ក្រុមមន្ត្រីបាននិយាយថា ស្ត្រីជំនួញម្នាក់និងជាភរិយារបស់ឧត្តមសេនីយ៍យោធា ដែលត្រូវបានចាប់ខ្លួន នៅពេលស្ត្រីរូបនេះចូលហាងលក់ផ្លែឈើមួយកន្លែងក្នុងក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ ទទួលបានការដោះលែងឲ្យនៅក្រៅឃុំក្នុងខេត្តកំពង់ធំកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបង់ប្រាក់ធានា៥០.០០០ដុល្លារ។
យោងតាមលោក ជា ពឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាននិយាយថា អ្នកស្រី ម៉ែន សោភ័ណ អាយុ៣៥ឆ្នាំ រងការប្តឹងផ្តល់ពីសំណាក់ប្រជាជនរាប់រយគ្រួសារក្នុងស្រុកបារាយ ខេត្តកំពង់ធំ ដែលអះអាងថា អ្នកស្រីមិនបានបង់ប្រាក់ឲ្យពួកគាត់សម្រាប់ថ្លៃដីប្រហែល២០០ហិកតា ដែលអ្នកស្រីបានព្រមព្រៀងទិញក្នុងឆ្នាំ២០១៤។
លោកបាននិយាយថា ការចាប់ខ្លួនកាលពីថ្ងៃសៅរ៍គឺផ្អែកលើបណ្តឹងមួយរបស់តំណាងគ្រួសារជាច្រើនទាក់ទិននឹងសែកក្លែងក្លាយ៥០.០០០ដុល្លារ ដែលចេញដោយអ្នកស្រី សោភ័ណ ដែលបានបង់ប្រហែល១០ភាគរយនៃប្រាក់សន្យាបង់ប្រហែល៣០០.០០០ដុល្លារសម្រាប់ថ្លៃដី មុនពេលបញ្ឈប់កិច្ចសន្យា។
លោកបាននិយាយថា “យើងបានឃើញស្ត្រីរូបនេះដើរចូលហាងលក់ផ្លែឈើនៅម៉ោងប្រហែល៤និង៣០នាទីល្ងាច ហើយយើងបានអានដីកាតុលាការឲ្យស្ត្រីនេះស្តាប់។ បន្ទាប់មកយើងបាននាំគាត់មកខេត្តកំពង់ធំនាថ្ងៃដដែលនោះ”។
លោកបានឲ្យដឹងទៀតថា “យើងបានចាប់ខ្លួនស្ត្រីរូបនេះ ពីព្រោះគាត់បានចេញសែកក្លែងក្លាយឲ្យអ្នកប្តឹងពីរនាក់”។ លោកបានបន្ថែមថា អ្នកស្រី សោភ័ណ ជាភរិយារបស់លោក សៅ វ៉ាន្នី ឧត្តមសេនីយ៍ត្រី ក្នុងកងពលតូច៧០របស់កងយោធពលខេមរភូមិន្ទ។
លោក ពឿន បានប្រាប់ឈ្មោះអ្នកប្តឹង គឺ អ៊ុក វ៉ន និង ទូច ផានិត ជាតំណាងនៃគ្រួសាររងគ្រោះ។
លោកបាននិយាយថា “ស្ត្រីរូបនេះបានទិញដីពីអ្នកភូមិ ហើយគាត់បានចេញសែកដែលមានតម្លៃ៥០.០០០ដុល្លារទៅឲ្យដើមបណ្តឹងទាំងពីរនាក់ ប៉ុន្តែ នៅពេលពួកគេយកសែកនោះទៅបើកប្រាក់ពីធនាគារ ធនាគារប្រាប់ពួកគាត់ថា សែកហ្នឹងអត់មានប្រាក់ទេ”។
លោក វ៉ន និង លោក ផានិត មិនអាចទាក់ទងបានទេ។
ក៏ប៉ុន្តែ លោក ភូ សេង មេឃុំបារ៉ាយ បាននិយាយថា អ្នកទាំងពីរតំណាងឲ្យទាំងគ្រួសារទាំងអស់នោះ ទាំងក្រុមហ៊ុន អុឹម ប៊ុនថន ដែលឥឡូវនេះគ្រប់គ្រងដីនោះចាប់តាំងពីមានកិច្ចព្រមព្រៀងដែលអ្នកស្រី សោភ័ណ បានព្យាយាមសម្របសម្រួល បានបរាជ័យទៅហើយនោះ។
លោក សេង បាននិយាយថា “ក្រុមហ៊ុនឥឡូវកំពុងកាន់កាប់ដីទាំងអស់ ពីព្រោះ ម៉ែន សោភ័ណ មិនទាន់បានបង់ប្រាក់ឲ្យក្រុមហ៊ុននេះវិញ”។ លោកបានបន្ថែមថា ពីមុន ក្រុមហ៊ុនបានប្រគល់ប្រាក់កក់ថ្លៃដីនោះ។
លោកបាននិយាយទៀតថា “ប្រសិនបើអ្នកភូមិចង់បានដីនោះវិញ ពួកគេត្រូវប្រគល់ប្រាក់កក់ឲ្យក្រុមហ៊ុន អឹុម ប៊ុនថន វិញ”។
លោក ហេង ចាន់បូរិន ចៅក្រមស៊ើបអង្កេតនៅតុលាការខេត្ត បាននិយាយថា អ្នកស្រី សោភ័យ ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ រង់ចាំការជំនុំជម្រះ ហើយហាមប្រាមជាបណ្តោះអាសន្នមិនឲ្យធ្វើដំណើរចេញពីប្រទេសទេ។
លោកចៅក្រមបាននិយាយថា “ខ្ញុំបានដោះលែងស្ត្រីរូបនេះឲ្យនៅក្រៅឃុំនារសៀលនេះ ប៉ុន្តែ យើងបានតម្រូវឲ្យគាត់កក់ប្រាក់សុំនៅក្រៅឃុំចំនួន៥០.០០០ដុល្លារ”៕ និត