កាលពីចុងសប្ដាហ៍កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានលើកឡើងជាថ្មីម្ដងទៀតអំពីលទ្ធភាពដែលរដ្ឋាភិបាលអនាគតរបស់គណបក្សសង្គ្រោះជាតិ អាចនឹងធ្វើការបែងចែកឡើងវិញនូវដីដែលរឹបអូសបានពីអ្នកមានឲ្យទៅអ្នកក្រ ដើម្បីកែតម្រូវករណីចាប់យកដីធ្លីក្រោមរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានលើកឡើងថា គណបក្សសង្គ្រោះជាតិ អាចនឹងបង្កឲ្យមានសង្គ្រាមស៊ីវិលតាមរយៈការរឹបអូសដីធ្លីពី “សត្រូវវណ្ណៈ” របស់ខ្លួន ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។ ប៉ុន្តែលោក សម រង្ស៊ី បានឆ្លើយតបទៅវិញថា ការរឹបអូសដីធ្លីដែលលួចប្លន់ពីប្រជាពលរដ្ឋ នឹងត្រូវបង្គាប់ដោយតុលាការឯករាជ្យតែមួយគត់។
ថ្លែងនៅឯវេទិកាសាធារណៈមួយក្នុងស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី បានសន្យាថា អ្នកដែលបានក្លាយជាជនរងគ្រោះដោយសារការចាប់យកដីធ្លីយ៉ាងរាលដាលក្រោមការឃ្លាំមើលរបស់លោក ហ៊ុន សែន នឹងទទួលបានដីធ្លីរបស់ខ្លួនវិញក្រោមឋានៈលោកជានាយករដ្ឋមន្ត្រី។
លោកបានមានប្រសាសន៍ថា “[គណបក្សសង្គ្រោះជាតិនឹង] ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ហើយប្រមូលដីធ្លីដែលក្រុមហ៊ុន និងឧកញ៉ាបានលួចប្លន់ពីប្រជារាស្ត្រដើម្បីប្រគល់ជូនម្ចាស់ដើមវិញ”។
ហើយលោកបានច្រានចោលទស្សនៈដែលយល់ឃើញថា ការរឹបអូសដីធ្លីបែបនេះ អាចបង្កឲ្យមានសង្គ្រាមរវាងបណ្ដាឧកញ៉ាដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ លោកបានគូសបញ្ជាក់ថា ”យើងមិនចាត់ទុកខ្មែរណាម្នាក់ជាសត្រូវទេ ហើយនេះជាគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះ នៅពេលយើងមិនចាត់ទុកនរណាម្នាក់ជាសត្រូវ យើងក៏គ្មានសត្រូវដែរ ហើយនឹងគ្មានសង្គ្រាមនោះទេ។ តើឲ្យយើងធ្វើសង្គ្រាមយ៉ាងម៉េច? ធ្វើជាមួយនរណា? ពីព្រោះយើងគ្មានសត្រូវផង”។
នៅក្នុងសុន្ទរកថារបស់លោកកាលពីសប្ដាហ៍មុន លោក ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រទូសរ៉ាយរបស់គណបក្សសង្គ្រោះជាតិ ចំពោះប្រទេសវៀតណាម ដែលបានលេចចេញឡើងក្នុងយុទ្ធនាការរបស់គណបក្សនេះដើម្បីបញ្ចប់ការឈ្លានពានព្រំដែន អាចនឹងបង្កឲ្យមានសង្គ្រាម។
ទោះជាយ៉ាងណា ការអះអាងបែបនេះត្រូវបានលោក សម រង្ស៊ី ច្រានចោល ដោយលោកមានប្រសាសន៍ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងទាមទារឲ្យសងទឹកដីត្រឡប់មកវិញតែតាមរយៈការទូត និងការដាក់សម្ពាធអន្តរជាតិប៉ុណ្ណោះ។
លោកបានលើកឡើងបន្តថា “យើងត្រូវតែដាក់សម្ពាធ និងរំឭកសហគមន៍អន្តរជាតិឲ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនតាមរយៈការទូត នយោបាយ និងសេដ្ឋកិច្ច ដើម្បីបង្ខំឲ្យប្រទេសដែលលេបត្របាក់ទឹកដីរបស់យើង ប្រគល់មកវាឲ្យកម្ពុជា វិញតាមមធ្យោបាយសន្តិវិធី”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា ការលើកឡើងរបស់លោក ហ៊ុន សែន អំពីការចាត់ទុកឧកញា៉ជាសត្រូវរបស់គណបក្សសង្គ្រោះជាតិ គឺជារឿងត្រឹមត្រូវ ទោះបីជាលោក សម រង្ស៊ី ចង់ពណ៌នាថា គណបក្សរបស់លោកគ្មានការប្រទូសរ៉ាយជាមួយបណ្ដាអ្នកមានឥទ្ធិពលក្នុងវិស័យឯកជនក៏ដោយ។
អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែមទៀតថា “[លោក សម រង្ស៊ី] ចាត់ទុកឧកញ៉ា និងវិនិយោគិនទាំងអស់ជាសត្រូវរបស់គណបក្សសង្គ្រោះជាតិ ពីព្រោះនៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស គណបក្សសង្គ្រោះជាតិ នឹងលុបចោលរាល់កិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការវិនិយោគ ហើយរឹបអូសដីធ្លីពីអ្នកមានដើម្បីប្រគល់ឲ្យអ្នកក្រ។ នេះមិនខុសគ្នាពីគោលនយោបាយរបស់ខ្មែរក្រហម និង ប៉ុល ពត នោះទេ។ ទី២ គាត់មានគំនិតជាតិនិយមចង្អៀតចង្អល់ ហើយចាត់ទុកប្រទេសជិតខាងជាសត្រូវ។ មូលហេតុសំខាន់ៗទាំងនេះនឹងបង្កឲ្យមានសង្គ្រាម មិនមែនគណបក្សប្រជាជនជាអ្នកបង្កសង្គ្រាម នៅពេលគណបក្សប្រជាជនចាញ់ឆ្នោតនោះទេ”។
សូមបញ្ជាក់ថា លោក ហ៊ុន សែន គឺជាមន្ត្រីយោធាមួយរូបរបស់ខ្មែរក្រហម មុនពេលលោករត់ចោលជួរក្នុងឆ្នាំ១៩៧៨ ហើយក្រោយមកក៏បានឡើងកាន់តំណែងជាប្រមុខដឹកនាំនៃរបបកុម្មុយនីស្តក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ចំណែកឯលោក សម រង្ស៊ី គឺជាធនាគារិកវិនិយោគនៅក្នុងប្រទេសបារាំង មុនពេលលោកចូលប្រឡូកនយោបាយក្នុងប្រទេសកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយគណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិច។
នៅក្នុងបទសម្ភាសន៍មួយកាលពីសប្ដាហ៍មុន ប្រធានគណបក្សប្រឆាំងរូបនេះ បានមានប្រសាសន៍ថា ការអះអាងរបស់លោក ហ៊ុន សែន ថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិអាចបង្កឲ្យមានសង្គ្រាមថា “ជ្រុលនិយម” ហើយបានថ្លែងថា ការរឹបអូសដីធ្លីពីបណ្ដាឧកញ៉ា នឹងត្រូវធ្វើឡើងដោយនីតិវិធីត្រឹមត្រូវ។
លោក សម រង្ស៊ី លើកឡើងបន្តថា “នេះគឺជាកិច្ចការរបស់តុលាការឯករាជ្យទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីដែលលួចប្លន់ពីប្រជារាស្ត្រក្រីក្រ ហើយអាចនឹងមានការស៊ើបអង្កេតដោយតុលាការឯករាជ្យនៅថ្ងៃអនាគត។ យើងនឹងទុកវាឲ្យប្រព័ន្ធយុត្តិធម៌ជាអ្នកដោះស្រាយ”។
លោក ស្តេហ្វិន ហ៊ីកហ្គីនស៍ (Stephen Higgins) ជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុន ”ដៃគូយុទ្ធសាស្ត្រមេគង្គ” (Mekong Strategic Partners) ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សាជីវកម្ម បានលើកឡើងនៅក្នុងអុីម៉េលមួយថា សំណើរបស់លោក សម រង្ស៊ី សុំឲ្យមានតុលាការដីធ្លី អាចនឹងបង្កការភ័យខ្លាចដល់បណ្ដាវិនិយោគិន ប្រសិនបើវិសាលភាពរបស់តុលាការមួយនេះធំធេង។
លោកបានមានប្រសាសន៍ថា ”សម្រាប់វិនិយោគិន រឿងសំខាន់មួយដែលពួកគេសម្លឹងចង់បាន គឺការការពារសិទ្ធិអចលនទ្រព្យ។ ប្រសិនបើពួកគេស្នើឲ្យរឹបអូសដីធ្លី ទោះបីជាដីនោះត្រូវបានលក់បន្តដោយភាពស្មោះត្រង់ឲ្យទៅវិនិយោគិនផ្សេងទៀតក៏ដោយនោះ វានឹងក្លាយជាភាពអវិជ្ជមានធំមួយសម្រាប់បរិយាកាសវិនិយោគ។ ប្រសិនបើដីដែលត្រូវបានរឹបអូសមិនត្រឹមត្រូវ មិនទាន់លក់ចេញបន្តទេ ពេលនោះខ្ញុំគិតថា អ្នកគ្រប់គ្នានឹងមិនបារម្ភខ្លាំងពេកទេចំពោះការរឹបអូសដីធ្លីក្រៅតែពីភាគីដែលជាប់ពាក់ព័ន្ធផ្ទាល់”។
លោក ចន ហាំហ្វ្រី (John Humphreys) នាយក ”វិទ្យាស្ថានស្រាវជ្រាវអាជីពដើម្បីការគ្រប់គ្រង និងសេដ្ឋកិច្ច” (Professional Research Institute for Management and Economics) បានមានប្រសាសន៍ថា សិទ្ធិអចលនទ្រព្យក្នុងប្រទេសកម្ពុជា ហាក់ដូចជាមិនទៀងទាត់ស្រាប់ទៅហើយសម្រាប់អ្នកដែលសម្លឹងចង់វិនិយោគនៅទីនេះ។
លោកបានលើកឡើងទៀតថា ”ប្រសិនបើគណបក្សសង្គ្រោះជាតិ គំរាមធ្វើឲ្យប៉ះពាល់សិទ្ធិអចលនទ្រព្យ ឬធ្វើវិសោធនកម្មច្បាប់ភ្លាមៗនោះ កំណើនសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះ។ ផ្ទុយទៅវិញ ប្រសិនបើគណបក្សសង្គ្រោះជាតិ ប្រកាសគោលនយោបាយកំណែទម្រង់ដីធ្លីដែលមានលក្ខណៈលម្អិត និងសម្អាងលើហេតុការណ៍ដែលគេអាចយល់ច្បាស់ នោះវាប្រហែលជាគ្មានឥទ្ធិពលលើហានិភ័យនយោបាយទេ។ កំណែទម្រង់ដីធ្លីដែលមានការគ្រប់គ្រងដោយប្រុងប្រយ័ត្ន និងនិយមកណ្ដាល មិនធ្វើឲ្យបណ្ដាវិនិយោគិនភ័យខ្លាចឡើយ ហើយវាប្រហែលជាមានឥទ្ធិពលវិជ្ជមានរយៈពេលវែង។ នៅក្នុងស្ថានភាពនេះ វាសំខាន់ណាស់ដែលគណបក្សសង្គ្រោះជាតិ ត្រូវបង្ហាញគោលនយោបាយលម្អិតឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយភាពមិនប្រាកដប្រជា”។
ទាក់ទិននឹងបញ្ហានេះ លោក អ៊ូ វីរៈ ស្ថាបនិក “វេទិកាអនាគត” (Future Forum) ដែលជាអង្គការវិភាគ និងស្រាវជ្រាវនយោបាយ បានមានប្រសាសន៍ថា តាមរយៈការលើកឡើងអំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុដែលកើតចេញពីជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨ លោក ហ៊ុន សែន បាននិងកំពុងប្រើប្រាស់កម្លាំងរបស់លោក។
លោកបានថ្លែងថា “លោក ហ៊ុន សែន កំពុងលេងនយោបាយ១០១របស់គណបក្សប្រជាជន។ នៅក្នុងឆ្នាំ២០១៣ គាត់អាចបំភ័យមនុស្សបានមួយចំនួនដែលចង់បានការផ្លាស់ប្ដូរ។ សារបោះឆ្នោតដើម្បីការផ្លាស់ប្ដូរ ប៉ុន្តែមិនទទួលបានការផ្លាស់ប្ដូរដែលអ្នកចង់បាន ហើយផ្ទុយទៅវិញបែរជាមានសង្គ្រាម ទទួលបានជោគជ័យមួយចំនួន”។
រហូតមកទល់ពេលេនះ លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា វាមិនទាន់មានភាពច្បាស់ទេថា តើតុលាការទទួលបន្ទុកដោះស្រាយបញ្ហាចាប់យកដីធ្លីដែលបង្កើតឡើងដោយគណបក្សសង្គ្រោះជាតិ ពិតជាអាចបង្កផលប៉ះពាល់ដល់សន្តិភាព ឬសេដ្ឋកិច្ចជាតិរបស់ប្រទេស ឬយ៉ាងណានៅឡើយទេ។លោកបានបន្តថា “យើងមិនដឹងថា តុលាការបែបនេះនឹងដំណើរការបានយូរប៉ុណ្ណាទេ។ ហើយរឿងមួយគឺថា កម្ពុជា គ្មានក្រុមហ៊ុនសហគ្រាសច្រើនទេ ហើយយើងក៏គ្មានវិនិយោគិនច្រើនដែរ”៕ សុខុម