ក្នុងការប្រឹងប្រែងចុងក្រោយរបស់ខ្លួនដើម្បីលើកស្ទួយឧស្សាហកម្មកម្សាន្តក្នុងស្រុក ក្រសួងព័ត៌មានកាលពីថ្ងៃសុក្របានបញ្ជាឲ្យស្ថានីយទូរទស្សន៍ចាក់ផ្សាយតែរឿងផលិតដោយផលិតករខ្មែរអំឡុងពេលមានអ្នកទស្សនាច្រើននេះ ដោយទុកពេលឲ្យក្រុមហ៊ុនរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ដើម្បីអនុវត្ត។
នៅក្នុងសន្និសីទកាសែតមួយនៅក្រសួងនេះ លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំង១៧របស់ប្រទេសបានចាក់ផ្សាយខ្សែភាពយន្តបរទេសយ៉ាងច្រើនលើសលុបនៅតាមកញ្ចក់ទូរទស្សន៍ ហើយថា “ពេលវេលាដ៏មានតម្លៃ” នេះពីម៉ោង៧ ដល់ម៉ោង៩យប់ ជាពេលដែលប្រជាជនកម្ពុជាច្រើនបំផុតបើកទូរទស្សន៍របស់ខ្លួននោះ គួរតែទុកសម្រាប់កម្មវិធីកម្សាន្តផលិតក្នុងស្រុក។
លោកបានមានប្រសាសន៍ថា ” យើងស្នើឲ្យស្ថានីយទូរទស្សន៍ទាំងអស់ ពីម៉ោង៧ដល់ម៉ោង៩យប់ ត្រូវបញ្ចាំងតែខ្សែភាពយន្ត និងផលិតកម្មក្នុងស្រុកប៉ុណ្ណោះ ដើម្បីលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែររបស់យើងសម្រាប់មោទនភាពជាតិយើង”។ លោកបានពន្យល់ថា បម្រាមនេះនឹងបម្រើដល់ស្នាដៃនៃផលិតករខ្មែរ និងធ្វើឲ្យឧស្សាហកម្មក្នុងស្រុករីកចម្រើន។
សេចក្ដីបង្គាប់ដែលចេញកាលពីថ្ងៃសុក្រនិយាយថា ម្ចាស់ស្ថានីយទូរទស្សន៍មានពេលរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ដើម្បីអនុវត្តតាមបទបញ្ជានេះ និងព្រមានថា ក្រុមហ៊ុនណាដែលមិនអនុវត្តតាម នឹងត្រូវដកហូតអាជ្ញាប័ណ្ណ។
លោក កាញា៉រិទ្ធ បានមានប្រសាសន៍ថា “ប្រសិនបើគេមិនបញ្ចាំងខ្សែភាពយន្តខ្មែរ គេអាចបញ្ចាំងកម្មវិធីកីឡា [កម្ពុជា] ឬប្រដាល់ខ្មែរ ឬការសម្ដែងនានាដោយសិល្បករសិល្បការិនីរបស់យើង”។
លោកបានបន្ថែមថា នៅពេលលោកបានធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មានដំបូងនៅឆ្នាំ១៩៩៣ លោកបានព្យាយាមកម្រិតការផ្សាយកម្មវិធីបរទេសមកនៅត្រឹម៤០ភាគរយនៃមាតិកាព័ត៌មានទូរទស្សន៍ទាំងអស់ ប៉ុន្តែថា ឧស្សាហកម្មកម្សាន្តក្នុងស្រុកមានតិចពេកនៅពេលនោះមិនអាចឲ្យការផ្ដើមគំនិតនេះធ្វើទៅបានទេ។
លោក សោម ឆាយ៉ា នាយករងស្ថានីយទូរទស្សន៍ PNN ជាស្ថានីយទូរទស្សន៍មួយដែលបើកដោយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចកាលពីខែកក្កដា បាននិយាយថា ការប៉ុនប៉ងថ្មីនេះរបស់ក្រសួងដើម្បីលើកស្ទួយផលិតកម្មក្នុងស្រុក នឹងបង្ហាញថាមិនអាចចាក់ផ្សាយស្មើគ្នា យ៉ាងហោចណាស់ចំពោះស្ថានីយរបស់លោកដែរ។
លោកបានសួរបែបវោហារសាស្ត្រថា “ តើអ្វីជាគុណភាពនៃផលិតកម្មខ្មែរ? ហើយប្រទេសកម្ពុជាអាចផលិតបានគ្រប់គ្រាន់ដើម្បីបញ្ចាំងរយៈពេល២ម៉ោងនៅតាមគ្រប់ស្ថានីយទូរទស្សន៍ឬទេ?”។
លោក ឆាយ៉ា បាននិយាយថា ទូរទស្សន៍ PNN បានជាប់កិច្ចសន្យារយៈពេល១ឆ្នាំជាមួយស្ថានីយទូរទស្សន៍ថៃមួយដើម្បីផ្សាយភាពយន្តថៃអំឡុងពេលមានមនុស្សមើលច្រើននេះ។
លោកបាននិយាយថា “យើងនឹងស្នើឲ្យក្រសួងព័ត៌មានអនុញ្ញាតឲ្យយើងផ្សាយខ្សែភាពយន្តខ្មែរពីម៉ោង៧យប់ដល់ម៉ោង៨យប់ ហើយផ្សាយខ្សែភាពយន្តបរទេសពីម៉ោង៨យប់ដល់ម៉ោង៩យប់”៕ និត