កាលពីម្សិល មិញ លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបដិសេធការអះអាងនៅក្នុងតុលាការកាលពីសប្តាហ៍មុនដែលថា លោកធ្វើហួសពីសមត្ថកិច្ចរបស់ខ្លួន ដោយបញ្ជាឲ្យអង្គរក្សរបស់លោកអាំង មាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញដែលត្រូវបានដកចេញពីតំណែង ចុះទៅឆែកឆេរផ្ទះរបស់ឪពុកម្តាយជនជាប់សង្ស័យពីបទមនុស្សឃាតម្នាក់។
លោក ពេជ្រ ព្រហ្មមុនី អតីតអង្គរក្សរបស់ លោក អាំង មាលតី ធ្វើការអះអាងដូច្នេះអំឡុងការបើកសវនាការជំនុំជម្រះក្តីរបស់លោកពីបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈនៅសាលាដំបូងរាជធានីកាលពីថ្ងៃសុក្រ។ លោកត្រូវ បានចាប់ខ្លួនកាលពីខែកុម្ភៈ មិនយូរប៉ុន្មានបន្ទាប់ពីលោក អាំង មាលតី ត្រូវបានដកចេញ ពីតំណែងចំពេលមានការចោទប្រកាន់ថា មន្ត្រីតុលាការបានទទួលសំណូករាប់លានដុល្លារដើម្បីដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ អតីតមន្ត្រីនៅក្រសួងការពារជាតិដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតលោកឧកញ៉ា អឹុង ម៉េងជឺ ។
កាលពីថ្ងៃសុក្រ ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី បានលើកឡើងនៅក្នុងតុលាការថា ទាំងលោក អាំង មាលតី និងលោក ឱម យិុន ទៀង សុទ្ធតែបានណែនាំឲ្យលោកទៅចូលរួមនៅក្នុងការឆែកឆេវីឡារបស់ឪពុកម្តាយលោក ថោង សារ៉ាត់ ក្នុងរាជធានីភ្នំពេញកាល ពីខែធ្នូដោយសង្ឃឹមថា នឹងអាចរកបានតម្រុយ ខ្លះៗពាក់ព័ន្ធនឹងជនជាប់សង្ស័យពីបទមនុស្សឃាតដែលពេលនោះកំពុងរត់គេចខ្លួន។
ឧត្តមសេនីយ៍ត្រីរូបនេះ មានប្រសាសន៍ ថា “នៅពេលនោះ ខ្ញុំបានសួរលោកទេសរដ្ឋមន្ត្រី ឱម យិុនទៀង ថាតើខ្ញុំគួរតែទៅចូលរួមក្នុងការឆែកឆេរដែរ ឬអត់។ គាត់បានបញ្ជាខ្ញុំឲ្យទៅឆែកឆេរ”។
នៅពេលទាក់ទងកាលពីម្សិលមិញ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានបដិសេធថា លោកមិនបានចេញបទបញ្ជាបែបនេះទេ។
លោកបានមានប្រសាសន៍ថា ”គាត់ចេះតែនិយាយ តើអ្នកឯងជឿគាត់ដែរ?”។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបេនះក៏បានច្រានចោលការដែលថា ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី បានធ្វើការចោទ ប្រកាន់លើរូបលោកក្នុងតុលាការផងដែរ។
លោកបានប្រាប់អ្នកព័ត៌មានថា “ខ្ញុំមិនជឿអ្នកឯងថា គាត់និយាយដូចហ្នឹងទេ។ អ្នកបានចូលស្តាប់សវនាការ តែអ្នកមិនមានសិទ្ធិយកអ្វីក្នុងសវនាការមកនិយាយទេ”។
អំឡុងពេលបើកសវនាការជំនុំជម្រះ ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី បានលើកឡើងថា លោក អាំង មាលតី បានណែនាំលោក ឲ្យទៅឆែកឆេផ្ទះនោះ ហើយឲ្យធ្វើជាស្និទ្ធស្នាលនឹងប្រពន្ធរបស់លោក ថោង សារ៉ាត់ ក្នុងគោលបំណងទទួលបានព័ត៌មានដែលអាចឈានទៅរកការចាប់ខ្លួនជនសង្ស័យ។
លោក អាំង មាលតី ត្រូវបានចាប់ខ្លួនកាលពីខែមុន ហើយត្រូវបានចោទប្រកាន់ពីបទកិបកេងពាក់ព័ន្ធនឹងការរឹបអូសយករថយន្តស៊េរីទំនើបមួយគ្រឿងពីអ្នកចែកចាយគ្រឿងញឿនម្នាក់ទៅឲ្យកូនប្រុសរបស់ខ្លួន។ កាលពីម្សិលមិញ មេធាវីរបស់លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសក្ខីកម្មរបស់ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី ឡើយដោយគ្មានការអនុញ្ញាតពីកូនក្តីរបស់លោក៕ ស៊ុយឈាង