28.4 C
Phnom Penh

​អ្នក​បើក​រថយន្ត​ BMW ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​បុកមនុស្ស​​​ស្លាប់​​​ ហើយ​​​​ព្យាយាមបើក​គេច​ខ្លួន ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា បុរស​​​អាយុ​​​២៨​​​ឆ្នាំ​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ក្នុង​​​​​​រាជ​ធានីភ្នំពេញ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ ​​​បន្ទាប់​​​ពី​​​​​​​​បើក​​​រថយន្ត​​​ BMW​​​ របស់​​​ខ្លួន​​បុក​​​បុរស​​​ពី​​​រនាក់​​​ជិះ​​​ម៉ូតូ​​​មួួ​យ​​​គ្រឿង​​​ បណ្តាល​​​ឲ្យ​​​អ្នក​​​រួម​​​ដំណើរ​​​ស្លាប់ និង​​​អ្នកបើក​​​បរ​​​រង​​​របួស​​​ធ្ងន់​​​ហើយ​​​បាន​​​ព្យាយាម​​​បើក​​​រត់​​​គេច​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​។

យោង​​​តាម​​​លោក សេង ចាន់ថន ​នាយ​ការិយាល័យ​​​សើុប​​​អង្កេត​នៃ​​នគរ​​​បាល​​​ចរាចរ​​​រាជ​​​​​​ធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​​​​​ឡើង​​​នៅ​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​ នៅម៉ោង​​​ប្រហែល​​​៩ និង​​​៣០​​​នាទីយប់​​​ នៅ​​​ពេល​​​ ផល្លា ​ឧត្តម អាយុ​​​​​២៨​​​ឆ្នាំ បាន​​​ដាក់​​មិត្ត​​​ភក្តិ​​​របស់​​​ខ្លួន​​​​​​ម្នាក់​​​ដែល​​​បាន​​​ផឹក​​​ស៊ី​​​ជាមួយ​​​គ្នា​​​កាល​​​ពី​​​ក្បាល​​​ព្រលប​់​ចុះ​​ ហើយ​បើក​​ត្រឡប់​មក​ផ្ទះវិញ​​​​បុក​ម៉ូតូ​​ពី​ក្រោយ​។

លោក ចាន់​​​ថន បាន​​​ថ្លែង​​​ថា “ជននេះ​បាន​​​បើក​​​បរ​​​តាម​​​ផ្លូវ​​​លេខ​​​១៩៨៦​​​ ពី​​​លិច​​​ទៅ​​​កើត ​​ហើយ​​​ខណៈ​​ឆ្លង​​​កាត់​​​មុខ​​​ក្លឹប​​​​​ Blue Zone ​​​ជន​​​នេះ​​​​​​បាន​​បើក​​​​ទៅ​​​បុក​​​​​​ម៉ូតូ​​​ Suzuki Smash​មួយ​គ្រឿង​ ពី​​​ក្រោយ”។

លោក​​​ថ្លែង​​​ថា ”អ្នក​​​រួម​​​ដំណើរ​​​បាន​​​ផ្លោង​​​ចេញ​​​ពី​​​ម៉ូតូ ហើយ​​​បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ រីឯ​​​អ្នក​​​បើក​​​បរ​​​រង​​​របួស​​​ធ្ងន់​​​” ​ដោយ​​​លោក​​​​​ពន្យល់​​​ថា អ្នក​​​រួម​​​ដំណើរ​​​ឈ្មោះ ថុន បញ្ញា ជា​​​កម្មករ​​​សំណង់​​​អាយុ​​​២៦​​​ឆ្នាំ​​​មិន​​​បាន​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ទេ​​​ ហើយ​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ប៉ះ​​​ទង្គិច​​​ក្បាល​​​ធ្ងន់​​​ធ្ងរ​​​ ចំណែក​​​អ្នក​​​បើក​​​បរ​​​ដែល​មិន​​​ទាន់​​​ស្គាល់​​​អត្ត​​​សញ្ញាណនៅឡើយនោះ បាន​​​​​​​រង​​​របួស​​​ធ្ងន់​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​គ្លីនិក​​​ឯកជន​​​។

លោក ចាន់​​​ថន ​​បាន​មាន​ប្រសាសន៍​បន្ថែម​​​​ថា បន្ទាប់​​​ពី ​ឧត្តម ​​​​​​បាន​​​បើករថយន្ត​​​​បុក​​​ម៉ូតូ​រួច​ ជន​​​នេះ​​​បាន​​​ព្យាយាម​​​​​បើក​​​រត់​​​គេច​​​ពី​​​កន្លែង​​​កើត​​​ហេតុ ប៉ុន្តែ ​ដោយ​​​​​មើល​​​ផ្លូវ​មិន​​​សូវ​ឃើញ​​​ ព្រោះម្សៅ​​​​​​ហុយ​​​ពេញ​​ក្នុង​​​រថយន្ត​​​របស់​​​ខ្លួន បន្ទាប់​​​​​​ពី​​​ផ្ទុះ​​​ពោង​​​នោះ​​​ ​​​​​​ជន​​​នេះ​​​​​បាន​បើក​​​រថយន្ត​​​បុក​​​រះ​​​យាន​យន្តជា​​​ច្រើន​​​គ្រឿង​​​ទៀត​ដែល​​​ចត​​​នៅ​​​តាម​​​ផ្លូវ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ជននេះ​​​​មើល​​​ផ្លូវ​​​មិន​​​ឃើញ​​​ ហើយ​​​បង្កើន​ល្បឿន​រថយន្ត​ទៅ​​​បុក​​​រថយន្ត​​​ឡង់​​​គ្រីស័រ មួយ​​​គ្រឿង​​ រថយន្ត​​​តូយូ៉តា​​​កាមរី​​​ពីរ​​​គ្រឿង​​​ និង​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ទៀត​​​ដែល​​​​​ចត​​​នៅ​​​ទី​​​នោះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​ចរាចរ​​​បាន​​​ចាប់​​​ខ្លួន ឧត្តម បន្ទាប់​​​ពីរថ​យន្ត​​​​​នេះ​អស់​ល្បឿន។

លោក ចាន់​​​ថន ​​​ថ្លែង​​​ថា ឧត្តម ធ្វើ​​​ការ​​​នៅ​ក្រុមហ៊ុន​​​ឯក​​​ជន​​​មួួ​​យ​​​ក្នុង​​​រាជធានីភ្នំពេញ ​ប៉ុន្តែ ថា​​​លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​នោះ​​​ទេ​​​។

លោ​​​កនិយាយ​​​ថា “យើង​​​បាន​​​ចោទ​​​ប្រកាន់​​​​ជន​​​នេះ​​​ពីបទ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន និង​​​បើក​​​បរ​​​ទាំង​​​ស្រវឹង​​​ បណ្តាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ និង​​​របួស​​​”។

លោក សែម គន្ធា អនុប្រធាន​​​នគ​​​របាល​​​ចរាចរ​​​​រាជធានី​​​បាន​​​ថ្លែង​​​ថា ឧត្តម កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​នៅ​​​ឡើយ​​​។ លោក​បាន​​​បន្ថែម​ថា “ថ្ងៃ​​​េនះ​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណង។ថ្ងៃ​​​ស្អែក​​​ យើង​​​នឹង​​​បញ្ជូន​​​ជន​​​នេះ​​​ទៅ​​​សាលា​ដំបូង​​​រាជធានី​​​ដើម្បីប្រឈម​​​​​​ការ​​​ចោទ​​​ប្រកាន់​​​”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស