33 C
Phnom Penh

លោក កឹម សុខា មាន​ប្រសាសន៍​​​ថា គ្មាន​ការ​រើស​អើង​​ជាតិ​សាសន៍​​​​ឡើយ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​​​របស់​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​ផ្នែក​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា ផ្ដោត​ការ​ខំប្រឹង​ប្រែង​​របស់​​​ខ្លួន​លើ​ការ​ដោះ​ស្រាយ​​ការ​រើស​អើង​ជាតិ​សាសន៍​​រួច​មក កាលពី​ម្សិលមិញ លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​ បាន​ឆ្លៀត​ឱកាស​​ក្នុង​ពិធី​សាសនា​​អុិស្លាម​របស់​បង​ប្អូន​​​ជន​​​​​​​​ជាតិ​ចាម​ ដើម្បី​បញ្ជាក់​ថា គ្មាន​ការ​រើស​អើង​​​​ជាតិ​សាសន៍​​ឡើយ​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​។

​លោក​បាន​មាន​ប្រសាសន៍​អំឡុង​ពិធី​​​​បុណ្យ​​​​សាសនា​អិុស្លាម ​ហារី រ៉ាយ៉ា ហាជី (Hari Raya Haji) ​នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​​​ថា ប្រជាពលរដ្ឋ​ខ្មែរ​តែង​តែ​​ទទួល​យក​​ជាតិ​​ពន្ធុ​ផ្សេងៗ។​​

លោក​លើក​ឡើង​បន្ត​​​​ថា “​ជា​ទូទៅ​​​ ការ​កត់​​សម្គាល់​របស់​ខ្ញុំ​​​ នៅ​ស្រុក​ខ្មែរ​ នៅ​ប្រទេស​កម្ពុជា​នេះ​​​ ប្រជា​ពល​រដ្ឋខ្មែរ ជនជាតិ​ខ្មែរ​​នេះ ​​​គឺ​មិន​មាន​ការ​​​​រើស​អើង​ផ្នែក​​ពូជសាសន៍ ឬ​សាសនា​ទេ។ ​ខ្មែរ​យើង​ ពូជ​សាសន៍​ខ្មែរ​​អត់​​​មាន​​​​​រើស​អើង​គ្នា​ទេ មែន​ទេ​បង​ប្អូន​​?។ ​ហើយ​​​​យើង​ក៏​អត់​មាន​​រើស​អើង​​ជនជាតិ​ដទៃ វៀតណាម​ក៏​ដោយ ​ក៏​យើង​អត់​រើស​អើង យួន​ក៏​យើង​អត់​រើស​អើង​ [ពីព្រោះ​] ​ខ្មែរ​ជា​មនុស្ស​ស្លូត​។ ​អ្នក​ណា​ដែល​និយាយ​ថា ខ្មែរ​​មាន​ការ​រើស​អើង​ពូជសាសន៍​​គឺ​ខុស​ហើយ​។យើង​ដាច់​ខាត​ប្រឆាំង​​​ការ​រើស​អើង​​​​​​ពូជសាសន៍​ ក៏​ប៉ុន្តែ​យើង​ត្រូវ​ការ​ពារ​​អធិប​​​តេយ្យភាព​ និង​បូរណភាព​ទឹក​ដី​យើង​”។

លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បាន​មាន​ប្រសាសន៍​ថា លោក​ ជឿ​ថា លោក​ កឹម សុខា កំពុង​ព្យាយាម​​កែ​ប្រែ​​មុខ​មាត់​របស់​ខ្លួន​ឡើង​វិញ បន្ទាប់ពី​​​​បាន​សាង​អាជីព​នយោបាយ​​ដោយ​​​​ការ​កេង​ចំណេញ​ពី​ការ​សង្ស័យ​ចំពោះ​ឥទ្ធិពល​វៀតណាម និង​ជន​អន្តោ​ប្រវេសន៍​​នៅ​ក្នុង​ប្រទេស​​។

លោក​ថ្លែង​ថា សូម្បី​លោក បាន គីមូន អគ្គ​លេខាធិការ​អង្គការ​​សហប្រជាជាតិ និង​លោក អ៊ូ វីរៈ ​​​អ្នក​បន្ត​តំណែង​ពី​លោក កឹម សុខា ជា​ប្រធាន​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ​​​ក៏​​ធ្លាប់​បាន​​អំពាវ​នាវ​ឲ្យ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​​​​ បោះ​បង់​ចោល​​ប្រធាន​​​​បទ​​អើស​អើង​ជាតិ​សាសន៍​របស់​ខ្លួន​​​ដែរ​។

លោក​បាន​បន្ត​ថា “យើង​បាន​​ដឹង​​​ពី​សេចក្ដី​ថ្លែងការណ៍​មួយ​ចំនួន​​របស់​លោក កឹម សុខា ​ប្រឆាំង​ជនជាតិ​វៀតណាម។ មិន​មែន​មាន​តែ​​គណបក្ស​ប្រជាជន​​ទេ​ដែល​ដឹង ​សូម្បី​លោក អ៊ូ វីរៈ សហគមន៍​អន្តរជាតិ​ និង​លោក បាន​ គីមូន ក៏​បាន​ស្នើ​ឲ្យ​គាត់​ឈប់​ធ្វើ​ជា​អ្នក​រើស​អើង​ជាតិ​សាសន៍​​ដែរ​។ គាត់​​ជា​មេប្រូ។ គាត់​ពូកែ​តែ​ខាង​​ប្រូ​ប៉ុណ្ណោះ។ សហគមន៍​​អន្តរជាតិ​បាន​ចោទ​ប្រកាន់​គាត់​ថា រើស​អើង​ជាតិ​សាសន៍ ហើយ​សូម្បី​លោក បាន គីមូន ក៏​​ចោទ​​ប្រកាន់​គាត់​ដែរ ហើយ​ពេល​នេះ​វា​ជា​ការ​គ្រប់គ្រង​​ការ​ខូច​ខាត​​។ ​ប្រជា​ពល​រដ្ឋ​ខ្មែរ​​​ចិត្ត​ល្អ​ណាស់​ ហើយ​​ចេះ​ទទួល​យក​មនុស្ស​ លើក​លែង​តែ​លោក​​ កឹម សុខា និង​​​លោក សម រង្ស៊ី”។

ដូច​ឥស្សរជន​​គណបក្ស​ប្រឆាំង​ផ្សេងៗ​ទៀត​ដែរ លោក កឹម សុខា មាន​ប្រវត្តិ​​ធ្លាប់​​យក​បញ្ហា​អន្តោប្រវេសន៍​វៀតណាម​ និង​ការ​រំលោភ​​បូរណភាព​ទឹក​ដី​​ មក​ធ្វើជា​វិធី​​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម​​​ប្រសូត​​ចេញ​​ជារូប​រាង​​​​ក្នុង​​ឆ្នាំ​១៩៧៩ នៅ​ពេល​​របប​នេះ​ត្រូវ​បាន​លើក​បន្តុប​ដោយ​​​​​​​វៀតណាម​ ក្រោយ​ខ្មែរ​ក្រហម​។

“​បើ​សិន​យើង​ឈ្នះ យើង​នឹង​បញ្ជូន​យួន​ទាំង​អស់​ទៅ​វៀតណាម​វិញ” នេះ​ជា​អ្វី​ដែល​លោក កឹម សុខា បាន​លើក​ឡើង​នៅ​ខេត្ត​តាកែវ ​​​ខណៈ​ធ្វើ​យុទ្ធនាការ​​​ឃោសនា​​ការ​​​​បោះ​ឆ្នោត​​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​ឆ្នាំ​១៩៩៨​ ដែល​នៅ​ពេល​នោះ​​​​លោក​គឺ​ជា​តំណាង​រាស្ត្រ​​មកពី​​​គណបក្ស​ប្រជាធិបតេយ្យ​​​ សេរីនិយម​​ ព្រះពុទ្ធសាសនា។

នៅ​ខែ​ធ្នូ ឆ្នាំ​២០០៥ លោក​ កឹម សុខា បាន​​ជាប់​ពន្ធនាគារ​បន្ទាប់ពី​​​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​ចោទ​ប្រកាន់​លោក​ពីបទ​បរិហារ​​កេរ្តិ៍​​ទាក់​ទិន​បដា​មួយ​លើក​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុង​ពិធី​ជួប​ជុំ​របស់​មជ្ឈ​មណ្ឌល​​​​សិទ្ធិ​មនុស្ស​​កម្ពុជា ដែល​​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បាន​លក់​ទឹក​ដី​ឲ្យ​វៀតណាម។

ក្រោយមក​​ទៀត​​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​អះអាង​​​​ក្នុង​សុន្ទរ​កថា​មួយ​អំឡុង​ពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣​ថា គុក​ទួល​ស្លែង​របស់​ខ្មែរ​ក្រហម​​​ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​​មនុស្ស​ជាង​១២.០០០​នាក់​ គឺ​ជា​ការ​​ប្រឌិត​​ឡើង​របស់​វៀតណាម។

លោក សម រង្ស៊ី ដែល​ជា​ញឹក​ញាប់​បាន​ប្រើ​ប្រាស់​វោហារសាស្ត្រ​​​ប្រឆាំង​វៀត​ណាម​​​​ដែរ​ ​និង​ដែល​​អង្គុយ​អែប​លោក កឹម សុខា កាលពី​ម្សិលមិញ​ ​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា វា​​​​ត្រឹម​ត្រូវ​​​ដែល​​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​​មាន​ការ​សណ្ដោស​ប្រណី​ដល់​​ជាតិ​​ពន្ធុ​ផ្សេងៗ​​ទៀត​ ទោះ​បី​ជា​​ញឹកញាប់​​ពួកគេ​ទាំង​នោះ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ក៏ដោយ​។

លោក​លើកឡើង​​ថា ”​​ប្រសិន​បើ​​​​​ប្រៀប​ធៀប​ទៅ​នឹង​​អ្វី​ដែល​បាន​កើត​ឡើង​នៅ​​ប្រទេស​​ស្រីលង្កា ភូមា និង​បង់ក្លាដែស ​នៅ​ទីនេះ​មាន​ឧប្បត្តិហេតុ​តិច​តួច​ណាស់​។ កម្រិត​​​​​​​​អំពើ​ហិង្សា​​​មាន​ខ្ពស់​ ប៉ុន្តែ​កម្រ​​ប៉ះពាល់​​ដល់​ប្រជាពលរដ្ឋ​ដោយ​សារ​ការ​រើស​​អើង​ជាតិ​សាសន៍​​ណាស់​។ ប្រជារាស្ត្រ​ខ្មែរ​​ប្រហែល​ជា​ហិង្សា​ក្នុង​ចំណោម​ខ្មែរ​គ្នា​ឯង​ ប៉ុន្តែ​បើ​និយាយ​​ពី​ឧប្បត្តិហេតុ​ជាតិ​សាសន៍​ គឺ​មាន​តិច​តួច​ណាស់​”។

ទោះ​ជា​យ៉ាង​ណា លោក​បាន​ការ​​ពារ​​ការ​​ប្រើ​​​វោហារ​សាស្ត្រ​​​​ប្រឆាំង​អន្តោ​ប្រវេសន៍​​​​វៀតណាម​ខុស​ច្បាប់​ ដោយ​​​​បក​​ស្រាយ​ថា ការ​​ធ្វើ​បម្លាស់ទី​​របស់​​ជន​​ជាតិ​វៀតណាម​ ទៅ​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​សព្វ​ថ្ងៃ គឺ​ជា​​មូលហេតុ​ដែល​ប្រទេស​​​កម្ពុជា​ បាត់បង់​តំបន់​នោះ​។

លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​​ថា ”​វា​ជា​ក្ដី​បារម្ភ​សម​ហេតុ​ផល​​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ដែល​​អាច​មើល​ឃើញ​អនាគត​របស់​ប្រទេស​​​ខ្លួន​ នៅ​ពេល​​មាន​​អតុល្យភាព​ប្រជាសាស្ត្រ​​បង្ក​​ឡើង​ដោយ​អន្តោប្រវេសន៍​ខុស​ច្បាប់​។ ហេតុ​​​អ្វី​​ប្រជាជន​ទីបេតិ៍​ ព្រួយ​បារម្ភ​ថា ខ្លួន​នឹង​​​​​មាន​ចំនួន​តិច​ជាង​​ប្រជាជន​ចិន ​ដែល​រដ្ឋា​ភិបាល​​​​​​បញ្ជូន​ទៅ​ទីនោះ​? ពួកគេ​មិន​មែន​ជា​អ្នក​រើស​​​អើង​ពូជសាសន៍​ទេ ពួកគេ​មាន​ការ​បារម្ភ​សម​ហេតុ​ផល​ថា ទីបេតិ៍​ អាច​នឹង​ត្រូវ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ និង​លេប​ត្របាក់​ដោយ​​ប្រជាជន​ចិន​ ដែល​មាន​ចំនួន​​យ៉ាង​ច្រើន​។ អ្វី​ដែល​​​ប្រទេស​អុីស្រាអែល​ កំពុង​ធ្វើ​សព្វ​ថ្ងៃ​ ក៏​ជា​ការ​ដាក់​អាណានិគម​លើ​ប៉ាឡេស្ទីន​ ដែរ​។ តើ​អ្នក​អាច​និយាយ​ថាប្រជាជន​ប៉ាឡេស្ទីន​ ជា​អ្នក​រើស​អើង​ពូជសាសន៍​បាន​ទេ? ទេ​ ពួកគេ​មាន​​​ការ​បារម្ភ​សម​ហេតុ​ផល​ថា ខ្លួន​នឹង​បាត់​បង់​ដី​ដោយ​សារ​តែ​​​អ្នក​ផ្សេង​កំពុង​បញ្ជូន​អ្នក​តាំង​លំនៅ​​​។ សូម​​​ក្រឡេក​​មើល​​​​ត្រឡប់​ទៅ​ក្រោយ​​​វិញ​​​​ យ៉ាង​ហោច​ណាស់​៤០០​ឆ្នាំ​មុន​ នៅ​ពេល​​​​កម្ពុជា ​ចាប់​ផ្ដើម​បាត់​បង់​ទឹក​ដី​​​​ដោយសារ​​អតុល្យ​​ភាព​ប្រជាសាស្ត្រ​។ [វៀតណាម​] បាន​បញ្ជូន​អ្នក​តាំង​លំនៅ​​បន្តិច​ម្ដង​​ៗ ហើយ​តំបន់​ផ្សេងៗ​​​​​ទៀត​របស់​កម្ពុជា​ ត្រូវ​បាន​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​​​ដោយសារ​កត្តា​នេះ​​បន្តិចម្ដងៗ។

លោក អ៊ូ វីរៈ អតីតប្រធាន​​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​ប្រធាន “​​​វេទិកា​អនាគត​​​” ដែល​ជា​អង្គការ​វិភាគ និង​ស្រាវជ្រាវ​​នយោបាយ​​​​​ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា លោក កឹម សុខា និង​លោក សម រង្ស៊ី ​ធ្លាប់​បាន​​ព្យាយាម​​​ចៀស​ការ​រើស​អើង​ជាតិ​សាសន៍​ នៅ​ពេល​លើក​ឡើង​​ពី​ក្ដី​បារម្ភ​សម​ហេតុ​ផល​ដូច​ជា​​អន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ដើម។

លោក​មាន​ប្រសាសន៍​ទៀត​ថា “​ពួកគាត់​ហាក់​ដូច​ជា​​​លើក​ឡើង​​អំពី​ការ​រិះគន់​របស់​​​បុគ្គល​​មួយ​ចំនួន​ដូច​រូប​ខ្ញុំ និង​អង្គការ​សហ​ប្រជា​ជាតិ​ជា​ដើម​​ ដើម្បី​ព្យាយាម​​​​ឲ្យ​គេ​មើល​ឃើញ​​​​ថា ​ខ្លួន​ឯង​​មាន​លទ្ធិប្រជាធិបតេយ្យ​ជាង​មុន ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ និង​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​​វា​ជា​​បញ្ហា​​ប្រឈម​សម្រាប់​ពួកគាត់ ពីព្រោះ​ពួកគាត់​​ទទួល​បាន​ប្រជា​​ប្រិយភាព និង​ការ​គាំទ្រ​​ផ្នែក​ហិរញ្ញវត្ថុ​ពី​បញ្ហា​ជាតិ​និយម​”។

​ទោះជា​យ៉ាង​ណា លោក អ៊ូ វីរៈ បាន​ លើក​​​​ឡើង​ថា ប្រសិន​បើ​​លោក​ទាំង​ពីរ​​ចង់​​​

បញ្ឈប់​ការ​ចោទ​ប្រកាន់​​អំពី​ការ​រើស​អើង​ពូជសាសន៍​ នៅ​ពេល​ពួក​លោក​លើក​ឡើង​ពី​ក្ដី​បារម្ភ​​បែប​នេះ​ ពួក​លោក​មិន​គួរ​ប្រើ​ប្រាស់​ពាក្យ​ថា “​យួន​” ដែល​អ្នក​ខ្លះ​គិត​ថា​​​មិន​អាច​ទទួល​យក​បាន​​​នោះ​ទេ​។

លោក​បាន​​គូស​​បញ្ជាក់​ថា “ជា​ដំបូង​បង្អស់ ត្រូវ​ឈប់​ធ្វើ​ជា​អ្នក​រើស​អើង​ជាតិ​សាសន៍​​។ បន្ទាប់​មក អ្នក​​​នឹង​អាច​ដោះ​ស្រាយ​អន្តោ​ប្រវេសន៍​​ខុស​ច្បាប់​​បាន​ដោយ​មិន​​ចាំ​បាច់​ធ្វើ​ជា​អ្នក​រើស​អើង​ជាតិ​សាសន៍។ ជា​ការ​ពិត ​បណ្ដា​ប្រទេស​ជិត​ខាង​បាន​យក​ទឹក​ដី​យើង​អស់​​​ជាច្រើន និង​មាន​ការ​ត្រួត​ត្រា​នៅ​ទសវត្សរ៍​​​​ឆ្នាំ​១៩៨០ ប៉ុន្តែ​​យើង​អាច​ដោះ​ស្រាយ​វា​បាន​​​​ដោយ​មិន​ចាំ​​​បាច់​​ការ​រើស​អើង​ជាតិ​សាសន៍​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​     

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស