គណៈមេធាវីកម្ពុជាបានច្រានចោលការរិះគន់យ៉ាងខ្លាំងអំពីឯករាជភាព និងក្រមសីលធម៌របស់ខ្លួនពីសំណាក់គណៈមេធាវីអន្តរជាតិ(IBA)ដែលបានសួរអំពីសមាជិកភាពរបស់កម្ពុជានៅក្នុងក្រុមពិភពលោកនេះដោយហៅការវាយតម្លៃនេះថា ជា “ការប្រមាថ” គ្មានមូលដ្ឋានត្រឹមត្រូវ។
បន្ទាប់ពី់អ្នកជំនាញផ្នែកច្បាប់មួយក្រុម បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា វិទ្យាស្ថានសិទ្ធិមនុស្សរបស់ IBA នេះ កាលពីសប្ដាហ៍មុន បានចេញសេចក្ដី ថ្លែងការណ៍មួយស្ដីអំពីប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា ដោយចោទប្រកាន់គណៈមេធាវីនេះថាបានគំាទ្របេក្ខជនគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ធ្វើជាសមាជិកភាព ដោយធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានឥទ្ធិពលលើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងទទួលសំណូកជាថ្នូរនឹងកន្លែងផ្សេងៗនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលនានា។ ក្នុងចំណោមអនុសាសន៍របស់របាយការណ៍នេះ គឺពិនិត្យមើលសមាជិកភាពគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងIBA។
កាលពីសប្ដាហ៍មុន លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នេះ ពីព្រោះ លោកមិនទាន់បានអានរបាយការណ៍នេះនៅឡើយ។ ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ គណៈមេធាវីកម្ពុជាបានវាយបកវិញនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួន ដោយច្រានចោលរបាយការណ៍នេះថា ជាការងាររបស់ “ភ្ញៀវទេសចរ” ដែលទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។
សេចក្ដីថ្លែងការណ៍ដដែលនេះលើកឡើងថា ”ក្រុមការងាររបស់វិទ្យាស្ថាននេះមិនបានប្រមូលព័ត៌មានដើម្បីធ្វើសេចក្ដីរាយការណ៍ឲ្យស្របតាមស្ថានភាពជាក់ស្ដែងឡើយ ប៉ុន្តែគ្រាន់តែបានមកធ្វើទស្សនកិច្ច និងថតចម្លងព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ និងរបាយការណ៍ចាស់ៗតែប៉ុណ្ណោះ។របាយការណ៍នេះធ្វើឡើងដោយមានការសន្និដ្ឋានទុកជាមុនដែលវាមិនត្រឹមត្រូវ និងលម្អៀងយ៉ាងខ្លាំង ហើយមានបំណងបំផ្លាញអ្នកមានវិជ្ជាជីវៈផ្នែកច្បាប់ និងបំពុលបរិយាកាសសង្គមនៅក្នុងប្រទេសកម្ពុជា”។
យោងតាមរបាយការណ៍របស់ IBA បានឲ្យដឹងថា ក្រុមនេះបានប្រមូលព័ត៌មានរបស់ខ្លួនពីរបាយកាណ៍មុនៗ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ព្រមទាំងបទសម្ភាសន៍ផ្ទាល់ជាមួយមនុស្សជាង៤០នាក់ រួមមាន ចៅក្រម មេធាវី និងមន្ត្រីនៅក្រសួងយុត្តិធម៌ជាដើម។
សេចក្ដីថ្លែងការណ៍របស់គណៈមេធាវីកម្ពុជាមិនបានលើកឡើងពីការចោទប្រកាន់ពាក់ព័ន្ធការសូកបា៉ន់ទេ ប៉ុន្តែបដិសេធការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចមានឥទ្ធិពលលើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងគណៈមេធាវីតាមរយៈការហៅទូរស័ព្ទលួចលាក់ ហើយចាត់ទុកការអះអាងនេះថា ជា “ការប្រមាថធ្ងន់ធ្ងរ”។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា “គណៈមេធាវីមានស្វយ័តផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ដែលធ្វើឲ្យស្ថាប័ននេះឯករាជ្យដោយមានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងវិជ្ជាជីវៈនេះ។ មេធាវីគ្រប់រូបអាចឈរឈ្មោះជាបេក្ខជនសម្រាប់តួនាទីប្រធាន និងសមាជិកក្រុមប្រឹក្សាបានដោយមិនគិតដល់ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ។ ការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីគឺធ្វើឡើងតាមលក្ខណៈប្រជាធិបតេយ្យ និងតម្លាភាព”។
ទោះជាយ៉ាងណា គណៈមេធាវីកម្ពុជាទទួលស្គាល់ថា មានកង្វះមូលនិធិសម្រាប់ក្រុមអ្នកច្បាប់សាធារណៈបង្ខំឲ្យខ្លួនរឹតបន្តឹងសេវាកម្មរបស់ខ្លួនដោយផ្តោតទៅលើតែករណីព្រហ្មទណ្ឌប៉ុណ្ណោះ។
គណៈមេធាវីបញ្ចប់សេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយលើកឡើងថាខ្លួន “សោកស្ដាយ”ចំពោះអនុសាសន៍របស់របាយការណ៍នេះដែលថា សមាជិកភាពរបស់ប្រទេសកម្ពុជានៅក្នុង IBA គួរត្រូវពិនិត្យមើល ដែលអាចបណ្ដាលឲ្យមានការច្រានចោល។ IBA មិនបានលើកឡើងថា តើខ្លួននឹងអនុវត្តតាមអនុសាសន៍នេះឬយ៉ាងណានោះ ហើយមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយឡើយ៕ សារុន