33 C
Phnom Penh

រដ្ឋាភិបាល​​​សម្រេច​​​ជំទាស់​​​នឹង​​​អភិបាល​​​ក្រុង​​​បាន​​​លុង​​​ ក្នុង​​​វិវាទ​​​ដី​​​ចំណី​​​ផ្សារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជម្លោះ​​​ដ៏​​​ជូរ​​​ចត់​​​មួយ​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​អភិវឌ្ឍ​​​ផ្សារ​​​ដ៏​សំខាន់​​​មួយ​​​ក្នុង​​​ក្រុង​​​បានលុង​​​ ខេត្ត​​​រតន គិរី​​​ដែល​សាក​​​​ល្បង​​​ភាព​​​ខ្លាំង​​​របស់​​​អភិបាល​​​ក្រុង​​​នេះ​​​ទល់​​​​​​នឹង​​​តំណាង​រាស្ត្រ​មួយ​​​រូប​​​ដែល មាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ ដោយ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ដោយ​​​គាំទ្រ​​​ដើម​​​បណ្តឹង​​​​​​ ជា​​​អ្នក​​​ជំនួញ​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុក​​​ស្តម្ភ​​​​​​ម្នាក់​​​ដែលទទួល​​​បាន​​​កិច្ច​​​សន្យា​​​អភិវឌ្ឍ​ផ្សារ​​​នេះ។

អ្នក​​​ជំនួញ​​​រូប​​​នេះ​​​ ដែល​​​មាន​​​ឈ្មោះ​​​ថា​សា លាង​ ត្រូវ​​​បាន​​​ផ្តល់​​​សិទ្ធិ​​​ឲ្យ​​​អភិវឌ្ឍ​ផ្សារ​​​នេះ មុន​​​ពេល​​​លោក អ៊ុក​​​ សំអុល អភិបាល​​​ក្រុង​​​បច្ចុប្បន្ន​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​។ ពេល​​​បាន​ឡើង​​​​កាន់​​​តំណែង ​​​លោក ​​​អ៊ុក សំអុល បាន​​​ព្យាយាម​​​គ្រប់​​​គ្រង​​​ផ្សារ​​​នេះ​​​ ហើយ​​​រឹប​​​អូស​​​ដី​​​ចំណី​​​ផ្សារ​​​នៅ​​​ជាប់​​​អគារ​​​​​​ដែល​​​ត្រូវ​​​បាន​​​ផ្តល់​​​​​​ទៅ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ដោយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​​ការ​​​តវ៉ា​​​ក្នុង​​​ចំណោម​​​អាជីវករ​​​។

សកម្មភាព​​​របស់​​​អភិបាល​​​ក្រុង​រូប​​​នេះ​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក សា លាង​ យក​​​ឈ្មោះ​​​លោក​​​ ប៊ូ ឡាំ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​ជា​​​ប្អូន​​​ប្រុស​​​របស់​​​​​​លោក ប៊ូ ថង​​​អតីត​​​រដ្ឋ​​​មន្ត្រី​​​ការ​​​ពារ​​​ជាតិ​​​​​​​ដ៏​​​មាន​​​អំណាច​​​មក​​​កាង​​​។ លោក ប៊ូ ឡាំ និង​​​លោក សា លាង​ បាន​​​ដាក់​​​​​​ពាក្យ​​​បណ្តឹង​​​រួមគ្នា​​​​កាល​​​ពី​​​ខែ​​​មេសា​​​ ទៅ​​​កាន​​​់​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ និង​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ដើម្បី​​​ប្តឹង​​​​​​លោក អ៊ុក​​​ សំអុល ។

ដោយ​ពន្យល់ពីការ​សម្រេច​ធ្វើ​អន្តរា​​​គមន៍​ លោក ប៊ូ ឡាំ បាន​​​លើក​​​ឡើង​​​នៅ​​​ពេល​​​នោះ​​​ថា “ប្រសិន​​​បើ​​​ចង់​​​វាយ​​​ឆ្កែ​​​ ត្រូវ​​​មើល​​​ម្ចាស់​​​វា​​​ជា​​​មុន​​​សិន​​​”។

យោង​​​តាម​​​សេចក្តី​​​សម្រេច​​​ចុះ​​​កាល​​​បរិច្ឆេទ​​​​​​​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កញ្ញា​​​ និង​​​ទទួល​​​បាន​​​កាល​​​ពីម្សិលមិញ ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​សម្រេច​​​គាំទ្រ​​​អ្នក​​​ជំនួញ​​​រូប​​​នេះ​​​។

ដី​​​ចំណី​​​ផ្សារ​​​ដែល​​​មាន​​​វិវាទ​​​នឹង​​​ត្រូវ​​​យក​​​ទៅ​ធ្វើ​​​ជា​​​ចំណត​​យាន​យន្ត​​​​​​តាម​​​គម្រោង​​​របស់​​​លោក សា លាង​ នេះ​​​បើ​​​យោង​​​តាម​​​សេចក្តី​​​សម្រេច​​​ដែល​​​ក៏​​​សម្រេច​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​គណៈកម្មការសើុបអង្កេត​​​​​​ដាច់​​​ដោយ​​​ឡែក​​​ចំនួន​​​ពីរ​​​ដោយស្ថិត​ក្រោម​​​ការ​​​មើលខុសត្រូវ​​​​របស់​​​ថ្នាក់​​​ខេត្ត​​​ និង​​​ថ្នាក់​​​ជាតិ​​​ដើម្បី​​​ធានា       ​​​ឲ្យ​​​បាន​​​ថាផ្សារ​​​នេះ​​​ត្រូវ​​​បាន​​​អភិវឌ្ឍ​​​ដោយ​​​ ត្រឹម​​​ត្រូវ​។

ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​បាន​​​លុប​​​ចោល​​​កិច្ច​​​សន្យា​​​ដែល​​​អភិបាល​​​ក្រុង​​​រូប​​​េនះ​​​​​​បាន​​​ធ្វើ​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ប្រមូល​​​សំរាម​​​មួយ​​​ផង​​​ដែរ​​​។​​​ប៉ុន្តែ ទី​​​ស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​បដិសេធ​​​មិន​​​ដោះ​​​ស្រាយ​​​ញត្តិ​​​ដាច់​​​ដោយឡែក​​​មួយទៀត​​​ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​បណ្តេញ​​​លោក អ៊ុក​​​ សំអុល​​​​​​ ចេញ​​​ពី​​​មុខ​​​តំណែង​​​ ដោយ​​​បង្វែរ​​​សំណួរ​​​ទៅ​​​ក្រសួង​​​​​​មហាផ្ទៃ។

លោក សា លាង​ លោក ប៊ូ ឡាំ និង​​​លោក ​​​អ៊ុក សំអុល មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ តែទោះ​​​ជា​​​យ៉ាង​​​ណា លោក​អភិ​​​បាល​​​រង​​​ខេត្ត ញ៉ែម​ សំអឿន ​បាន​​​លើក​​​ឡើង​​​​​​ថា អភិបាល​​​ក្រុង​​​រូបនេះ​​​នឹង​​​​​​​នៅតែ​រក្សា​​​តំណែង​​​របស់​​​លោក​​​​ដដែល។

លោក​​​បានមានប្រសាសន៍​​​ថា “យើង​​​នឹង​​​មិន​​​ដក​​​លោក អ៊ុក សំអុល អភិបាល​​​ក្រុង​​​បាន​​​លុង ពី​​​តំណែង​​​ឡើយ​​​ ព្រោះ​​​គាត់​​​មិនបាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​។ យើង​​​​​​គ្រាន់​​​តែ​​​អប់​​​រំ​​​គាត់​​​​​​ប៉ុណ្ណោះ​​​”៕​​​ ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស