នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសអាយុ២៨ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីបើករថយន្ត BMW របស់ខ្លួនបុកបុរសពីរនាក់ជិះម៉ូតូមួួយគ្រឿង បណ្តាលឲ្យអ្នករួមដំណើរស្លាប់ និងអ្នកបើកបររងរបួសធ្ងន់ហើយបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ។
យោងតាមលោក សេង ចាន់ថន នាយការិយាល័យសើុបអង្កេតនៃនគរបាលចរាចររាជធានីបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងខណ្ឌសែនសុខ នៅម៉ោងប្រហែល៩ និង៣០នាទីយប់ នៅពេល ផល្លា ឧត្តម អាយុ២៨ឆ្នាំ បានដាក់មិត្តភក្តិរបស់ខ្លួនម្នាក់ដែលបានផឹកស៊ីជាមួយគ្នាកាលពីក្បាលព្រលប់ចុះ ហើយបើកត្រឡប់មកផ្ទះវិញបុកម៉ូតូពីក្រោយ។
លោក ចាន់ថន បានថ្លែងថា “ជននេះបានបើកបរតាមផ្លូវលេខ១៩៨៦ ពីលិចទៅកើត ហើយខណៈឆ្លងកាត់មុខក្លឹប Blue Zone ជននេះបានបើកទៅបុកម៉ូតូ Suzuki Smashមួយគ្រឿង ពីក្រោយ”។
លោកថ្លែងថា ”អ្នករួមដំណើរបានផ្លោងចេញពីម៉ូតូ ហើយបានស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបររងរបួសធ្ងន់” ដោយលោកពន្យល់ថា អ្នករួមដំណើរឈ្មោះ ថុន បញ្ញា ជាកម្មករសំណង់អាយុ២៦ឆ្នាំមិនបានពាក់មួកសុវត្ថិភាពទេ ហើយបានស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ចំណែកអ្នកបើកបរដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់គ្លីនិកឯកជន។
លោក ចាន់ថន បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពី ឧត្តម បានបើករថយន្តបុកម៉ូតូរួច ជននេះបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ប៉ុន្តែ ដោយមើលផ្លូវមិនសូវឃើញ ព្រោះម្សៅហុយពេញក្នុងរថយន្តរបស់ខ្លួន បន្ទាប់ពីផ្ទុះពោងនោះ ជននេះបានបើករថយន្តបុករះយានយន្តជាច្រើនគ្រឿងទៀតដែលចតនៅតាមផ្លូវ។
លោកបានថ្លែងថា “ជននេះមើលផ្លូវមិនឃើញ ហើយបង្កើនល្បឿនរថយន្តទៅបុករថយន្តឡង់គ្រីស័រ មួយគ្រឿង រថយន្តតូយូ៉តាកាមរីពីរគ្រឿង និងម៉ូតូមួយគ្រឿងទៀតដែលចតនៅទីនោះ”។ លោកបានបន្ថែមថា នគរបាលចរាចរបានចាប់ខ្លួន ឧត្តម បន្ទាប់ពីរថយន្តនេះអស់ល្បឿន។
លោក ចាន់ថន ថ្លែងថា ឧត្តម ធ្វើការនៅក្រុមហ៊ុនឯកជនមួួយក្នុងរាជធានីភ្នំពេញ ប៉ុន្តែ ថាលោកមិនចាំឈ្មោះក្រុមហ៊ុននោះទេ។
លោកនិយាយថា “យើងបានចោទប្រកាន់ជននេះពីបទបើកបរក្នុងល្បឿនលឿន និងបើកបរទាំងស្រវឹង បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស”។
លោក សែម គន្ធា អនុប្រធាននគរបាលចរាចររាជធានីបានថ្លែងថា ឧត្តម កំពុងត្រូវឃុំខ្លួននៅប៉ុស្តិ៍នគរបាលនៅឡើយ។ លោកបានបន្ថែមថា “ថ្ងៃេនះយើងកំពុងធ្វើការជាមួយក្រុមគ្រួសារជនរងគ្រោះដើម្បីពិភាក្សាអំពីសំណង។ថ្ងៃស្អែក យើងនឹងបញ្ជូនជននេះទៅសាលាដំបូងរាជធានីដើម្បីប្រឈមការចោទប្រកាន់”៕ សារុន