បុរសបីនាក់បានស្លាប់ដោយសារការពុលគ្រាប់ស្លែងនៅក្នុងខេត្តកណ្ដាល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលួចផឹកស្រាថ្នាំសម្រាប់រឹតសរសៃរបស់ព្រះសង្ឃដែលច្រកក្នុងប៊ីដុង។
លោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាល បានមានប្រសាសន៍កាលពីម្សិលមិញថា បុរសមួយក្រុមមានគ្នាប្រាំនាក់មកពីខេត្តព្រៃវែង បានទៅដល់វត្តស៊ីធរ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ដើម្បីជួយរៃអង្គាសបច្ច័យចូលវត្ត ហើយដោយពេលនោះប្រទះឃើញប៊ីដុងចំណុះ១០លីត្រទំនងដូចស្រា ពួកគាត់ក៏ចាប់ផ្ដើមយកមកផឹក។
លោកមានប្រសាសន៍ទៀតថា បុរសទាំងនេះមិនបានដឹងថា ស្រានោះលាយជាមួយ “ស្លែង” ដែលប្រើសម្រាប់លាបរឹតដើម្បីកាត់បន្ថយការរមាស់ និងការឈឺចុកចាប់នោះទេ ហើយក៏បានផឹកថ្នាំរឹតនោះអស់កន្លះប៊ីដុង មុនពេលពួកគាត់ចាប់ផ្ដើមពុល។
លោកបានថ្លែងថា ”ពួកគាត់បានឃើញស្រាត្រាំផ្លែស្លែងរបស់ព្រះសង្ឃដែលជាថ្នាំបុរាណខ្មែរ សម្រាប់រឹតបន្ធូរការឈឺចុកចាប់។ ប៉ុន្តែពួកគាត់បែរជាយកវាទៅផឹក ហើយវាក៏ធ្វើឲ្យពួកគាត់ស្លាប់ និងពុលធ្ងន់ធ្ងរ”។
លោកមានប្រសាសន៍បន្តថា បុរសបីនាក់ក្នុងចំណោមបុរសទាំងនេះដែលមានអាយុចន្លោះពី៥៧ឆ្នាំដល់៦២ឆ្នាំ បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ចំណែកឯបុរសពីរនាក់ទៀតដែលនៅរស់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ហើយទំនងជាត្រូវគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញនៅថ្ងៃនេះ។
សូមបញ្ជាក់ថា ស្ទ្រីកនីន (Stychnine) គឺជាម្សៅសថ្លាឥតមានក្លិនចម្រាញ់ចេញពីរុក្ខជាតិម្យា៉ងឲ្យឈ្មោះថា ស្លែង ដែលមានប្រភពដើមនៅអាស៊ីខាងត្បូង។ កាលពីមុន គេធ្លាប់ផលិតវាជាថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺផ្សេងៗរបស់មនុស្ស ប៉ុន្តែបច្ចុប្បន្នគេប្រើប្រាស់វាភាគច្រើនជាថ្នាំសម្លាប់សត្វល្អិត៕ សុខុម