កាលពីម្សិលមិញ នគរបាលខេត្តកែបបានទាក់ទងអាជ្ញាធរក្នុងរាជធានីភ្នំពេញ និងខេត្តទាំង២៣ផ្សេងទៀតក្នុងការព្យាយាមកំណត់អត្តសញ្ញាណបុរសជនជាតិស្បែកសម្នាក់ដែលសាកសពត្រូវបានប្រទះឃើញញាត់ចូលក្នុងវាលិសអណ្តែតក្នុងទឹកព្រែកកាលពីថ្ងៃច័ន្ទ ប៉ុន្តែមិនទាន់ឈានដល់ការដោះស្រាយករណីមនុស្សឃាតនេះនៅឡើយទេ។
វ៉ាលិសមានកង់រុញត្រូវបានអ្នកនេសាទបង្គាទាញឡើងមកលើច្រាំងនៅក្នុងស្រុកដំណាក់ចង្អើរ ដែលគេឃើញមានក្បាលលៀនចេញមកក្រៅ។
យោងតាមលោក អីុង សំអុល ស្នងការនគរបាលខេត្តបានឲ្យដឹងថា សាកសពនេះជាបុរសជនជាតិអឺរ៉ុបវ័យកណ្តាលស្លៀកខោខ្លី និងពាក់អាវយឺតពណ៌ខៀវ។ ស្នងការនគរបាលរូបនេះបានថ្លែងថា ថ្គាមសាកសពបានបាក់ ហើយក្បាលមានស្លាកស្នាមប៉ះទង្គិចយ៉ាងខ្លាំងបង្កឡើងដោយវត្ថុស្រួច រីឯត្រចៀកត្រូវគេយកឆ្នុកជ័រញ៉ុក។
លោក សំអុល បាននិយាយកាលពីម្សិលមិញថា ”ខ្ញុំបានទាក់ទងខេត្តទាំងអស់ព្រមទាំងរាជធានីភ្នំពេញផងដែរ ដើម្បីស្វែងរកអត្តសញ្ញាណជនរងគ្រោះ។ លោកបានថ្លែងថា មានតែស្ថានទូតអាមេរិកទេបានទាក់ទងមកយើងសួរនាំអំពីសាកសពនេះ”។
លោក ចាយ រ៉ាម៉ាន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាេមរិកបានមានប្រសាសន៍ថា ស្ថានទូត “បានទូរស័ព្ទជាញឹកញាប់” ទៅខេត្តកែប ហើយលោកបានបដិសេធមិនធ្វើអត្តាធិប្បាយបន្ថែមឡើយ។
លោក សំអុល បានថ្លែងថា លោកសង្ឃឹមថា ខណៈដែលព័ត៌មានបានផ្សព្វផ្សាយអំពីការរកឃើញសាកសពដែលហើមស្អុយរលួយនេះ មិត្តភក្តិ និងសាច់ញាតិប្រហែលជាមកផ្តល់ព័ត៌មានអំពីអត្តសញ្ញាណសាកសពនេះមិនខាន។
នគរបាលនៅតាមបណ្តាខេត្តជាប់ខេត្តកែបបានអះអាងថា ពួកគេត្រូវបានសុំឲ្យជួយក្នុងការសើុបអង្កេតនេះ ប៉ុន្តែ បានលើកឡើងថា ពួកគេមិនមានតម្រុយទេ។
លោក កុល ផល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា”រហូតមកទល់ពេលនេះ មិនមានសាច់ញាតិ ឬមិត្តភក្តិណាបានទាក់ទងមកនគរបាលអំពីករណីនេះឡើយ”។
លោក គង់ សុខន នាយការិយាល័យព្រហ្មទណ្ឌខេត្តកំពតបានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានចាប់ផ្តើមស្វែងរកតម្រុយហើយ។ យើងកំពុងព្យាយាមស្វែងរកអត្តសញ្ញាណជនរងគ្រោះនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ”។
ក្រុមមន្ត្រីនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញនិយាយថា គ្មាននរណាទាក់ទងមកពួកគេឡើយអំពីករណីនេះ៕សារុន