28.4 C
Phnom Penh

​សព​​បុរស​​អឺរ៉ុប​​​​​​​​ត្រូវគេ​​ប្រទះ​ឃើញ​ក្នុង​វ៉ាលិស​​អណ្ដែត​ទឹក​​ព្រែក​នៅ​​​ខេត្ត​កែប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​និយាយ​ថា សព​បុរស​​អឺរ៉ុប​ម្នាក់​​ដែល​មាន​ស្លាក​​ស្នាម​វាយ​ដំ ត្រូវ​បាន​ប្រទះ​​ឃើញ​​ក្នុង​​វ៉ាលិស​មាន​កង់​រុញ​​អណ្ដែត​​​ទឹក​ព្រែកក្បែរ​ព្រំដែន​វៀតណាម​ ក្នុង​ខេត្ត​កែប​​​កាល​ពី​ម្សិលមិញ ប៉ុន្តែ​រក​បាន​​ព័ត៌មាន​លម្អិត​តិច​តួច​ប៉ុណ្ណោះ​ពាក់​ព័ន្ធ​អត្តសញ្ញាណ​ជន​រងគ្រោះ​។

យោង​តាម​លោក អុីង សំអុល ស្នង​ការ​ខេត្ត​​​នេះបាន​ឲ្យ​ដឹង​ថា ​សាក​សព​​​បុរស​វ័យ​កណ្ដាល​ដែល​មាន​សភាព​ហើម​ស្អុយ​​នេះ ត្រូវ​បាន​​អ្នក​នេសាទ​​​បង្គា​ប្រទះ​ឃើញ​​នៅ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ​ ​​ដែល​​ដំបូង​​ឡើយ​​បាន​​ប្រទះ​ឃើញ​វ៉ាលិស​​​រុំ​ស្កុត​​ព័ទ្ធ​ជុំ​វិញ​ជា​ច្រើន​​ជាន់ បន្ទាប់​មក​ក៏​ឃើញ​ក្បាល​​​មនុស្ស​​លេច​ចេញ​មក​ក្រៅ។ ”​បន្ទាប់ពី​យើង​ពិនិត្យ​សាកសព​រួច យើង​​សន្និដ្ឋាន​ថា សព​នេះ​ជា​ជន​​​ជាតិ​អឺរ៉ុប”។ លោក​បន្ថែម​ថា សាក​សព​​​នេះ​​ស្លៀក​ខោ​ខ្លី និង​ពាក់​អាវ​យឺត​​ពណ៌​ខៀវ។

​លោក​​​​មាន​ប្រសាសន៍​បន្ត​ថា ​អ្នក​នេសាទ​បាន​ប្តឹង​ទៅ​​​នគរ​បាល​មូល​ដ្ឋាន ហើយ​​​នគរ​បាល​មូល​ដ្ឋាន​​​ក៏​បាន​​ហៅ​​នគរ​បាល​ខេត្ត​​ឲ្យ​មក​​​​ពិនិត្យ​សាក​សព​​បុរស​រង​គ្រោះ​ដែល​លោក​បាន​ប៉ាន់​ស្មាន​ថា​​មាន​អាយុ​​ប្រហែល៤៥​ឆ្នាំ។

លោក​ ម៉ី លីន ​មេឃុំ​អង្កោល ដែល​ត្រូវ​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​​ឲ្យ​ចុះ​​ទៅ​កន្លែង​កើត​ហេតុ​​​  មាន​​ប្រសាសន៍​ថា អ្នក​នេសាទ​​​​​​​បាន​​​​ឃើញ​​វ៉ាលិស​​​អណ្ដែត​​​ទឹក​​ព្រែក​ ហើយ​​ពីរ​នាក់​ក្នុង​ចំណោម​ពួកគេ​ចង់​​ស្រង់​វា​ឡើង​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “មនុស្ស​​​​​ពី​រនាក់​បាន​ហែល​ទឹក​ដើម្បី​ទាញ​វ៉ាលិស​​នោះ​​​ចូល​ខាង​​ ដោយមិន​ដឹង​ថា​មាន​អ្វី​នៅ​ខាង​ក្នុង​ទេ​។ បន្ទាប់​មក ​​ពេល​ពួកគេ​ក្រឡាប់​វា​ឡើង​ ក៏ប្រទះ​ឃើញ​​ក្បាល​សាក​សព​​លេច​ចេញ​មក​ក្រៅ​។ បន្ទាប់​មក​ទៀត ​​ពួកគេ​ក៏​បាន​ទាញ​វ៉ាលិស​ឡើង​ច្រាំង​។ បុរស​រងគ្រោះ​ត្រូវ​​​គេ​វាយ​ចំ​ថ្គាម​​ ថ្គាម​​បាន​បាក់​ ហើយ​ថ្ងាស​រង​របួស​​​​ធ្ងន់​​ធ្ងរ​។ ខ្ញុំ​គិត​ថា ​បុរស​រងគ្រោះ​​ត្រូវ​គេ​កាប់​នឹង​ពូថៅ​ ឬ​​វាយ​នឹង​ដែក​ជ្រុង​។ ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​សាកសព​មិន​អី​ទេ គឺ​របួស​តែ​ក្បាល​ប៉ុណ្ណោះ”។

លោក ស៊ុំ សុផាត ​នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​បាន​មាន​ប្រសាសន៍​ថា ដៃ​​បុរស​រងគ្រោះ​ក៏​រង​របួស​ដែរ​ ហើយ​​នគរ​បាល​នៅ​កន្លែង​កើត​ហេតុ​បាន​សន្និដ្ឋាន​ថា វា​ជា​ករណី​មនុស្ស​ឃាត​​​គិត​ទុក​ជាមុន​។

លោក​បាន​ធ្វើ​ការ​​គូស​បញ្ជាក់​ថា ”​ជន​រង​គ្រោះ​​ត្រូវ​គេ​វាយ​ចំ​ថ្ងាស​ [មាន​របួស] ​រយះ​​ប្រវែង​ប្រហែល​៦សង់ទីម៉ែត្រ។ ​ថ្គាម​ខាង​ឆ្វេង​​បាក់ កំភូន​ដៃ​ឆ្វេង​ក៏​រង​របួស​ដែរ​ ហាក់​ដូច​ជា​​ជន​រងគ្រោះ​​បាន​លើក​ដៃ​​រង​​ដើម្បី​ការ​​ពារ​ខ្លួន​​ នៅ​ពេល​ត្រូវ​​ជន​ល្មើស​​វាយ​។ នគរ​​​បាល​របស់​យើង​​​បាន​សន្និដ្ឋាន​ថា ជន​ល្មើស​​បាន​​រៀបគម្រោង​គិត​ទុក​ជាមុន​​ដើម្បី​សម្លាប់​ជន​រងគ្រោះ​ជា​យូរ​មក​ហើយ​ ពីព្រោះ​យើង​បាន​ពិនិត្យ​សាក​សព ហើយ​ឃើញ​​​ត្រចៀក​របស់​ជន​រងគ្រោះ​​មាន​ឆ្នុក​ជ័រ​នៅ​ក្នុង​នោះ​ ដើម្បី​​​ទប់​កុំ​ឲ្យ​​ឈាម​ហូរ​ចេញ​តាម​ត្រចៀក​។ ​​​ប្រសិន​បើ​ជន​ល្មើស​គ្មាន​គម្រោង​ជាយូរ​មក​ហើយ​ទេ ពួកគេ​មិនអាច​ប្រើ​ប្រាស់ [ឆ្នុក​] បែប​នេះ​បាន​ទេ​”។

លោក​​ស្នងការ​ខេត្ត អុីង សំអុល បាន​មាន​ប្រសាសន៍​ថា បុរស​រងគ្រោះ​មាន​កម្ពស់​ប្រហែល​​១,៨៥​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​​​​៨៥​គីឡូក្រាម​ ប៉ុន្តែ​គ្មាន​ឯកសារ​​ជាប់​ខ្លួន​ទេ​។ លោក​បាន​លើក​ឡើង​ថា ”​គាត់​​ត្រូវ​គេ​សម្លាប់​​នៅ​កន្លែង​ផ្សេង​ ហើយ​បន្ទាប់​មក​​សាក​​​សព​​ត្រូវ​គេ​យក​ទៅ​ទម្លាក់​ចោល​នៅ​ទីនោះ​។ ​ជើង​ និង​ដៃ​​របស់​សាកសព​​ត្រូវ​បាន​​កាច់​បត់​​ចូល​ក្នុង​វ៉ាលិស​ ហើយ​បន្ទាប់​មក​សព​ក៏​ត្រូវ​គេ​​ទម្លាក់​ចូល​​​​ព្រែក​នោះ​​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អង្កោល​។ យើង​​សន្និដ្ឋាន​ថា ជន​រងគ្រោះ​​ត្រូវ​គេ​សម្លាប់​លើស​ពី​ពីរ​ថ្ងៃ​ ពីព្រោះ​សាក​សព​​​​​​មាន​សភាព​ស្អុយ​រលួយ​។ ពេល​នេះ​យើង​​​​កំពុង​ស៊ើបអង្កេត​​ដើម្បី​ស្វែង​រក​ជន​ល្មើស​”។

ស្នងការ​ខេត្ត​រូប​នេះ​បាន​​លើក​ឡើង​​​​​​​ទៀត​​ថា លោក​បាន​​​ទាក់​ទង​ទៅ​នគរ​បាល​​ក្នុង​ខេត្ត​ព្រះសីហនុ និង​​​ខេត្ត​កំពត ​រួច​ហើយ​ ប៉ុុន្តែ​ពួកគេ​​​និយាយ​​ថា ខ្លួន​​​មិន​ដឹង​ថា​​មាន​ជន​បរទេស​​​ណា​​​ដែល​រស់​នៅ​​ក្នុង​តំបន់​របស់​ខ្លួន​​រយៈពេល​យូរ ​មាន​ភិន​​ភាគ​​​ដូច​គ្នា​​​នឹង​ភិន​ភាគ​បុរស​រងគ្រោះ​ទេ​។

លោក​​មាន​ប្រសាសន៍​បន្ត​ថា ​សាក​សព​ត្រូវ​​​បាន​បញ្ចុះ​នៅ​ជិត​ទីបញ្ជាការដ្ឋាន​នគរ​បាល​ស្រុក​ ប៉ុន្តែ​ថា សាក​សព​​អាច​នឹង​ត្រូវ​គាស់​យក​​​ទៅ​កន្លែង​ផ្សេង​​​ ប្រសិន​បើ​​មាន​មិត្ត​ភក្ដិ ឬ​គ្រួសារ​មក​បញ្ជាក់​អះអាង​៕ សុខុម​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស