានាឯករាជ្យនៃស្ថាប័នទាំងនោះដែលមានតួនាទីជាក់លាក់ក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសប្រព័ន្ធតុលាការ គឺមានសារៈសំខាន់សម្រាប់កសាងប្រទេសប្រជាធិបតេយ្យឲ្យមានស្ថិរភាពដែលប្រជាពលរដ្ឋខ្មែរចង់បាន”។
កាលពីខែវិច្ឆិកា ក្រោយការចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិនិងសកម្មជនការងារសិទ្ធិដីធ្លីមួយចំនួន លោក សុរិយា ស៊ូបេឌីអ្នកកាន់តំណែងមុន លោកស្រី រ៉ូណា ស្មីតបានចេញសេចក្តីថ្លែងការណ៍មួយដោយរិះគន់ចំពោះកង្វះឯករាជភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
លោក សុរិយា ស៊ូបេឌី ថ្លែងអំឡុងពេលនោះថា ”អ្នកដែលព្យាយាមប្រើសេរីភាពមូលដ្ឋានអាចត្រូវបានចាប់ខ្លួន ចោទប្រកាន់និងផ្តន្ទាទោស ដោយផ្អែកលើមូលហេតុតិចតួចឬគ្មានសោះ។ចំពោះករណីបែបនេះយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការដែលមានការងារជាច្រើនត្រូវដោះស្រាយអាចនឹងមានការសម្រេចយ៉ាងលឿនគួរឲ្យកត់សម្គាល់”។
នៅឯសន្និសីកាសែតកាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីតក៏បានលើកឡើងពីការរើសអើងជាតិសាសន៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យអ្នករាយការណ៍ពិសេសរូបនេះផ្តោតការយកចិត្តទុក ពេលជួបពិភាក្សាគ្នាកាលពីថ្ងៃច័ន្ទផងដែរ។ លោកស្រីបានគូសបញ្ជាក់ថា លោក សុរិយា ស៊ូបេឌី បានលើកឡើងពីបញ្ហាដូចគ្នានេះនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោកក្នុងនាមជាអ្នករាយការណ៍ពិសេស។
លោកស្រីបានអានសេចក្តីថ្លែងការណ៍របស់អ្នកកាន់តំណែងមុនលោកស្រីដែលលោកស្រីយល់ស្របនោះថា ”នៅក្នុងឆាកនយោបាយកម្ពុជា គួរតែគ្មានការរើសអើងជាតិសាសន៍ ការស្អប់ខ្ពើមជនបរទេស និងការរើសអើងគ្រប់រូបភាពណាមួយ”។
មន្ត្រីរដ្ឋាភិបាល និងបណ្តាអង្គការសិទ្ធិមនុស្សធ្លាប់បានចោទប្រកាន់ជាច្រើនលើកច្រើនសារួចមកហើយចំពោះការរើសអើងជាតិសាសន៍ពីសំណាក់គណបក្សសង្គ្រោះជាតិ ដែលមេដឹកនាំ គណបក្សនេះជារឿយៗតែងតែប្រើភាសារើសអើងជាតិសាសន៍ នៅពេលសំដៅលើពលរដ្ឋវៀតណាម។
ទោះជាយ៉ាងណា នៅពេលថ្លែងកាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត បានគូសបញ្ជាក់ថា ការដែលអាចមានការរើសអើងជាតិសាសន៍ដែលប៉ះពាល់ដល់សិទ្ធិមនុស្សមិនត្រូវបានរឹតបន្តឹងឡើយនៅក្នុងឆាកនយោបាយ។
លោកស្រីបានមានប្រសាសន៍ថា “មិនថាពលរដ្ឋក្រីក្រ និងសិទ្ធិដីធ្លី ស្ត្រីនិងការទទួលបានយុត្តិធម៌ អ្នកស្វែងរកសិទ្ធិជ្រកកោន និងការទទួលស្គាល់ឋានៈជនភៀសខ្លួន កម្មករ និងសិទ្ធិការងារទេ ការដែលអាចមានការរើសអើងពូជសាសន៍ដែលធ្វើឲ្យប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស កើតមានយ៉ាងច្រើន”។
លោកស្រី រ៉ូណា ស្មីត បានបញ្ចប់ដោយលើកឡើងថា លោកស្រីត្រូវបានលើកទឹកចិត្តដោយការទទួលយ៉ាងរាក់ទាក់អំឡុងពេលលោកស្រីជួបជាមួយមេដឹកនាំកម្ពុជាដូចជាលោកនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងការងារជាដើម។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមានការភ្ញាក់ផ្អើលនៅក្នុងកិច្ចប្រជុំ បន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដោយសារការលើកសរសើរ និងការសន្យារបស់ពួកគេក្នុងការសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស”។
លោក អ៊ូ វីរៈ ដែលជាអ្នកវិភាគនយោបាយ និងជាស្ថាបនិកអង្គការវេទិកាអនាគតដែលជាអង្គការវិភាគ និងស្រាវជ្រាវនយោបាយបានលើកឡើងថា ខណៈរដ្ឋាភិបាលមានភាពរាក់ទាក់ជាមួយ លោកស្រី រ៉ូណា ស្មីត ក្នុងពេលឥឡូវ ស្ថានភាពអាចនឹងផ្លាស់ប្តូរនៅពេលលោកស្រីរិះគន់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែខ្លាំង។
ដោយគូសបញ្ជាក់ពីអ្វីដែលកើតឡើងដូចគ្នាចំពោះអ្នកកាន់តំណែងមុន លោកស្រី រ៉ូណា ស្មីត ដូចជាលោក សុរិយា ស៊ូបេឌី និងលោក យ៉ាស ហ្គាយ ជាដើម មុនពេលពួកគាត់មានទំនាក់ទំនងមិនល្អជាមួយមេដឹកនាំកម្ពុជា លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា “នេះគឺជារឿងកើតឡើងដដែល។ គាត់ទើបតែចាប់ផ្តើមការងារក្នុងដំណាក់កាលដំបូង ហើយរដ្ឋាភិបាលប្រើពាក្យផ្អែមល្ហែមដើម្បីបង្ហាញថា ពួកគេចូលរួមសហការ”។
លោក នី ចរិយា ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការអាដហុកបានយល់ស្របចំពោះការលើកឡើងរបស់លោក អ៊ូ វីរៈ ទាក់ទិននឹងបេសកកម្មលើកដំបូងរបស់អ្នករាយការណ៍ពិសេសរូបនេះ។
លោកបានមានប្រសាសន៍ថា ”យើងរង់ចាំរហូតដល់បេសកកម្មទី២ ឬទី៣សិន។ ប្រសិនបើគាត់ចាប់ផ្តើមរិះគន់រដ្ឋាភិបាល ខ្ញុំគិតថា គាត់នឹងមានការលំបាកក្នុងការសហការជាមួយរដ្ឋាភិបាលជាមិនខាន”៕ស៊ុយឈាង